CamNews

កីឡាអន្តរជាតិ 

អ្នក​ចាំ​ទី​ដៃ​ស្អិត Joe Hart អាច​ចូល​លេង​វិញ​បាន​ហើយ ពេល Man City ប៉ះ PSG យប់​នេះ

(ភ្នំពេញ)៖ អ្នកចាំទីក្នុងក្រុមជម្រើសជាតិអង់គ្លេស Joe Hart អាចចូលជួយក្រុមវិញបានហើយ បន្ទាប់ពីរបួសជង្គង់ និងក្រលៀនកាលពីខែមុន ពេល Manchester City ប៉ះក្រុមម្ចាស់ផ្ទះ Paris Saint-Germain យប់នេះនៅ Champions League វគ្គ៨ក្រុមជើងទី១ ។

សារព័ត៌មាន Dailymail បានផ្សាយថា Joe Hart បានអវត្តមានពីក្លឹបជិត១ខែមកហើយ ពេលដែលប្រកយតចាញ់ក្រុម ភ្ញៀវ Manchester United ដោយបានរងរបួសជង្គង់ និងក្រលៀន ដែលអ្នកចាំទីដៃទី២ Willy Caballero ជាអ្នករ៉ាប់រង ជំនួសពេល Man City បំបាក់ម្ចាស់ផ្ទះ AFC Bouremouth ៤-០ នៅ Premier League ថ្ងៃសៅរ៍សប្តាហ៍មុន ។

លោក Manuel Pellegrini គ្រូបង្វឹកក្លឹប Man City បានថ្លែងថា “វានឹងកាត់បន្ថយហានិភ័យ ប្រសិនបើមាន Joe Hart ក្នុងជំនួបទល់នឹងក្រុមខ្លាំង PSG យប់នេះ បន្ទាប់ពី Joe បានចូលហ្វឹកហាត់ធម្មតាវិញ និងមិនមានបញ្ហាអ្វីឡើយ” ។

យ៉ាងណាក៏ដោយ ក្រុមរងជើងឯក Premier League រដូវកាលមុន១នេះ នឹងត្រូវធ្វើការធ្ងន់បន្តិចហើយ ត្បិតត្រូវជួបក្រុមខ្លាំងជើងឯកបារាំង Paris នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ដែលជាក្រុម ប្រជុំទៅដោយជើងខ្លាំង និងរឹងមាំក្នុងទឹកដី ហើយក៏ទើបតែបានទម្លាក់ Chelsea របស់អង់គ្លេសដូចគ្នាចេញពី Champions League វគ្គ១៦ក្រុមផងដែរ ។

១ប្រកួតទៀតនាយប់នេះដែរ គឺក្រុមម្ចាស់ផ្ទះ Wolfsburg របស់អាល្លឹម៉ង់ ស្វាគមន៍ Real Madrid របស់អេស្ប៉ាញ នាម៉ោងដូចគ្នាខាងលើដែរ ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Joe Hart