(ភ្នំពេញ)៖ តារាហ្វេសប៊ុក និងជាតារាសម្តែងមានប្រជាប្រិយភាព នៅលើទីផ្សារសិល្បៈ លោក Peypey Dy ថ្មីៗនេះ បានបញ្ចេញប្រតិកម្ម វាយបកលើពិធីការិនីស្រីម្នាក់ ដែលបានដើរហែកហួរ បង្ខួចកិត្តិយសរបស់លោកថា ត្រូវបានអ្នកដឹកនាំកម្មវិធី របស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយកត់ឈ្មោះតារាប្រុសរូបនេះ ចូល Black List (បញ្ជីខ្មៅ) ដោយមិនអនុញ្ញាតឲ្យឡើកឆាកនោះឡើយ ដោយហេតុថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
ឆ្លើយតបនឹងការរិះគន់ របស់ពិធីការិនីស្រីម្នាក់នេះ តារាប្រុស Peypey Dy បានចេញមុខបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន កាលពីព្រឹកមិញនេះថា« ថ្ងៃនេះចង់និយាយពីបុគ្គលិក និងជាពិធីការិនី នៅស្ថានីយទូរទស្សន៍មួយ ធ្លាប់បានអញ្ជើញខ្ញុំ ឲ្យចូលរួមក្នុងកម្មវិធី របស់នាងជាច្រើនដង តែខ្ញុំបដិសេធ ប៉ុន្តែក្រោយមកនាងបែរជានិយាយ ប្រាប់គេថា ចង់ហៅខ្ញុំចូលកម្មវិធីនាងដែរ តែខ្ញុំពាក់ព័ន្ធនយោបាយ ដូច្នេះថ្នាក់លើកត់ឈ្មោះខ្ញុំ ចូល Black List !»។
តារាហ្វេសប៊ុក ដ៏ក្រមិចក្រមើម Peypey Dy បាននិយាយទាំងហួសចិត្តទៀតថា «ស្អីគេដល់ថ្នាក់ហ្នឹងផង...?។ កោតតែមិនចេះខ្មាស់ខ្លួនឯង ហើយខ្លួនជាស្រីទេ តែមាត់ក៏រវើកខ្លាំងមេស? និយាយយកល្អហួស អញ្ជើញគេមិនបានដើរនិយាយបង្ខូចគេ ថោកខ្លាំងណាស់!»។
យ៉ាងណាមិញ ទោះបីជាតារាប្រុស លោក Peypey Dy បានចេញមុខប្រតិកម្ម ដោយអារម្មណ៍ហួសចិត្ត លើពិធីការិនីស្រីម្នាក់ខាងលើនេះ ក៏ពិតមែន ប៉ុន្តែពុំត្រូវបានតារាប្រុសរូបនេះ បញ្ជាក់ប្រាប់ឈ្មោះថា ជាពិធីការិនីស្រីរូបណាឡើយ ខណៈមានមហាជនជាច្រើន បាននាំគ្នាផ្ញើសារដេញដោលនាំ សួរចង់ដឹងឈ្មោះរបស់ពិធីការិនី ខាងលើផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង