CamNews

តារា 

អ្នកស្រី ពាន់ ភួងបុប្ផា ចុះ​កិច្ច​សន្យា​៥​ឆ្នាំ ផលិត​រឿង​ខ្នាត​ធំ និង​រឿង​ភាគ ឲ្យ​ផលិត​កម្ម «ថោន»

(ភ្នំពេញ)៖ អ្នកនិពន្ធ និងដឹកនាំសម្ដែងឆ្នើម មានឈ្មោះល្បីប្រចាំក្នុង​ប្រទេសកម្ពុជា អ្នកស្រី ពាន់ ភួងបុប្ផា បានសម្រេចិត្តចុះចិត្តសន្យា​ផលិតរឿងខ្នាតធំ និងរឿងភាគ ឲ្យផលិតកម្ម «ថោន» រយៈពេល៥ឆ្នាំ បន្ទាប់ពីផលិតកម្មនេះ ទទួលបានការគាំទ្រ និងជោគជ័យខ្លាំង ទៅលើការផលិតបទចម្រៀង​​​លក់នៅលើទីផ្សារ ហើយកំពុងតែមានគោល​ដៅពង្រីកបន្ថែម ទៅលើវិស័យភាពយន្តខ្មែរ ឲ្យកាន់តែមានគុណភាព ​​។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារណាហ្គាវើល អ្នកស្រី ពាន់ ភួងបុប្ផា បានប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីពិតជាមានសេចក្ដី​សោមនស្សរីករាយណាស់ ដែលបានមកសហការផលិត​រឿងខ្នាតធំ និងរឿងភាគ ជាមួយនឹងផលិតកម្ម ថោន ដែលជាក្រុមហ៊ុនមួយ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ផលិតផលរបស់ខ្លួន​មានគុណភាព និង​យកចិត្តទុកដាក់ចំពោះគុណភាព ។ ទោះបីជាយ៉ាងណា លោកស្រីបានគិតថា នេះជាជំហានថ្មីមួយទៀត ដែលវត្តមានរបស់លោកស្រី​នៅក្នុងផលិតកម្ម ថោន គឺជាការពង្រឹងបន្ថែមទៀត ទៅលើទម្រង់ថ្មីៗ លើវិស័យភាពយន្ត ដើម្បីឲ្យថោនគ្រុប កាន់តែមានកេរ្តិ៍ឈ្មោះ រួមចំណែកលើកស្ទួយ​វិស័យភាពយន្តខ្មែរ ឲ្យកាន់តែរីកចម្រើន ជាងពេលមុន។

លោកស្រី ពាន់ ភួងបុប្ផា បានសង្កត់ធ្ងន់ថា នេះគឺជាក្ដីរំពឹងថ្មីតែមួយគត់ ដែលអ្នកស្រីសម្រេចចិត្តឈានជើងចូលមកកាន់ ក្នុងផលិតកម្ម ថោន ។ ជាមួយគ្នានេះដែរ លោកស្រីគិតថា តាមរយៈបទពិសោធន៍ របស់លោកស្រីនាពេលកន្លងមក ក៏ដូចជាលទ្ធភាព សមត្ថភាព សម្ភារបច្ចេកទេស របស់ផលិត​កម្ម ថោន គឺយើងអាចផលិត​រឿង ប្រកបដោយគុណភាពល្អប្រសើរជាងមុន ចូលទៅក្នុងកម្រិតស្ដង់ដារមួយ ដែលយើងអាចនាំចេញទៅក្រៅប្រទេសបាន ឬក៏ជាខ្សែភាពយន្តមួយ​ សម្រាប់ប្រជាជនខ្មែរយើង បានទស្សនាហើយ មានមោទនភាព ព្រោះជាកម្រិតមួយអាចទទួលយកបាន។

អ្នកនិពន្ធឆ្នើម និងជាចាងហ្វាងផលិតកម្ម«ផ្កាប្រាំ» អ្នកស្រី ពាន់ ភួងបុប្ផា បានបន្ថែមទៀតថា ជាកិច្ចបើកទំព័រប្រវត្តិសាស្រ្ត ក្នុងពេលដែលអ្នកស្រី បានឈានជើងចូលមក​ក្នុងផលិតកម្ម ថោន នៅពេលនេះ លោកស្រីក៏កំពុងតែត្រៀម​ ផលិតនូវខ្សែភាពយន្តខ្នាតធំមួយ ដែលមានចំណងជើងថា «ទឹកចិត្តម្ដាយសម័យថ្មី» ដែលលោកស្រីនឹងកៀគរ តារាសម្ដែងទាំងជំនាន់មុន និងជំនាន់សម័យនេះ ដើម្បីឲ្យសាច់រឿងមានលក្ខណៈ​ខុសប្លែកពីរឿងដទៃ ព្រោះបានផ្ដោតសំខាន់​ទៅលើការអប់រំ ពាក់ព័ន្ធនឹងការរស់នៅ ប្រចាំថ្ងៃរបស់បងប្អូនទូទៅ។

ដោយឡែក​លោក ប៊ុន រតនា នាយកភាពយន្ត និងពាណិជ្ជកម្ម ប្រចាំក្នុងផលិតកម្ម ថោន បានមានប្រសាសន៍ថា សក្ដានុពលរបស់ផលិតកម្ម ថោន និងការអភិវឌ្ឍន៍​ឥតឈប់ឈរ នូវតម្រូវការកម្សាន្ត ក្នុងទីផ្សារសោតទស្សន៍ ពិសេសភាពយន្ត គឺជាចលករមួយ ជម្រុញឲ្យយើងរៀបចំបន្ថែម នូវការផលិតកម្មភាពយន្តខ្នាតធំ ភាពយន្តភាគ ដើម្បីផ្គត់ផ្គង់ទីផ្សារ​ទាំងក្នុង និងក្រៅប្រទេស។ ក្នុងអត្ថន័យនេះ ទើបផលិតកម្ម ថោន បានសហការផលិតភាពយន្ត ក្រោមវត្តមានរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធមានស្នាដៃ​ល្បីល្បាញ ចូលរួមក្នុងផលិតកម្ម ថោន របស់យើង នៅពេលនេះ។

លោកបន្ថែមទៀតថា នេះជាធនធានដ៏ពិសេសមួយទៀត ដែលនឹងត្រូវបូកបន្ថែម ជាមួយធនធានមនុស្សល្អៗ នៅក្នុងផលិតកម្ម ថោន ដែលមានស្រាប់ ហើយតាមរយៈនៃការបូកបញ្ចូលធនធាន ទាំងពីរនេះ យើងពិតជាមានជំនឿជឿជាក់ថា គុណភាពនៃផលិតផលរបស់យើង នឹងកាន់តែល្អប្រសើរទ្វេដង។

សូមបញ្ជាក់ថា ​ថោនគ្រុប ជាសម្ព័ន្ធក្រុមហ៊ុន ដែលមានក្រុមហ៊ុនជាច្រើន ជាបុត្រសម្ព័ន្ធ កំពុងតែបម្រើសេវាកម្មផ្សេងៗគ្នា សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម​គ្រប់ទម្រង់។ ក្នុងនោះមានការផលិត និងផ្សព្វផ្សាយតាមវិទ្យុចំនួនពីរ ការបង្កើតទស្សនីយភាពកម្សាន្ត និងបង្កប់ដោយចំណេះដឹង តាមរយៈការផលិតជាវីដេអូចម្រៀង និងបទចម្រៀងផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ent news