(ស្ទឹងត្រែង)៖ លោកស្រី ខាវ ថងញ៉ុត ត្រូវជាភរិយារបស់អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត តារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ៦០ បានថ្លែងកោតសរសើរ អំពីទេពកោសល្យរបស់ ស្វាមីរបស់ខ្លួនប្រាប់លោក វ៉ាលីម ហេដ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថា គ្រាន់តែស្វាមីរបស់គាត់ ទៅពិសាគុយទាវមួយព្រឹក គាត់អាចសរសេរបទចម្រៀងបានចំនួន ២បទ យ៉ាងងាយស្រួល។
ការកោតសរសើរបែបនេះ ត្រូវបានរំលិចឡើងក្នុងគណនីហ្វេសប៊ុករបស់លោកឯកអគ្គរដ្ឋទូត វ៉ាលីម ហេដ ក្នុងពេលលោកបានឈប់សម្រាកនៅខេត្តស្ទឹងត្រែង ក្រោយពេលលោកត្រឡប់មកពីដំណើរកម្សាន្ត នៅខេត្តរតនគិរី។
ក្នុងគណនីហ្វេសប៊ុក លោក វ៉ាលីម ហេដ បានបញ្ជាក់ថា «លោកស្រីមានប្រសាសន៍ថា៖ លោក ស៊ីន ស៊ីសាមុត អាចសរសេរបានចម្រៀងបាន ២បទ ពេលទៅពិសាគុយទាវមួយព្រឹក»។
លោកស្រីបានបន្តថា អ្នកចម្រៀងផ្សេងទៀត អាចមានសម្លេងប្រហាក់ប្រហែលនឹងសម្លេងរបស់ លោក ស៊ីន ស៊ីសាមុត តែគ្មាននរណាម្នាក់មានភាពប៉ិនប្រសប់ ក្នុងការសរសេរបទចម្រៀងដូច លោក ស៊ីន ស៊ីសាមុត ឡើយ។
ក្នុងឱកាសនោះ លោកស្រី ខាវ ថងញ៉ុត បានទទួលលោកឯកអគ្គរដ្ឋទូតយ៉ាងកក់ក្ដៅ នៅគេហដ្ឋានរបស់លោកស្រី ជាទីដែលលោកស្រីរស់នៅស្ទើរតែមួយជីវិត ហើយត្រូវបានជួសជុលឡើងវិញ នៅឆ្នាំ២០១៥ ដោយប្រើថវិកាដែលបានពីការប្រគំតន្រ្តីមនុស្សធម៌ រៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីថែមទាំងបាននាំលោកឯកអគ្គរដ្ឋទូត និងប្រតិភូរបស់លោក ចូលទៅមើលផ្ទះពីកុមារភាពរបស់ លោក ស៊ីន ស៊ីសាមុត ដែលស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រ ពីផ្ទះបច្ចុប្បន្នរបស់លោកស្រី តែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី