CamNews

តារា 

ត្រឹម ៤ថ្ងៃ រកបាន ៨ម៉ឺនដុល្លារ ផលិតករ «កំពូលល្ងង់នៅអាស៊ី» រីកមុខរីកមាត់


គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នភាព ខ្សែរឿង«កំពូលល្ងង់នៅអាស៊ី»ដាក់បញ្ចំងបាន៤ថ្ងៃហើយ បន្ទាប់ពីបានប្រកាសដាក់បញ្ចាំងជាផ្លូវការកាលពីព្រឹកថ្ងៃទី១៥ ធ្នូ។ ប្រភពពីអ្នកគ្រប់គ្រងរោងកុននៅភ្នំពេញ និងសៀមរាបបានអះអាងថាឆ្លងផុតរយៈពេល៤ថ្ងៃ ភាពយន្តបើកឆាករបស់អតីតអ្នកធ្វើពលករនៅក្នុងប្រទេសកូរ៉េរូបនេះទទួលបាន៨ម៉ឺនដុល្លារដោយមិននឹកស្មានដល់។លោកឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានទទួលស្គាល់ថាការអះអាងរឿងខ្សែរឿងរបស់លោកកើបលុយបាន៨ម៉ឺនដុល្លារត្រឹមរយៈពេល៤ថ្ងៃ គឺជាការពិត ដែលធ្វើឲ្យលោក រួមទាំងផលិតករផលិតភាពយន្ត មានចិត្តសប្បាយរីករាយ រំភើប និងមោទនភាពជាខ្លាំង។


គូសបញ្ជាក់ដល់ក្រុមសារព័ត៌មាន លោកបន្តឲ្យដឹងថា នេះជាលទ្ធផលដែលលោកក៍មិនចង់ជឿត្រចៀក ក្នុងពេលដែលរឿង«កំពូលល្ងង់នៅអាស៊ី»លោកថា គ្រាន់តែបានផលិតឡើងស្ទាបស្ទង់ទីផ្សារភាពយន្ត។ ធៀបនឹងរឿងដំបូងៗដូចគ្នារបស់ផលិតកម្មថ្មីៗ លោកខ្សែរឿងរបស់ខ្លួន បើទោះជាការទទួលបានទឹកប្រាក់៨ម៉ឺនក្នុងរយៈពេល៤ថ្ងៃ លោកថានៅចែកគ្នាទៀតគឺមិនទាន់រួចដើម។ លោកនិយាយថា«មុនបញ្ចំងខ្ញុំអត់ដែលនឹកថារឿងហ្នឹង ៤ថ្ងៃរកបានប៉ុណ្ណឹង សូម្បីតែខាងរោងកុនក៏ភ្ញាក់ផ្អើលដែរ ចឹងហើយទើបខ្ញុំអរផង រន្ធត់ចិត្តផងនៅពេលរឿងហ្នឹងបាន៨ម៉ឺនត្រឹម៤ថ្ងៃ!»។ តាំងពីការដាក់បញ្ចាំង លោកថាខ្សែរឿងមួយនេះទទួលបានចំណូល២ម៉ឺនស្មើដៃរាល់ថ្ងៃ តែលោកមិនទាន់ដឹងថាសន្ទុះដែលបានឡើង នឹងបន្តកើតមានច្រើនថ្ងៃទៀត ឬប្រែប្រួលនោះទេ ទើបលោកនៅតែបុកពោះនៅឡើយ។ លោកថាខ្សែរឿងរបស់លោកមានអ្នកទស្សនាកកកុញនៅផ្សារអ៊ីអន ផ្សារទំនើបទួលគោក និងនៅរោងកុនក្នុងផ្សារទំនើបស្ទឹងមានជ័យ។ ប៉ុន្តែសម្រាប់រោងទំនើបនៅខេត្តសៀមរាបលោកថាមិនមានអ្នកទស្សនាពេញៗរោងនោះទេ ក្នុងពេលដាក់បញ្ចំងម្ដងៗ។ លោកថាខ្លួនចង់ស្រក់ទឹកភ្នែកនៅពេលមើលឃើញអ្នកទស្សនាដណ្ដើមគ្នាទិញសំបុត្រមើលរឿង«កំពូលល្ងង់នៅអាស៊ី» និងទទួលដំណឹងថាមួយស្នាដៃរបស់លោកស្រូបបានមួយថ្ងៃ២ម៉ឺន។

សរបញ្ជាក់ដល់ក្រុមអ្នកយកព័ត៌មាន លោក ណាវ៉ាត់ត្រា បំភ្លឺបន្តឲ្យដឹងថា រឿងមួយនេះ លោកចំណាយអស់ជាង៦ម៉ឺនដុល្លារ តែលោកហាក់មានពន្លឺថាមិនខាតនោះទេ បន្ទាប់ពីការដាក់បញ្ចំង៤ថ្ងៃ គឺលោកទទួលបានចំណែករបស់លោកក្រោយចែកជាមួយរោងបាន៤ម៉ឺនដុល្លារហើយ។ លោកប្រកាសអរគុណ និងលើកម្រាមដៃដប់តបស្នងដល់អ្នកគាំទ្រដ៏ច្រើនលើសលប់ដែលទិញសំបុត្រទស្សនារឿងរបស់លោក។ បន្ថែមពីលើនោះលោកក៏ទទូចអោយយុវវ័យដែលចូលចិត្តភាពយន្តតាមរោងកុន ហើយមិនបានទស្សនាខ្សែរឿងរបស់លោកនៅឡើយ ជួយគាំទ្រដល់ស្នាដៃរបស់លោកផង ដើម្បីអោយលោកនឹងមានកម្លំាងចិត្តធ្វើអោយកាន់តែល្អ។ លោកឡេង ណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថាជាអតីតអ្នកបម្រើការតាមរោងចក្រនៅក្នុងប្រទេសកូរ៉េ បានអះអាងថាលោកនឹងបន្តយករឿង«កំពូលល្ងង់នៅអាស៊ី»ទៅបញ្ចាំងតាមខេត្តដូចជាបាត់ដំបង និងកំពង់ចាមជាដើម បន្ទាប់ពីអ្នកគាំទ្រភាគច្រើនបានទទូចអោយលោកយករឿងទៅកាន់ខេត្តទំាំងនោះ ដោយសារតែមិនអាចមកទស្សនានៅភ្នំពេញ និងសៀមរាបបាន។ យ៉ាងណាមិញលោកហាក់សង្ឃឹមជាបឋមត្រឹមថាមិនខាតដើមប៉ុណ្ណោះ ដោយមិនហ៊ានសំដៅដល់ការចំណេញច្រើនម៉ឺនដុល្លារនោះទេ៕





Tags: Ent news Local news