CamNews

កីឡាជាតិ 

សៀវម៉ី តាំងចិត្តដល់អូឡាំពិក ឆ្នាំ២០២០ និងមិនទាន់គិតរឿងរៀបការ

(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានលើកឡើងថា ប្រសិនបើកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី មានស្វាមីហើយបញ្ឈប់ការហ្វឹកហាត់ គឺជារឿងគួរឲ្យសោកស្ដាយបំផុត ព្រោះនាងកំពុងតែរីកចម្រើន ទោះបីទើបបរាជ័យក្នុងការប្រកួតកីឡា Rio Olympic Games លើកទី៣១ នៅប្រទេសប្រេស៊ីលក៏ដោយ ។ ប៉ុន្ដែពាក់ព័ន្ធចំណុចនេះ សៀវម៉ី បានបញ្ជាក់ថា ថ្វីបើខ្លួនមានគម្រោងភ្ជាប់ពាក្យ ប៉ុន្ដែនាងមិនបោះបង់មហិច្ឆតាលេងកីឡានោះទេ ពោលគឺនាងតាំងចិត្តបន្ដការប្រកួត រហូតមានឱកាសជាថ្មី ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣២ នៅជប៉ុន នាឆ្នាំ២០២០ ។

អគ្គលេខាធិការ NOCC និងអតីតម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ អំឡុងពេលត្រឡប់មកពីចូលរួមប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីល ជាមួយនឹងប្រតិភូ និងអត្តពលិកកីឡាជម្រើសជាតិកម្ពុជា ៥នាក់ផ្សេងទៀត ដែលទើបធ្វើដំណើរមកដល់មាតុភូមិកាលពីយប់មិញ ស្របពេលអ្នកសារព័ត៌មានចោទជាសំណួរពាក់ព័ន្ធនឹងផែនការអនាគត របស់កីឡាករ ស៊ន សៀវម៉ី ដែលធ្លាប់បង្ហើបឲ្យដឹងពីគម្រោងភ្ជាប់ពាក្យ ជាមួយមន្ដ្រីរាជការម្នាក់ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិកលើកនេះ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា «ពាក់ព័ន្ធនឹងការភ្ជាប់ពាក្យ ឬមានគ្រួសារ គឺជារឿងផ្ទាល់ខ្លួន មិនអាចឃាត់ឃាំងបានឡើយ ប៉ុន្ដែ សៀវម៉ី មានចំណុចល្អ និងមានអនាគតវែងឆ្ងាយ ។ នេះជាបទពិសោធន៍ទី១ របស់ សៀវម៉ី ក្នុងការប្រកួតអូឡាំពិក តែបើនាងបញ្ចប់ការហ្វឹកហាត់របស់ខ្លួនពេលនេះ គឺហាក់មានការសោកស្ដាយណាស់ សម្រាប់ការខិតខំហ្វឹកហាត់កន្លងមក ។ ម្យ៉ាង សៀវម៉ី នៅមានកម្រិតអាយុទាប និងមានកម្ពស់ខ្ពស់ បើធៀបនឹងកីឡាការិនីដទៃ ដែលចូលរួមប្រកួតអូឡាំពិកលើកនេះ... ។ ដូច្នេះទោះបី សៀវម៉ី មានស្វាមីក៏ដោយ ប្រសិនបើគាត់នៅតាំងចិត្តធ្វើការហ្វឹកហាត់ គឺគាត់នៅតែមានប្រសិទ្ធភាព អញ្ចឹងយើងមិនសង្ឃឹមថា គាត់មិនបោះបង់នោះទេ ព្រោះនេះជាអាជីពរបស់គាត់ ហើយកំពុងដំណើរការទៅល្អទៀតផង» ។

ដោយឡែកកីឡាការិនី ដែលបំបែកកំណត់ត្រាប្រវត្តិសាស្ដ្ររយៈពេល ៦២ឆ្នាំ ក្នុងការប្រកួតដណ្ដើមបានសិទ្ធិពេញលេញ ចូលរួមប្រកួតកីឡាអូឡាំពិកលើកនេះ កញ្ញា ស៊ន សៀវម៉ី បាននិយាយថា ការបរាជ័យម្ដង គឺជាបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អ សម្រាប់ការប្រកួតបន្ដទៀត ពិសេសគឺគោលដៅអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុនតែម្ដង ។

ហេតុនេះទោះបីនាងមានគម្រោងភ្ជាប់ពាក្យក៏ពិតមែន ប៉ុន្ដែរឿងរៀបការ គឺកំពុងពិចារណានៅឡើយ ព្រោះនាងចង់សម្រេចមហិច្ឆតារបស់ខ្លួនសិន ។«ឥលូវនេះ ខ្ញុំមិនទាន់គិតទេ តែបើនិយាយពីរឿងរៀបការ ខ្ញុំទាល់តែចប់...បើសិនជាខ្ញុំមានឈ្មោះប្រកួតជម្រុះ ឬជាប់វគ្គជម្រុះនៃកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន គឺទាល់តែខ្ញុំបញ្ចប់បេសកកម្មរបស់ខ្ញុំដល់ឆ្នាំ២០២០សិន បានខ្ញុំរៀបការ» ។ នេះជាសម្ដីរបស់កញ្ញា សៀវម៉ី ។

គួរបញ្ជាក់ថា សម្រាប់បេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក Rio Olympic Games លើកដំបូង នៅទីក្រុង Rio ប្រទេសប្រេស៊ីល គឺកីឡាការិនី ស៊ន សៀវម៉ី ដែលជាក្ដីសង្ឃឹមធំជាងគេរបស់ថ្នាក់ដឹកនាំ ធ្វើមិនបានល្អនោះទេ ក្រោយប្រកួតចាញ់កីឡាការិនីហូឡង់ ដោយលទ្ធផល ៧-១ពិន្ទុ នៅក្នុងវគ្គជម្រុះជុំទី១ ។ បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាម កីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ បានបង្ហាញសារមួយនៅលើហ្វេកប៊ុកផ្លូវការរបស់ខ្លួន ដើម្បីសម្ដែងពីការឈឺចាប់ និងសោកស្ដាយ ប៉ុន្ដែនាងបានបញ្ជាក់ថា នឹងតាំងចិត្តយ៉ាងមុតមាំ ដើម្បីសងសឹកក្នុងការប្រកួតអូឡាំពិក លើកទី៣២ នាឆ្នាំ២០២០ នៅប្រទេសជប៉ុន ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង