(ភ្នំពេញ)៖ បន្ទាប់ពីមានបណ្ដាញសារព័ត៌មានមួយចំនួន បានផ្សាយព្រោងព្រាតថា តារាសម្ដែង ឌី សុនីតា បានសម្ដែងការអាក់អន់ស្រពន់ចិត្តជាខ្លាំង ខណៈដែលឈុតឆាករបស់នាងសម្ដែងទាំងប៉ុន្មាន នៅក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាការដឹកនាំសម្ដែង ដោយតារាហូលីវូដ Angelina Jolie ត្រូវបានអ្នកដឹកនាំរូបនេះកាត់ចេញ គ្មានសល់មួយឈុតណាមួយនោះ បានធ្វើឲ្យ ឌី សូនីតា ក្ដៅចុងច្រមុះ ប្រតិកម្មយ៉ាងខ្លាំង ហើយបានចេញវីដេអូ ធ្វើការបកស្រាយឡើងវិញ ជុំវិញរឿងរ៉ាវទាំងនេះ។
តាមរយៈវីដេអូឃ្លីប កញ្ញា ឌី សូនីតា បានថ្លែងថា តាមការពិតអារម្មណ៍របស់នាងផ្ទាល់ គឺពិតជាមានមោទនភាពខ្លាំង មែនទែន ពេលដែលបានសម្ដែងរឿង ដែលជាស្នាដៃដឹកនាំ របស់តារាហូលីវូដ លំដាប់ពិភពលោក នាងពិតជារីករាយណាស់ ហើយទោះបីជាឈុតឆាករបស់នាង ត្រូវបានអ្នកនាង Angelina Jolie កាត់ចោលទាំងអស់ក្ដី ក៏នាងនៅតែសប្បាយចិត្ត ដដែល។
ឌី សូនីតា បន្តទៀតថា ការផ្សាយព័ត៌មានបែបនេះ គឺជាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរូបនាង ដែលជាតារាសម្ដែង មានឱកាសខ្ពស់ បានចូលសម្ដែងរឿង របស់តារាហូលីវូដ ហើយសូមឲ្យមានការកែតម្រូវ ឡើងវិញផងដែរ។
សូមស្ដាប់ការបកស្រាយរបស់ ឌី សូនីតា ដូចខាងក្រោមនេះ៖