(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា «៣ មិន» គឺមិនឆ្លើយ មិនឆ្លង មិនឈ្លោះ ក្នុងរឿងអាស្រូវផ្លូវភេទ ដែលគេដឹងថាជារឿងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិនោះ មិនអាចលាក់បាំងការពិតនោះទេ ហើយប្រាប់អ្នកដទៃកុំឲ្យច្រលើសបើសលើរឿងនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកពាក់ព័ន្ធក្នុងរឿងអាស្រូវនេះ គឺពិនិត្យឃើញមានការធ្វើលិខិតឆ្លងដែន និងមានជើងហោះតាមបាងកកអ៊ែរវេ ជាភស្តុតាងទៀតផង ហើយមានទាំងភស្តុតាងដើរនៅទីក្រុងបាងកកទៀតផង។
បើទោះបីសម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះយ៉ាងណាក្តី តែគេដឹងថា រឿងអាស្រូវស្នេហានេះ គឺជារឿងរបស់លោក កឹម សុខា និងកញ្ញាស្រីមុំ។ បើតាមសម្តេច ស្រីមុំពិតជាបានទៅធ្វើលិខិតឆ្លងដែន និងបានធ្វើដំណើរទៅប្រទេសថៃ ជាមួយលោក កឹម សុខា នៅថ្ងៃដើមខែកុម្ភៈ ឆ្នាំ២០១៦នេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី