(ភ្នំពេញ)៖ យុវជនម្នាក់បានប្រឌិតរឿងថា មានចោរប្លន់ម៉ូតូរបស់ខ្លួនម៉ាក Zoomer មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1DF-2250 យកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងនគរបាលខណ្ឌទួលគោក ចុះមកសួរនាំ និងជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែក្រោយការជជីកសួរនាំរួចមក ស្រាប់តែជននេះឆ្លើយប្រប់ថា ខ្លួនបានយកម៉ូតូ ទៅបញ្ចាំចំនួន៧០០ដុល្លារ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា ហេតុការណ៍ ប្រឌិតរឿងប្លន់នេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរ ផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
សេចក្តីរាយការណ៍ បានបន្តទៀតថា យុវជនរូបនេះមានឈ្មោះ ឡឹក រិទ្ធរក្ស អាយុ២២ឆ្នាំ រ់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានមុខរបរជាអ្នកលក់គ្រឿងអេឡិចត្រូនិច តាមប្រព័ន្ធ Online ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច យុវជនរូបនេះ មានលេងល្បែងចាក់បាល់ នៅតាមប្រព័ន្ធ Internet បណ្តាលឲ្យចាញ់ ទើបយកម៉ូតូរបស់ខ្លួនទៅបញ្ចាំចំនួន៧០០ដុល្លារ នៅហាង បញ្ចាំឈ្មោះ ម៉ារ៉ាន់II ស្ថិតនៅផ្ទះលេខ៨ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយជននេះ តែងតែបញ្ចាំនៅហាងមួយនេះជាប្រចាំទៅហើយ។
តែលើកនេះ ក្រោយចេញពីហាងបញ្ចាំ ក៏ប្រឌិតរឿងថា ចោរប្លន់តែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋចុះទៅមើលជាច្រើននាក់។ ក្រោយដឹងថាជននេះប្រឌិតរឿងនោះ សមត្ថកិច្ចក៏នាំខ្លួនទៅហាងបញ្ចាំនោះ និង យកម៉ូតូមកវិញ ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចំាំសុំគោលការណ៍ ណែនាំបន្តទៀតពីស្នងការនគរបាលរាជធានីភ្នំពេញ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី