CamNews

តារា 

សុទ្ធ ពេញបរមី មិនញញើត នឹងរឿង​អាស្រូវ​ ពេល​ល្បី​ឈ្មោះ

ភ្នំពេញ៖ បន្ទាប់ពីលេចមុខសម្តែង តាមរយៈបទ "ខ្លាចគេមិនគិតដូចអូន" របស់លោក សុគន្ធ
ថេរ៉ាយុ នៅក្នុងផលិតកម្មថោន រួចមក តារាសម្តែងវ័យក្មេងសាច់សខ្ចី កញ្ញា សុទ្ធ ពេញបរមី
ត្រូវបានមហាជនទូទៅ ជាពិសេសស្រទាប់យុវវ័យ មានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង
តាមរយៈសម្តីពីរមាត់របស់នាង គឺពាក្យថា "ស៊ីអារម្មណ៍" ដែលនាងបាននិយាយ ក្នុងពេល
សម្តែងជាមួយ សុគន្ធ ថេរ៉ាយុ ក្នុងបទចម្រៀងខាងលើ ។

គ្រាន់តែបើកឆាកការសម្តែង ខារ៉ាអូខេបទចម្រៀងភ្លាម កញ្ញា សុទ្ធ ពេញបរមី ត្រូវបានមហាជន
និង អ្នកតាមដានសង្គមសិល្បៈ មើលឃើញថា នាងហាក់ទទួលបាន ជោគជ័យយ៉ាងខ្លាំង ជាង
តារាសម្តែងរៀមច្បងមួយចំនួន ព្រោះបទចម្រៀង ដែលនាងសម្តែង គឺទទួលបានការគាំទ្រ និង
ពេញនិយមយ៉ាងខ្លាំង ពីសំណាក់មហាជន និងស្រទាប់យុវវ័យ បើទោះបីជានាងទើប តែចូល
ប្រឡូកក្នុង ពិភពសិល្បៈ រយៈខ្លីក៏ដោយ ។

ចាប់តាំងពីតារាសម្តែង វ័យក្មេងសម្បូរមន្តស្នេហ៍កញ្ញា សុទ្ធ ពេញបរមី ឈានជើងចូលប្រឡូកក្នុង
សិល្បៈ នាងធ្លាប់បានសម្តែង ខារ៉ាអូខេបទចម្រៀងបានចំនួន ៤បទមកហើយ នៅក្នុងផលិតកម្ម
ថោន និងទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីមហាជនទូទៅ ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានបណ្តា
ផលិតកម្មធំៗ មួយចំនួន ដូចជា ផលិតកម្ម ហង្សមាស សាន់ដេ អឹម និងបណ្តាក្រុមហ៊ុន ជាច្រើន
ទាក់ទងឲ្យនាង ទៅសម្តែង និងថតស្ពតពាណិជ្ជកម្មជាហូរហែ ។

ខណៈមានការគាំទ្រ ពីសំណាក់មហាជន និងស្រទាប់យុវវ័យ យ៉ាងខ្លាំងបែបនេះ បានញ៉ាំងឲ្យតារា
សម្តែងវ័យ២៣ឆ្នាំ សុទ្ធ ពេញបរមី មានកម្លាំងចិត្តជាខ្លាំង ក្នុងការបញ្ចេញទេពកោសល្យសម្តែងរបស់
នាង ដើម្បីបម្រើអារម្មណ៍ ទស្សនិកជនបន្តទៀត ។ នេះសបង្ហាញឲ្យឃើញថា ជាជោគជ័យ របស់
នាងយ៉ាងធំ នៅក្នុងវិថីសិល្បៈ ព្រោះនាងត្រូវបាន មហាជនស្គាល់ និងគាំទ្រច្រើនក្នុង រយៈពេលដ៏ខ្លី ។

នៅក្នុងជំនួបសម្ភាសន៍ តាមទូរស័ព្ទ ជាមួយ LookingTODAY នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៣នេះ
តារាសម្តែងវ័យ ក្មេងស្រស់សោភា កញ្ញា សុទ្ធ ពេញបរមី បាននិយាយរៀបរាប់ ប្រាប់ឲ្យដឹងថា "ខ្ញុំ
ពិតជាមានអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញមហាជន គាំទ្រការសម្តែងរបស់ខ្ញុំបែប
នេះ។ ដរាបណាមហាជន បន្តគាំទ្រខ្ញុំនោះ ខ្ញុំនឹងខិតខំ សម្តែងឲ្យបានខ្លាំង ជាងនេះបន្តទៀត ព្រោះ
អ្នកសិល្បៈទាល់តែ មានការគាំទ្រពីមហាជន ទើបមានកម្លាំងចិត្តក្នុងការសម្តែង ។ តែទោះជាយ៉ាង
ណាសម្រាប់ខ្ញុំ គឺខ្ញុំនិងខិតខំ រិះរកអ្វីដែលថ្មី ប្លែកៗសម្រាប់បម្រើ អារម្មណ៍ទស្សនិកជន"។

ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព កាន់តែលេចធ្លោរ នៅក្នុងរង្វង់សិល្បៈ តាមរយៈការសម្តែង បុប្ផា
ក្រពុំដុសចេញពី ទឹកដីរាជធានីភ្នំពេញ កញ្ញា សុទ្ធ ពេញបរមី បានបញ្ជាក់ប្រាប់គេហទំព័រ Looking
TODAY ឲ្យដឹងថា នាងសម្រេចចិត្តចូលសិល្បៈនេះ គឺនាងបានត្រៀមចិត្តត្រៀមកាយ និងមិនខ្លាច
ញញើត លើរឿងអាស្រូវណាមួយ ដែលបក់បោក មកលើនាងឡើយ។ ដោយនាងបាន បញ្ជាក់យ៉ាង
ច្បាស់ថា"ខ្ញុំមិនខ្លាចឡើយ ចំពោះរឿងអាស្រូវ ណាមួយនោះ ព្រោះខ្ញុំគិតថា ប្រសិនបើយើងមិន ធ្វើអ្វី
ខុសនោះទេ គឺវាមិនមានរឿង អាស្រូវមកលើយើងទេបង...!" ។

ជុំវិញរឿងរ៉ាវស្នេហាវិញ តារាសម្តែងក្រមិចក្រមើមវ័យក្មេង រូបនេះ បានស្នើសុំមិននិយាយ ដោយនាង
បានអះអាងថា នាងនៅក្មេងមិនទាន់ ចង់គិតគូពីរឿងហ្នឹងទេ ។

គួរបញ្ជាក់ថា សុទ្ធ ពេញបរមី មានវ័យ ២៣ឆ្នាំ បានបញ្ចប់ការសិក្សា ត្រឹមថ្នាក់ទី១២ និងមានបងប្អូន៣
នាក់ ប្រុស១ ស្រី២ នាងជាកូនទី២ នៅក្នុងគ្រួសារ ដែលមានឪពុកឈ្មោះ សុខ សារឿន ជាយោធានិង
ម្តាយឈ្មោះ អ៊ំ ឡម ជាមេផ្ទះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: soth penhbormey entertainment khmer star actress សុទ្ធ ពេញបរមី