CamNews

តារា 

បទ«ស្អាតជានិច្ច» របស់ ពេជ្រ សោភា និង ងួន ដេវីដ ត្រូវក្រសួងព័ត៌មាន ហាម​​មិន​ឲ្យ​ចាក់​ផ្សាយ

(ភ្នំពេញ)៖ បទចម្រៀងរបស់តារាចម្រៀង សម្បូររឿងមិនដាច់ អ្នកនាង ពេជ្រ សោភា និងតារារ៉េប លោក ងួន ច័ន្ទដេវីដ មានចំណងជើង​ថា «ស្អាតជានិច្ច» ក្នុងផលិតកម្មហង្សមាស ត្រូវបានក្រសួងព័ត៌មាន ចេញសេចក្ដីប្រកាស ហាមដល់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ មិនឲ្យចាក់ផ្សាយជាសាធារណៈ ព្រោះខ្លឹមសារ និងរូបភាពនៃការសម្ដែង បានប្រាសចាក ពីអត្ថន័យខ្លឹមសារ ដើមទាំងស្រុង។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន ដែលបានចុះហត្ថលេខា ដោយលោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មានសូមជម្រាបដល់ ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ កុំឲ្យចាក់ផ្សាយបទចម្រៀង របស់ផលិតកម្មហង្សមាស មានចំណងជើងថា«ស្អាតជានិច្ច» ច្រៀងដោយ អ្នកនាង ពេជ្រ សោភា និងតារារ៉េប លោក ងួន ដេវីដ​ ព្រោះខ្លឹមសារ និងរូបភាពនៃការសម្ដែង បានប្រាសចាកពីអត្ថន័យខ្លឹមសារដើមទាំងស្រុង នៃបទច្រៀង«ស្អាតជានិច្ច» ដែលបានអប់រំ បណ្ដុះគំនិត ប្រាជ្ញាស្មារតី ឲ្យកុមារឧស្សាហ៍ព្យាយាម រស់នៅស្អាត មានអនាម័យល្អគ្រប់ពេលវេលា គ្រប់ទីកន្លែង ទាំងនៅផ្ទះ និងនៅសាលារៀន ដើម្បីក្លាយខ្លួនជាកុមារគំរូ ជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ។

ក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា ចំណែកបទចម្រៀង «ស្អាតជានិច្ច» របស់ផលិតកម្មហង្សមាស ទាំងអត្ថន័យខ្លឹមសាររ៉េប (Rap) របស់ ឌីជេ ដេវីដ និងរូបភាពនៃការសម្ដែង បានបង្ហាញពីអត្តចរឹក ខ្ជិលច្រអូសរបស់កុមារម្នាក់ រៀននៅបឋមសិក្សា ធ្វើពុតជាឈឺក្បាល វិលមុខ និងក្ដៅខ្លួន សុំអ្នកគ្រូទៅផ្ទះគេចសាលាដើរលេង ហើយសិស្សផ្សេងទៀត មានអាកប្បកិរិយាមិនសមរម្យ លេងឈូសស្បែកជើង ស៊ីលុយនៅក្នុងសាលា ។ ចំណែកសិស្សខ្លះទៀត ធ្វើពលកម្មយកដៃកើបសំរាម ខ្វះអនាម័យ ដែលផ្ទុយពីអត្ថន័យ ខ្លឹមសារអប់រំ នៃបទចម្រៀងដើមទាំងស្រុង ជះឥទ្ធិពលមិនល្អ ដល់កុមារទូទៅ។

សូមអានសេចក្ដីប្រកាសនេះ ទាំងស្រុងដូចខាងក្រោម ៖

 


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Pich sophea Star news local news