(ភ្នំពេញ)៖ លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម ហ្គាឡាក់ស៊ី ណារ៉ាត្រាអ៉ិនវេសមិន និងជាផលិតករ រឿង «កំពូលល្ងង់នៅអាស៊ី» បានប្រកាសមិនយកលុយពីកម្មករ-កម្មការិនីរោងចក្រ ចំនួន ២០០នាក់ សម្រាប់ការចូលទស្សនារឿងនេះ នៅគ្រប់រោងភាពយន្តក្នុងរាជធានីភ្នំពេញ។
ការប្រកាសរបស់ចាងហ្វាងផលិតកម្មនេះ បានធ្វើឡើង នៅក្នុងពិធីសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅរោងភាពយន្តរបស់ក្រុមហ៊ុន Westec Media Limited នៅផ្សារស៊ីធីម៉ល។ នៅក្នុងព្រឹត្តិការណ៍ប្រកាសបើកសម្ពោធនេះ ក៏មានការចូលរួមពី លោក ទូច ឧត្តម ជាអ្នកដឹកនាំរឿងមកពីផលិតកម្ម អារម្មណ៍ហ្វីម, លោក ស៊ុំ ស៊ីថែន អ្នកចាត់ការទូទៅនៃក្រុមហ៊ុន ពូព្រហ្មអេនធើធេនម៉ិន។
លោក ឡេង ណាវ៉ាត់ត្រា ដែលធ្លាប់ក្លាយជាពលករធ្វើការ នៅប្រទេសកូរ៉េរូបនេះ បានឲ្យដឹងទៀតថា «ផលិតកម្មយើងផលិតរឿង កំពូលល្ងង់នៅអាស៊ី ជាលក្ខណៈខ្សែភាពយន្តកំប្លែងបែបទំនើប ដោយមានវត្តមានតារាល្បីរបស់យើង គឺនាយ ពាក់មី និងនាយ គ្រឿន ដោយជឿជាក់ថា នឹងត្រូវចិត្តយុវជនខ្មែរយើង។ ដោយចង់តបស្នង និងការចូលរួមមើលយ៉ាងច្រើន នៅលើទំព័រ Facebook លោកសម្រេចចិត្តមិនយកលុយពីកម្មកររោងចក្រ ចំនួន២០០នាក់ សម្រាប់ការទស្សនារឿងនេះ នៅគ្រប់រោងភាពយន្តទំនើប ទាំងអស់ក្នុងរាជធានីភ្នំពេញ។ សម្រាប់លក្ខខណ្ឌដើម្បីឲ្យកម្មករ-កម្មការិនី បានចូលទស្សនា គឺងាយស្រួលបំផុត គ្រាន់តែពួកគាត់បង្ហាញកាតរោងចក្រ ឲ្យក្រុមការងារបានឃើញ នោះក្រុមការងារនឹងចាត់ចែងឲ្យពួកគាត់ចូលទស្សនាភ្លាម»។
ចំពោះមូលហេតុដែលលោក ឡេង ណាវ៉ាត់ត្រា មានបំណងចង់ឲ្យកម្មករ-កម្មការិនី ចូលមើលរឿងរបស់លោក នៅពេលនេះ គឺដើម្បីចង់ឲ្យពួកគាត់ស្គាល់រោងភាពយន្តទំនើប ហើយកុំគិតថា រោងភាពយន្តទំនើប គឺពុំអាចស័ក្តិសមនឹងសមត្ថភាព របស់ពួកគាត់ជាកម្មករ ចូលទស្សនានោះទេ ប៉ុន្តែពុំដូច្នោះឡើយ គឺពួកគាត់ក៏មានលទ្ធភាព ក្នុងការចូលទស្សនារឿងជាច្រើន បានដូចគេដូចឯងដែរ។
ចំណែក លោក ស៊ុំ ស៊ីថែន អ្នកចាត់ការទូទៅនៃក្រុមហ៊ុន «ពូព្រហ្មអេនធើធេនម៉ិន» ដែលជាក្រុមហ៊ុនចែកចាយភាពយន្តទាំងក្នុងស្រុក និងក្រៅស្រុក បានលើកឡើងថា «យើងខ្ញុំទទួលចែកចាយរឿង កំពូលល្ងង់នៅអាស៊ី ដោយសារឃើញថា ជាសាច់រឿងកំប្លែងថ្មីប្លែក បូកផ្សំជាមួយឈុតកំសត់ខ្លះៗ ដែលតារាកំប្លែងទាំង២ដួងកម្រដើរតួ ហើយ បច្ចេកទេសថត និងការកាត់តមានលក្ខណៈពិសេស ប្លែកពីរឿងកំប្លែងខ្មែរផ្សេងៗ»។
ខ្សែភាពយន្តរឿង «កំពូលល្ងង់នៅអាស៊ី» ដែលជាប្រភេទខ្សែភាពយន្ត កំប្លែងផង និងកំសត់ផង ត្រូវបានគេនិយាយ និងចែករំលែកតៗគ្នា ពេញបណ្តាញសង្គម Facebook ក្នុងរយៈពេលចុងក្រោយនេះ។
ពិធីបើកសម្ពោធចាក់បញ្ចាំងរឿង «កំពូលល្ងង់នៅអាស៊ី» នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត Major Cineplex By Cellcard ហើយនឹងត្រូវចាក់បញ្ចាំង ជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅបណ្ដារោងភាពយន្តទំនើបទាំងអស់ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប៕