(សៀមរាប)៖ បន្ទាប់ពីមានការនឿយហត់ ក្នុងព្រឹត្តិការណ៍រៀបចំបញ្ចាំងរឿង បែបប្រវត្តិសាស្រ្តរបស់កម្ពុជា «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» នៅក្នុងខេត្តសៀមរាប រួចមក កំពូលតារាហូលីវូដ អ្នកនាង Angelina Jolie បាននាំកូនរបស់ខ្លួនមក សាករសជាតិអាហាររបស់ខ្មែរ មានដូចជា ចង្រិតបំពង អាពីងចៀន កន្ទាទូកបំពង និងកន្តេះឡង់បំពង ជាដើម ដែលជាអាហរ ដ៏ពេញនិយមរបស់បងប្អូន ក្នុងប្រទេសកម្ពុជា ហើយក៏ក្នុងន័យបង្ហាញពីផ្នែកមួយ នៃឈុតឆាកក្នុងរឿងរបស់នាងផងដែរ។
លោកស្រី Angelina Jolie បានបង្ហាញក្មេងៗ និងពិធីករទូរទស្សន៍ដ៏ល្បី BBC អំពីរបៀបចំអិន អាពីង និងចង្រិត ដែលពីដំបូងឡើយ នាងមិនហ៊ានទាំងមើលផង ពេលមកដល់កម្ពុជា ប៉ុន្តែវាជាអាហារពេញនិយម ដែលញុំាជាមួយស្រាបៀរក៏បាន (គ្រឿងក្លែម)។ Angelina Jolie បញ្ជាក់ថា វាប្រហែលជាអាហារ ដែលយើងខ្លាច ប៉ុន្តែវាបានជួយបំបាត់ភាពអត់ឃ្លាន ពេលមានសង្គ្រាមនៅកម្ពុជា ដោយសារតែគ្មានអាហារញុំា ដូច្នេះត្រូវតែញុំាសត្វល្អិតទាំងនេះ ដើម្បីបន្តជីវិតទៅមុខទៀត។
យ៉ាងណាមិញ ក្នុងវិដេអូនោះ ចុងក្រោយគ្រប់គ្នាភ្លក្សអាហារនេះ និងភ្ញាក់ផ្អើលខ្លាំងចំពោះរសជាតិ សូម្បីពិធីក៏ភ្ញាក់ផ្អើលខ្លាំងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង