CamNews

តារា 

រីយ៉ា ឆក់​បាន​តំណែង​តួឯក លើក​ដំ​បូង ក្នុង​រឿង​«ស្រុក​ស្រែ​ស្នេហ៍​ខ្ញុំ»

(ភ្នំពេញ)៖ តាមរយៈប្រជាប្រិយភាព ស្ទើរតែឡើងដល់កំពូល ចាប់តាំងពីសម្ដែងបទ«ទីបំផុត.!»​ជាមួយនឹងតារាចម្រៀង លោក ហេង ពិទូ ហើយត្រូវបានទស្សនិកជនស្គាល់ជាទូទៅមក ស្រីស្រស់ពូកែលេងទឹកមុខ កញ្ញា ម៉ុន ផល​ចរិយា ហៅ រីយ៉ា ថ្មីៗនេះ ​ស្រាប់តែឆក់បានតំណែង ជាតួឯកលើកដំបូង ក្នុងរឿង «ស្រុកស្រែស្នហេ៍ខ្ញុំ» ដោយបានចាប់ដៃគូសម្ដែង ជាមួយតួឯកប្រុស លោក ណាខុន ហើយបានធ្វើពិធីក្រុងពាលីថតនាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅក្នុងសណ្ឋាគារ សូហ្វីតែល​ភោគីត្រា ភ្នំពេញ។

ភាពយន្តភាគរឿង «ស្រុកស្រែស្នេហ៍ខ្ញុំ» ជាការចំណាយទុនផលិត និងរៀបចំឡើងដោយស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ និងជារឿងទី២ បន្ទាប់ពីរឿង​«ភ្លើងស្នេហ៍ ភ្លើងឫស្សា» ដែលមានកញ្ញា នី មុនីនាថ សម្ដែងជាតួឯស្រី និងកំពុងតែដំណើរកាថតរាល់ថ្ងៃ ហើយជាការសហការផលិត រវាងផលិតករខ្មែរនិងថៃ ​​ដើម្បីឲ្យសាច់រឿងទាំងមូល មានភាពទាក់ទាញ ខុសប្លែកពីភាពយន្តខ្មែរដទៃទៀត។

ដោយសារតែទើបទទួលបានតំណែង ជាតួឯកលើកដំបូង ស្រីស្រស់ រីយ៉ា បានសម្ដែងអារម្មណ៍រំភើបរីករាយ ឥតឧបមា ហើយបានតាំងចិត្តថា នឹងប្រឹងសម្ដែងឲ្យអស់ពីសមត្ថភាព តម្រូវតាមអ្នកដឹកនាំសម្ដែង បើទោះបីជាឈុតឆាកខ្លះ​ នាងមិនធ្លាប់បានសម្ដែងនាពេលកន្លងមកក្ដី ។ រីយ៉ា និយាយថា « ចា៎..បង តួឯកលើកដំបូងនេះ ខ្ញុំនឹងប្រឹងសម្ដែង ឲ្យអស់ពីសមត្ថភាព ទោះជាប៉ះចំឈុត យំ សើច ឬកំប្លែង ក៏ខ្ញុំត្រូវតែខំដែរ..។ ខ្ញុំសប្បាយចិត្តបង..! ដែលអ្នកដឹកនាំរឿងផ្ដល់ឱកាសឲ្យខ្ញុំ ព្រោះកន្លងមកខ្ញុំធ្លាប់សម្ដែងតែ បទចម្រៀងខារ៉ាអូខេខ្លីៗ និងដើរម៉ូដ តែពេលសម្ដែងរឿង ​ត្រូវចំណាយពេលថតយូរ និងប៉ះពាល់ការសិក្សាខ្លះ តែក៏អត់មានបញ្ហាអ្វីចោទដែរ ខ្ញុំនឹងតស៊ូឲ្យអស់ពីលទ្ធភាព..! » ។

តារាសម្ដែងរាងតូចច្រឡឹង ចង្កេះអង្ក្រង កញ្ញា រីយ៉ា បានបញ្ជាក់ទៀតថា សាច់រឿងទាំងមូល គឺត្រូវនឹងចិត្តរបស់នាងតែម្ដង ព្រោះនាងចូលចិត្តស្លៀកពាក់ ជារបៀបអ្នកស្រុកស្រែចំការ សាមញ្ញៗ ហើយរឿងនេះអ្នកដឹកនាំសម្ដែងតម្រូវឲ្យនាង ស្លៀកពាក់ជាអ្នកស្រុកស្រែ កូនអ្នកចំការ បង្ហាញពីស្នេហាស្រុកស្រែ ដែលនាងសង្ឃឹមថា នឹងទទួលបានជោគជ័យ ក្នុងស្នាដៃដំបូងរបស់នាង នៅពេលនេះ ។ ​

ភាពយន្តរឿង«ស្រុកស្រែស្នេហ៍ខ្ញុំ» ជារឿងបែបមនោសញ្ចេតនា បង្ហាញពីជីវិតស្នេហា រវាងកំលោះ និងក្រមុំស្រុកស្រែ ដែលបានកើតឡើងក្នុងខេត្ត បាត់ដំបង ជាស្នេហាពោរពេញ​ ដោយភាពផ្អែមល្ហែម ព្រមជាមួយនឹងបទចម្រៀងយ៉ាងពីរោះ បែបជនបទ បង្កើតជាទស្សនីយភាពកំប្លុកកំប្លែង សប្បាយរីករាយ ស្ទើរគ្រប់ឈុតឆាក ។ ជាមួយគ្នានេះ ក្រៅពីប្លែកអារម្មណ៍ នឹងឈុតឆាកកំប្លែង ទស្សនិកជននឹងស្លុងអារម្មណ៍ ជាមួយឈុតសោកសង្រែង កំសត់សង្វេគ ដោយសារតែបញ្ហាជាច្រើន ក្នុងផ្ទៃរឿងទាំងមូល រារាំងស្នេហារបស់កំឡោះក្រមុំមួយគូនេះ មិនឲ្យជួបគ្នាដូចក្ដីប្រាថ្នា ហើយឧបសគ្គដ៏ធំនោះគឺ រនាំងវណ្ណៈ និងគំនុំរបស់គ្រួសារ របស់អ្នកទាំងពីរ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Riya Heng pitou