(អាមេរិក)៖ Brad Pitt បានតស៊ូរឿងក្តីលែងលះយ៉ាងស្វិតស្វាញជាមួយអតីតភរិយាពីករណីគ្រប់គ្រងកូនៗទាំង ៦ ហើយពេលនេះលោកមានជំនឿថានឹងអាចមានសិទ្ធិរួមគ្នាជាមួយ Angelina Jolie ក្នុងការមើលថែកូនៗដែលមាន Maddox អាយុ១៥ឆ្នាំ, Pax អាយុ១៣ឆ្នាំ, Zahara អាយុ១២ឆ្នាំ, Shiloh អាយុ១០ឆ្នាំនិងកូនភ្លោះអាយុ៨ឆ្នាំឈ្មោះ Knox និង Vivienne ។
រឿងរ៉ាវលែងលះរវាងតារាហូលីវូតដ៏ល្បីទាំងពីរនេះចាប់ផ្តើមឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៦ ហើយអូសបន្លាយដោយសារតែមិនទាន់ដាច់ស្រេចរឿងសិទ្ធិឃុំគ្រងកូនហើយអ្នកទាំងពីរក៏មានសង្គ្រាមពាក្យសម្តីជាហូរហែរហូតមកដល់ពេលនេះទើបសម្រេចចិត្តចរចាដោយសន្តិវិធីទាំង Brad Pitt និង Angelina បានជួលចៅក្រមឯកជនឲ្យដោះស្រាយករណីនេះបន្តទោះបីជាចំណាយថ្លៃសេវាខ្ពស់បន្តិចក្តី។
ក្រោយពីជម្លោះលែងលះដ៏កក្រើកពិភពតារា ហូលីវូតហាក់ដូចជាស្ងប់ស្ងាត់ Brad ក៏អាចទៅលេងកូនៗបានជាបណ្តោះអាសន្នហើយលោកបានប្រាប់សារព័ត៌មានThe Sun ថា លោកពិតជាចង់គ្រប់គ្រងកូនៗរួមគ្នាជាមួយអតីតភរិយាហើយក៏គ្មានគំនិតយកពួកគេចេញពីនាងដែរ រីឯមេធាវីរបស់ Brad Pitt ក៏ជឿថា ចៅក្រមនឹងសម្រេច ក្តីដោយយុត្តិធម៌ផ្តល់សិទ្ធិឲ្យកូនក្តីលោកបានមើលថែកូនដូចបំណង៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង