(ភ្នំពេញ)៖ ទីបំផុត កម្មវិធី «I Am a singer Cambodia» បានរកឃើញម្ចាស់ពានហើយ គឺលោក ដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ បានជាប់ជាជ័យលាភី ក្នុងរដូវកាលនេះ ខណៈកម្មវិធីមានរយៈពេល១៣សប្ដាហ៍ ហើយមាន៦ជុំ និងមានវិញ្ញាសារចម្រៀងជាច្រើនដូចជា បទចម្រៀងផ្ទាល់ខ្លួន បទចម្រៀងញាក់ បទចម្រៀងស្រី តែអ្នកចម្រៀងប្រុសចច្រៀង បទចម្រៀងយីកេ ល្ខោនបាសាក់ និងវិញ្ញសារចុងក្រោយ គឺច្រៀងជាមួយតារាចម្រៀង អាជីពផ្ទាល់តែម្ដង។
នៅវគ្គចុងក្រោយ លោក ដួង វិរៈសិទ្ធ បានប៉ះជាមួយ លោក ឯក ស៊ីដេ តារាចម្រៀងសំឡេងផ្អែមពីរោះ បែបគ្រលួច ហើយអ្នកទាំងពីរច្រៀងបានល្អឥតខ្ចោះ ក្នុងបទចម្រៀង «ស្នេហ៍ស្រីង៉កង» ដែលបទចម្រៀងដ៏ល្បីល្បាញ កាលពីលោក ឯក ស៊ីដេ បានចូលសិល្បៈដំបូងៗ។ លោក ដួង វីរៈសិទ្ធ មានគ្រូភ្លេង តាមបង្ហាត់បង្ហាញតែម្នាក់គត់ គឺលោក ម៉ម មិថុនា ដែលបានបង្រៀនលោក តាំងពីវគ្គដំបូងៗ រហូតដល់សប្ដាហ៍ចុងក្រោយ ហើយមានទាំងបង្ហាត់ឲ្យលោក វិរៈសិទ្ធ ចេះផ្លុំខ្លុយ ថែមទៀតផង។
លោក ដួង វីរៈសិទ្ធ បាននិយាយថា «ការកាន់ពាន ជាអ្វីដែលលោកមិនធ្លាប់ស្រមៃ ទាល់តែសោះ ពិសេសក្នុងកម្មវិធីនេះ ផ្ទាល់តែម្ដង ព្រោះ តារាចម្រៀងក្នុងកម្មវិធី មានសមត្ថភាពគួរឲ្យញាក់សាច់ណាស់ ដូចជា លោក ហ្សូណូ, កញ្ញា សួស វីហ្សា, កញ្ញាផន ស្រីខួច ជាដើម សុទ្ធតែមានដើមទុននៃសំឡេងដ៏អស្ចារ្យ ពិសេសពួកគាត់ ប្រឡូកសិល្បៈយូរមកហើយ»។
តារាចម្រៀង ដួង វិរៈសិទ្ធ បានថ្លែងបន្តថា «លោកគិតថា ចូលរួមកម្មវិធីគ្រាន់តែកំដរគេប៉ុណ្ណឹង ហើយខ្លាចតែមិនដល់ជុំ ចុងក្រោយផងក៏មិនដឹង តែមកពីអ្នកគាំទ្រលោក ទើបមានថ្ងៃនេះ ព្រោះកម្មវិធីត្រូវឲ្យបោះឆ្នោត តាមប្រព័ន្ធទូរស័ព្ទ ហើយលោកជាតារា ដែលមានអ្នកបោះឆ្នោតឲ្យច្រើន ស្ទើរតែរាល់សប្ដាហ៍ !»។
លោក ដួង វីរៈសិទ្ធ ថ្វីត្បិតតែមានពាន ក្នុងដៃ និងទទួលបានប្រាក់លើកទឹកចិត្តច្រើនក៏ពិតមែន ក៏គេមិនអាចដឹងថា លោកនឹងមានបទចម្រៀងច្រៀងច្រើនទៀត ឬយ៉ាងណាទេ ទោះបីលោកស្ថិតក្នុងផលិតកម្ម រស្មីហង្សមាស ហើយក៏ដោយ ។ លោក ដួង វីរៈសិទ្ធ ក៏ត្រូវបានមហាជនមួយចំនួន មិនសូវពេញចិត្ត ដោយសារតែហ្វេនលោកច្រើន ទើបជាប់ តែនេះជាលក្ខខ័ណ្ឌ នៃកម្មវិធីតម្រូវ ទើបលោកជាប់បានបានយ៉ាងងាយស្រួល។ បើសិនជាមានគណៈមេប្រយោគ លោកក៏មិនអាចកាន់ពានបានដែរ។ តែផ្ទុយពីនេះវិញ អ្នកគាំទ្របាននិយាយ លោក ដួង វិរៈសិទ្ធ ពិតជាមនុស្សមានសមត្ថភាព ខាងតន្ត្រីយ៉ាងពិតប្រាកដ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង