(ភ្នំពេញ)៖ តារាចម្រៀង និងសម្តែងកូនភ្លោះប្រុសពីរនាក់ លោក ស៊ិន សុភា និង ស៊ិន សុភ័ក្តិ ថ្មីៗនេះ បានធ្វើឲ្យអ្នកនិយម លេងបណ្តាញសង្គម Facebookមានការភ្ញាក់ផ្អើលគ្រប់គ្នាព្រោះតែ តារាប្រុសពីរនាក់បងប្អូនភ្លោះរូបនេះ បានចេញមុខមកលាទត្រដាង ពីជម្លោះហែកហួរគ្នា ពីវិបត្តិស្នេហាផ្ទាល់រវាងពួកគេទាំងពីរនាក់ ព្រោះតែស្រឡាញ់ស្រីម្នាក់ ដែលធ្វើឲ្យពួកគេ មានការឈឺចាប់ខ្លាំងស្ទើរ រកអ្វីប្រៀបផ្ទឹមគ្នាឡើយ។
តារាប្រុសទាំងពីរនាក់បងប្អូន លោក ស៊ិន សុភា និង ស៊ិន សុភ័ក្តិ ដែលធ្លាប់តែមានទឹកមុខញញឹម សប្បាយរីករាយមិនដែលកើតទុក្ខ ពីមុនមក ស្រាប់តែពេលនេះ បែរជាសរសេរ ទម្លាយប្រាប់ពីរឿងរ៉ាវប្រវត្តិស្នេហ៍ ព្រមជាមួយនិងទឹកមុខដ៏ក្រៀមក្រំ នៅលើបណ្តាញទំនាក់ទំនង Facebook រួមជាមួយការរៀបរាប់ ពីរឿងរ៉ាវជីតស្នេហា ដែលពួកគេ បានដាក់ចិត្តស្រលាញ់នារីម្នាក់ ស្របគ្នាក្នុងពេលតែមួយ ពោលគឺមានចិត្តដូចគ្នា តែមួយមិនថាលើតែសម្ភារៈរបស់របរ ឬការស្រឡាញ់ស្រីនោះទេ។
ឆ្លើយតបនឹងសាច់រឿងខាងលើ តារាកូនភ្លោះដែលកំពុងទាញបាន ប្រជាប្រិយភាពយ៉ាងច្រើនគួរសម ពីទស្សនិកជន លោក ស៊ិន សុភា និងស៊ិន សុភ័ក្តិ បានថ្លែងប្រាប់Khmertalking តាមទូរស័ព្ទថា «ជាការពិតបង ប៉ុន្តែនេះគ្រាន់តែជាអត្ថន័យ ក្នុងចម្រៀងរបស់ប៉ុណ្ណោះ។ ដូច្នេះសុំមហាជនកុំមានការយល់ច្រឡំ ព្រោះពុំមែនជាសាច់រឿងមែនទែន របស់ខ្ញុំទាំងពីរនាក់ បងប្អូននោះឡើយ»។
តារាកូនភ្លោះប្រុសពីរនាក់ លោក ស៊ិន សុភា និង ស៊ិន សុភ័ក្តិ បានបញ្ជាក់ថា នេះជាអត្ថន័យ នៅក្នុងបទចម្រៀងថ្មីរបស់លោក ដែលជាការច្រៀងរួមគ្នាមានចំណងជើងថា «សង្គ្រាមស្នេហ៍បងប្អូនភ្លោះ» គ្រោងត្រៀមចេញលក់ នៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ។ ម្យ៉ាងវាក៏ជាបទដំបូង របស់ពួកគ្រាដែល កំពុងក្លាយជាតារាចម្រៀង ប្រចាំផលិតកម្មថ្មីមានឈ្មោះថា 7Seven Music Production។ តាមរយៈបទនេះ កាលពីថ្មីៗនេះ តារាកូនភ្លោះបានយកទៅច្រៀង នៅលើតន្រ្តីស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍CNC រហូតមានទស្សនជនច្រើន បានគាំទ្របទនេះយ៉ាងច្រើន៕