(កូរ៉េ)៖ នាង Sulli តារាចម្រៀង និងជាតារាសម្តែងកូរ៉េដ៏ស្រស់ស្អាតម្នាក់ រងពាក្យចចាមអារ៉ាមថា នាងប៉ុន ប៉ងធ្វើអត្តឃាត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សាកលវិទ្យាល័យសេអ៊ូលភ្លាមៗ កាលពីថ្ងៃទី២៤ វិច្ឆិកា កន្លងទៅនេះ បន្ទាប់ពីនាងរងរបួសស្រាល តែប្រភពព័ត៌មាន បែរជាផ្សព្វផ្សាយយ៉ាងរហ័សថា តារាស្រីវ័យក្មេងរូបនេះ កំពុងប៉ងសម្លាប់ខ្លួន។
គេហទំព័រព័ត៌មានកូរ៉េមួយ ផ្សាយថា Sulli រងរបួសបាក់កដៃខាងឆ្វេង ប៉ះពាល់ដល់សរសៃពួរ តម្រូវឲ្យព្យាបាលបន្ទាន់ បន្ទាប់ពីឆ្លុះ X-ray រួចហើយ ខាងមន្ទីរពេទ្យព្យាយាមរក្សា ការសម្ងាត់ជូនអ្នកជំងឺ ដោយមិនបកស្រាយ ចំពោះការចោទសួរ របស់អ្នកកាសែតឡើយ ព្រោះវាជារឿងឯកជនរបស់គេ។ តារាចម្រៀងស្រីរូបនេះ បានចាកចេញ ពីមន្ទីរពេទ្យភ្លាមដែរ បន្ទាប់ពីនាងចូលព្យាបាលរបួស ប្រមាណជា៣០នាទីប៉ុណ្ណោះ។
រីឯមិត្តប្រុសរបស់នាងគឺ Choiza ក៏កំពុងត្រូវបានអ្នកកាសែតសង្ស័យថា ពាក់ព័ន្ធនឹងដំណឹងចចាមអារ៉ាមនេះ ព្រោះអ្នកទាំងពីរអាចនឹងមានបញ្ហា ជាមួយគ្នា ប៉ុន្តែមិនមានការឆ្លើយតបណាមួយ ពីសំណាក់មិត្តប្រុស Sulli ទេ។ ខាងផលិតកម្ម SM Entertaintment និយាយថា ពេលនេះតារាស្រីក្នុងផលិតកម្មរបស់ខ្លួន មានសុខភាពធម្មតាទេ ហើយកំពុងសម្រាកព្យាបាល៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង