CamNews

ព័ត៌មានជាតិ 

អគ្គិភ័យឆាបឆេះ ហាងលក់សំលៀកបំពាក់ យីហោ​ «ឌីយ៉ាម៉ង់» នៅទៀបភ្លឺថ្ងៃនេះ ខូចខាតសម្ភារមួយចំនួនធំ

(ភ្នំពេញ)៖​ ហាងលក់សំលៀកបំពាក់ ​យីហោ «ឌីយ៉ាម៉ង់»​ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យខូចខាតសម្ភារមួយចំនួនធំ ​នៅវេលាម៉ោង ៣៖៥០នាទីទៀបភ្លឺ​ ថ្ងៃទី១៥ ខែមីនានេះ​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៦​ ភូមិ១​ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​។

​បើតាមសំដីបុគ្គលិកជាច្រើនរូប ដែលរត់ចេញពីក្នុងផ្ទះ ​បន្ទាប់ពីសមត្ថកិច្ចជួយ វាយកំទេចសោរឲ្យចេញបានប្រាប់ថា​ នៅមុនកើតហេតុ គឺពួកខ្លួនទាំងអស់គ្នាកំពុងតែដេក ក៏ស្រាប់តែមានអណ្តាតភ្លើង​ ផ្សែងហុយពេញផ្ទះ​ ធ្វើឲ្យភ្ញាក់ដឹងខ្លួន​ ក៏នាំគ្នា​រកផ្លូវរត់ចេញមកក្រៅ ​តែមិនអាចរត់ចេញមកក្រៅបាននោះទេ ដោយសារម្ចាស់ហាងបានឲ្យបុគ្គលិកដេកនៅក្នុងនោះ តែចាក់សោរពីខាងក្រៅ។​ ភ្លាមនោះធ្វើឲ្យអ្នកដែលដេកក្នុងនោះទាំងអស់ មានការភិតភ័យជាខ្លាំង ​ក៏នាំគ្នាស្រែកឲ្យអ្នកជិតខា​ជួយ ព្រោះពួកខ្លួនទាំងអស់មិនអាចរត់ចេញក្រៅបានទេ ដោយសារតែម្ចាស់ហាង បានចាក់សោរពួកគេឲ្យដេកនៅក្នុងនោះ​។

ប​ន្ទាប់​ពីស្រែកក៏បានអ្នកជិតខាង ជួយរាយការណ៌ទៅសមត្ថកិច្ច​ និងខាងអគ្គីភ័យមកជួយពន្លត់។  ពេលកម្លាំងសមត្ថកិច្ចមកដល់ក៏ឃើញបុគ្គលិកជាច្រើននាក់ ភិតភ័យដោយសារអណ្តាតភ្លើង និងផ្សែងពេញក្នុងផ្ទះ​ ភ្លាមនោះសមត្ថកិច្ចជាច្រើននាក់ បានជួយវាយកំទេចសោទ្វារផ្ទះ ដើម្បីជួយសង្គ្រោះអាយុជិវិតបុគ្គលិកទាំងអស់នោះ ឲ្យរត់ចេញមកក្រៅទាំងព្រលឹងចុងសក់​។

អគ្គី​ភ័យ​នេះត្រូវបានក្រុមពន្លត់ របស់ស្នងការដ្ឋាន​ក្រុងភ្នំពេញជួយ  បាញ់ពន្លត់អស់ទឹកជាច្រើនឡាន​​ ទើបរលត់ហើយបណ្តាលឲ្យសម្ភារជាច្រើន រងការខូចខាតផងដែរ៕​

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh