(ភ្នំពេញ)៖ តារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ លោក អាន គុណកូឡា ខណៈដែលទីផ្សារចម្រៀង ក្នុងស្រុកមានភាពមមាញឹកខ្លាំងគួរសម ជាពិសេសតាមឆាកប្រគំតន្រ្តីបណ្តាខេត្តនានា ថ្មីៗនេះ លោកត្រូវបានការអញ្ជើញ ចេញទៅច្រៀង-សម្តែង លើទឹកដីប្រទេសកូរ៉េ ជាមួយវត្តមានតារាស្រីស្រស់ស្អាត ពីររូប គឺកញ្ញា ដួង ម៉ានិច និងកញ្ញា ប៉ែន ស្រីពេជ្រ។
ដំណើរឆ្លងប្រទេស របស់តារាប្រុសរូបសង្ហា លោក អាន គុណកូឡា រួមជាមួយតារាស្រីកញ្ញា ដួង ម៉ានិច និង កញ្ញា ប៉ែន ស្រីពេជ្រ ទៅកាន់ប្រទេសកូរ៉េនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ។ ដំណើរចាកចេញពីស្រុកខ្មែរ ពីសំណាក់តារាចម្រៀង និងសម្តែងប្រុស-ស្រីខ្មែរទាំង៣ដួងនេះ ត្រូវបានការធានាដោយមជ្ឈមណ្ឌល ព្រះពុទ្ធសាសនាខ្មែរ ដែលបានរៀបចំកម្មវិធីជួបជុំគ្នា ជាគ្រួសារខ្មែរ នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ក្នុង គោលបំណងអបអរសាទរឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោក អាន គុណកូឡា បាននិយាយប្រាប់ឲ្យដឹងថា នេះជាលើកទី១ដែលលោក បានចេញទៅចម្រៀង-សម្តែង នៅប្រទេសក្រៅប្រទេស ហើយក៏ជារឿងមួយ ដ៏អស្ចារ្យសម្រាប់លោកផងដែរ អាចមានឱកាសចេញ ទៅបង្ហាញសមត្ថភាព នៅលើទឹកដីប្រទេសកូរ៉េ ដើម្បីចែកជូនពុកម៉ែបងប្អូន ពលករខ្មែររស់នៅទីនោះ បានរាំលេងកំសាន្តសប្បាយនា ឱកាសរដូវបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។
តារាចម្រៀងប្រុស លោក អាន គុណកូឡា បានបន្តថា «ខ្ញុំមានភាពសប្បាយរីករាយ និងរំភើបខ្លាំងចំពោះខ្លួនឯង ដែលបានឱកាសចូលរួមច្រៀង-សម្តែង លើទឹកដីប្រទេសកូរ៉េ ដោយមានការរួមដំណើរ ពីសំណាក់តារាស្រីពីរដួងផ្សេងទៀត គឺកញ្ញា ដួង ម៉ានិច និងកញ្ញា ប៉ែន ស្រីពេជ្រ។ ពួកគេយើងចេញទៅនេះ មានរយៈពេលស្នាក់នៅទីនោះ ត្រឹមតែ៥ថ្ងៃទេ នឹងត្រូវវិលត្រឡប់មក ដល់ស្រុកខ្មែរវិញ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦»។
ជាមួយគ្នានេះដែរ កញ្ញា ដួង ម៉ានិច និងកញ្ញា ប៉ែន ស្រីពេជ្រ ក៏បានបង្ហាញពីអារម្មណ៍ សប្បាយរីករាយដែរថា ពួកយើងទាំងពីរនាក់ក៏មិនខុសគ្នា ជាមួយបង អាន គុណកូឡា ដែរ ព្រោះនេះជាឱកាសលើកទី១សម្រាប់ពួកខ្ញុំ ដែលទទួលបានការធានាចេញ ទៅច្រៀង-សម្តែងរយៈពេល៥ថ្ងៃ ដើម្បីចែកជួនបងប្អូនពលករខ្មែរ រស់នៅទីនោះ បានរាំលេងកំសាន្តនារដូវចូលឆ្នាំខ្មែរ។ ដូច្នេះពួកខ្ញុំទាំងអស់គ្នា ក៏សង្ឃឹមថា នឹងត្រូវបានទទួលស្វាគមន៍ គាំទ្ររាក់ទាក់យ៉ាងកក់ក្តៅ ពីបងប្អូនខ្មែរកំពុងរស់នៅទីនោះ ព្រមជាមួយភាពជោគជ័យ វិលត្រឡប់មកស្រុកខ្មែរវិញ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី