ភ្នំពេញៈ ថ្ងៃបុណ្យ Christmas ឬក៏ហៅថា បុណ្យណូអែលនោះ មិនមែនជាបុណ្យ របស់ខ្មែរទេ ប៉ុន្តែ សង្កេតឃើញថា យុវវ័យជំនាន់ ក្រោយជាច្រើន ហាក់ដូចជា ទទួលស្គាល់ថា ជាពេលវេលា ពិសេស មួយ ក្នុងឱកាសចុងឆ្នាំនីមួយ។ អ្នកអាចមើលឃើញ គ្រប់ហាង និងស្ទើរគ្រប់ទីកន្លែង បានរៀបចំផ្ការំ យោលក្រហម ស ជាមួយដើមឈើ ខ្ពស់ៗ ដើម្បីចូលរួមអបអរ ក្នុងថ្ងៃនោះ ។ដោយឡែកសម្រាប់ តារា ប្រុសស្រីល្បីឈ្មោះជាច្រើនដួង ហាក់ដូចជាមិនមានគម្រោងអ្វីទាល់តែសោះ ដោយពួកគេបាន និយាយដូចៗគ្នាថា ព្រោះតែពិធីបុណ្យនោះ មិនមែនជាពិធីបុណ្យ ប្រពៃណីរបស់ប្រទេសយើង ដូច្នេះទោះធ្វើ ឬក៏មិនធ្វើ ក៏អត់បញ្ហាដែរ ។
នៅថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ គេសង្កេតឃើញ យុវវ័យសម័យថ្មី និងនៅតាមបណ្តាល ហាង នីមួយៗ តែងតែមានការរចនាភ្លើងពណ៌ យ៉ាងស្រស់បំព្រង ។ មិនតែប៉ុណ្ណោះ ពួកគេតែងតែ រៀបចំ កម្មវិធីជប់លៀង ជួបជុំជាមួយមិត្តភក្តិ ក្រុមគ្រួសារ ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីបុណ្យមួយនេះ មិនសូវដាច់ ។ ផ្ទុយទៅវិញតារាប្រុសស្រីល្បីឈ្មោះ កំពុងតែមានទីផ្សារការងារលេចធ្លោ ក្នុងវិស័យ សិល្បៈជាច្រើនដួង បានប្រាប់ឲ្យដឹងស្រដៀងគ្នាថា ពួកគេគ្មាន គម្រោងរៀបចំគម្រោង ឬក៏មានកម្ម វិធីជួបជុំណាមួយ នោះទេ ព្រោះថា ម្នាក់ៗកំពុងតែរវល់ ការងារដកឃ្លាមិនរួច ។
តារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានប្រាប់ LookingTODAY ឲ្យដឹង ថានៅថ្ងៃ ទី២៥ ខាងមុខនេះ នាងមិនមានកម្មវិធីណាមួយទេ ទាំងក្នុងគ្រួសារ និងជាមួយអ្នកគាំទ្រ ព្រោះថា នាងមិនសូវមានពេលទំនេរ ។ ម្យ៉ាងទៀតពេលនោះ ប្រហែលជានាង ត្រូវមានទទួលការងារខ្លះ ។ នាងនិយាយថា" ខ្ញុំគិតថាពិធីបុណ្យនេះ ជាពិធីបុណ្យនៅខាងប៉ែកអឺរ៉ុប មិនមែនជារបស់ខ្មែរយើងទេ ។ ដូច្នេះបើមានពេលទំនេរ មានកម្មវិធីក៏បាន អត់ក៏បាន គ្មានបញ្ហាទេ តែបើសិនជាពិធីបុណ្យចូល ឆ្នាំខ្មែរ ឬភ្ជុំបិណ្ឌវិញ ទោះជារវល់យ៉ាងណា ខ្ញុំក៏ត្រូវ តែឆ្លៀតពេលដែរ..."។
ចំណែកតារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ស្រដៀងគ្នាថា ដោយលាយឡំ នឹងសំលេងសើចថា ធម្មតាទេ ជាអ្នកសិល្បៈឲ្យតែមាន ពិធីបុណ្យទានម្តងៗ គឺគ្មានពេលទំនេរទេ រវល់ជាប់គ្នា រហូតមិនដឹងថា ត្រូវរៀបចំកម្មវិធីពេលណាទេ ភាគច្រើននាង និងក្រុមការងារ មានកម្មវិធីជប់លៀង ក្រោយថ្ងៃបុណ្យ។ “ជាក់ស្តែងពេលនេះ ខ្ញុំ កំពុងតែថតរឿងថ្មី មានចំណងជើងថា “ស្បែកគង់” និងការងារជាច្រើន គ្មានពេលទំនេរទេអូន… អើយ ” ។
រីឯតារាសម្តែង មានភាពលេចធ្លោ ខាងកំប្លុកកំប្លែង កំពុងតែមានប្រជាប្រិយ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃទី២៥ ខែធ្នូនេះ លោកក៏ដូចជា តារាមួយចំនួនទៀតដែរ គឺគ្មានកម្មវិធីអីទេ ។ លោកនិយាយថា “ខ្ញុំគិតថា ពិធីបុណ្យណូអែលនេះ គឺជាវប្បធម៌ ប្រពៃណីខាង ប៉ែកអឺរ៉ុប មិនមែនជារបស់យើងទេ តែជាមួយគ្នានោះ ក៏មានប្រទេសជាច្រើននៅ លើពិភពលោក បានប្រារព្ធ ដូចជាប្រទេសយើងដែរ។ តែអ្វីដែលសំខាន់លំហូរចូល នៃវប្បធម៌ដទៃនោះ យើងត្រូវ ទទួលយកដោយ មានកម្រិត មិនត្រូវភ្លេចប្រពៃណី របស់យើងទេ ” ។
ជាមួយគ្នានេះ តារាប្រុសស្រីល្បីឈ្មោះទាំង៣ដួងនេះ ក៏បានផ្ញើរសារ ក្នុងអត្ថន័យតែមួយ ស្រដៀង គ្នាថា យុវវ័យមិនគួរណា យកចិត្តទុកដាក់ខ្ពស់ ទៅលើពិធី បុណ្យនេះពេកទេ ព្រោះថា វាមិនមែនជា បុណ្យប្រពៃណី របស់យើង ដូច្នេះបើសិនជាយុវវ័យ ជាទំពាំងស្នងឫស្សី មានការងប់ងល់ និងសាទរ ខ្លាំងពេក ក៏មិនកើតនោះដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល