CamNews

កីឡាជាតិ 

តើ​អូស្ដ្រាលី អាច​សង​សឹក​វៀត​ណាម លើក​ពាន AFF U-16 បាន​​អត់​​ល្ងាច​នេះ​?

(ភ្នំពេញ)៖ បន្ទាប់ពីទម្លាក់ក្រុមការពារតំណែងជើងឯកថៃ ដោយបាល់ប៉េណាល់ទីរួចមក ក្រុមយុវជនមាឌធំអូស្ដ្រាលី នឹង​ត្រូវ​ជួប​ក្រុម​យុវជន U-16 វៀត​ណាម​ម្ដង​ទៀត នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់ AFF U-16 Championship ល្ងាច​នេះ ខណៈកាលជួបគ្នាក្នុងពូលកាលពីពេលថ្មីៗកន្លងទៅ ក្រុម U-16 អូស្រ្ដាលី ចាញ់ក្រុម U-16 វៀតណាម ៣-០។ ដូច្នេះ​ចាំ​មើល​តើ​អូស្រ្ដាលី អាចសងសឹក លើកពាននេះបានទេ?

សូមរំឮកថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុម U-16 អូស្ដ្រាលី បានយកឈ្នះក្រុម U-16 ថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ បន្ទាប់​ពី​ប្រកួត​ពេញ​ម៉ោង ៩០​នាទី​ស្មើ​គ្នា ៣-៣។ ចំណែកក្រុម U-16 វៀតណាមវិញ គឺបានយកឈ្នះទាំងលំបាកលើក្រុមយុវជនម្ចាស់ផ្ទះកម្ពុជា ដោយលទ្ធផល ១-០ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។

លោក Dinh The Nam គ្រូបង្វឹកក្រុមយុវជនវៀតណាម បានលើកឡើងថា ថ្វីត្បិតក្រុមលោកធ្លាប់យកឈ្នះក្រុមយុវជនអូស្រ្ដាលីក្នុងពូលក៏ពិតមែន ប៉ុន្ដែបន្ទាប់ពីលោកតាមដានការប្រកួតរវាងអូស្ដ្រាលី និងថៃរួចមក លោកគិតថា អូស្ដ្រាលី ពិតជាមិនធម្មតាឡើយ ជាមួយនឹងការផ្លាស់ប្ដូរទម្រង់លេងថ្មី ដូច្នេះលោកនឹងស្វែងរកយុទ្ធសាស្ដ្រថ្មីៗ ដើម្បីទប់ទល់ និងយកឈ្នះអូស្ដ្រាលី លើកពានយុវជនថ្នាក់តំបន់នេះឲ្យបាន។

ដោយឡែកនៅថ្ងៃនេះដែរ ក្រុមយុវជនកម្ពុជា ក៏ត្រូវជួបគ្នាជាថ្មី ជាមួយក្រុមយុវជនថៃ ដើម្បីដណ្ដើមចំណាត់​ថ្នាក់​លេខ​៣ ប្រ​ចាំ​ព្រឹត្តិ​ការណ៍ AFF U-16 Championship នេះ​ផង​ដែរ​។ កាលពីជួបគ្នាក្នុងពូល B ក្រុមម្ចាស់ផ្ទះកម្ពុជា បានប្រកួតចាញ់ក្រុមថៃ ៦-០ ឯណោះ។ ប៉ុន្ដែលោក Inoue Kazanori គ្រូបង្វឹកក្រុមយុវជនកម្ពុជា នៅតែមានទឹកចិត្តយកឈ្នះថៃជានិច្ច បើទោះបីធ្លាប់ចាញ់ថៃក៏ដោយ។ លោកថា «លទ្ធផល ទាល់តែការប្រកួតចប់ ទើបបានដឹងឈ្នះ-ចាញ់»

U-16 វៀតណាម កាលយកឈ្នះ U-16 កម្ពុជា ១-០

U-16 កម្ពុជា (អាវខៀវ) ប្រកួតទល់នឹង U-16 វៀតណាម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

U-16 ថៃ

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: AFF U16