CamNews

តារា 

សុខ សោម៉ាវត្តី ជាប់មន្ទិល​សង្ស័យ​ជា​ថ្មី​ថា រស់​នៅ​បែក​ស្វាមី និងកូន

ភ្នំពេញ៖ បើទោះបីជាកន្លងមក តារាសម្តែង និងជាពិធីការិនីសំដីផ្អែម កំពុងតែកាក់កបខ្លាំងក្នុងការសម្ដែងរឿង អ្នកនាង សុខ សោម៉ាវត្តី បានចេញមុខអះអាង ប្រាប់សារព័ត៌មានថា នាងនិងស្វាមី នៅតែមានភាពផ្អែមល្ហែម ជាមួយគ្នាដដែល គ្មានការប្រែប្រួលអ្វី ដូចការសង្ស័យពីមហាជនក៏ដោយ ប៉ុន្តែទន្ទឹមនឹងការចេញមុខ បកស្រាយនោះ មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែលេចឮ ព័ត៌មានថ្មីថា តារារូបនេះ កំពុងតែជ្រកក្រោមដំបូលផ្ទះ បែកពីស្វាមីនិងកូន ព្រោះតែមានអ្នកទី៣ចូលជ្រែងស្នេហ៍ ធ្វើឲ្យពួកគេឈ្លោះប្រកែកគ្នា មិនអាចរស់នៅជាមួយគ្នា ។

នាពេលកន្លងមក តារាសម្តែង ដែលមានភាពលេចធ្លោ កាយវិកាក្រម៉ិចក្រម៉ើមក្នុងរឿង «ភូមិខ្ញុំស្រស់ ឆើតឆាយ» អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានចេញមុខទទួលស្គាល់ ម្តងហើយថា នាងនិងស្វាមីពិតជា មានជម្លោះ ជាមួយគ្នាខ្លះៗដូចពាក្យចចាមអារ៉ាមមែន។ ចំពោះដើមចម ដែលធ្វើឲ្យស្វាមីភរិយា របស់ពួកគេ មានភាពប្រះស្រាំនេះ ដោយសារតែមានអ្នកទី៣ ដែលជាអ្នកសិល្បៈដូចគ្នា ព្យាយាមតាម តោងស្រវ៉ា យកស្វាមីនាងចេញពីដើមទ្រូង តែរឿងគ្រប់យ៉ាងបានបញ្ចប់ ហើយនាង និងស្វាមីក៏បាន យល់ចិត្តថ្លើមគ្នា មិនមានបញ្ហាទៀតទេ ។

ក្រោយពីតារាស្រី អ្នកនាង សុខ សោម៉ាវត្តី ធ្វើការបកស្រាយ ពីចំណងស្នេហា មានភាពរង្គោះរង្គើ ហើយរឿងនេះក៏បានស្ងប់បន្តិច។ ស្រាប់តែថ្មីៗនេះ បានលេចឮពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវគ្នាជាថ្មីម្តងទៀតថា ចំណងស្នេហារបស់ស្វាមីភរិយាមួយគូនេះ មិនបានចុះសម្រុងគ្នា ដូចការលើកឡើងនោះទេ ផ្ទុយទៅវិញពេលនេះ ស្វាមីភរិយាមួយគូនេះ បានបែកគ្នាដោយរស់នៅក្រោម ដំបូលផ្ទះ២ផ្សេងគ្នាថែមទៀតផង ។ មិនតែប៉ុណ្ណោះ ស្នេហាដែលធ្លាប់តែផ្អែមល្ហែម ឱបរឹតកៀកកើយគ្នា ពីមុនមក ក៏បានប្រែក្លាយជាល្វីងជូរចត់ដែរ ដោយពេលនេះនាង បានរស់នៅចាកឆ្ងាយពីកូន និងស្វាមី សូម្បីតែក្នុងថ្ងៃខួបកំណើត របស់នាង និងបុណ្យភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ ក៏គ្មានវត្តមាន មនុស្សសំខាន់ (កូននិងស្វាមី) ចូលរួមអបអរ និងដើរលេងរួមគ្នា ដូចពេលមុនៗដែរ ។

ពាក់ព័ន្ធនឹងការលេចឮ ព័ត៌មានដ៏រសើបនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅតារាសម្តែងស្រីស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានទេ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ ប៉ុន្តែLookingTODAY នឹងរង់ចាំស្វាគមន៍ ចំពោះការចេញមុខបកស្រាយ ពីតារារូបនេះ នៅពេលក្រោយ ដោយក្ដីរីករាយ ដើម្បីឲ្យមហាជន និងអ្នកគាំទ្រអស់មន្ទិលសង្ស័យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Sok Somavetey