(ភ្នំពេញ)៖ តារាចម្រៀងប្រុស លោក ដួង វីរៈសិទ្ធ ម្ចាស់ពានទីបីរបស់ហង្សមាស ក្នុងកម្មវិធី «I Am a singer Cambodia» ដែលជាកម្មវិធីប្រកួតប្រជែង តារាចម្រៀងដំបូងគេបង្អស់ នៅប្រទេសកម្ពុជា ត្រូវបានអ្នកគាំទ្រ និងអ្នកធ្លាប់រាប់អានស្គាល់គ្នារូបលោក បានលួចសរសើរថា ជាតារាចម្រៀង មានអត្តចរិតល្អ ចេះមានការប្រាស្រ័យទាក់ទងគ្នា ដោយការយោគយល់ មិនប្រកាន់ខ្លួន ក្នុងចំណោមតារាចម្រៀង ល្បីៗជាច្រើនរួមទ្រនំជាមួយគ្នា។
បើនិយាយពីពេលប្រកួត ក្នុងកម្មវិធី «I Am a singer Cambodia» លោក ដួង វីរៈសិទ្ធ ត្រូវបានមហាជនកត់សម្គាល់ឃើញថា លោកមានចំណុចលេចធ្លោខ្លាំង ជាងម្ចាស់ពានដទៃ ជាពិសេសគឺត្រង់ថា ជាតារាចម្រៀងមានឈ្មោះ បោះសំឡេងរួចទៅហើយ មុននឹងលោកក្លាយជាម្ចាស់ពាន របស់កម្មវិធី «I Am a singer Cambodia» ដូចនេះក្រោយពីលើកពានរួច លោកកាន់តែល្បីល្បាញ ព្រោះបានបង្ហាញសមត្ថភាព មកកាន់ទស្សនិកជនថា លោកអាចបកស្រាយបទចម្រៀងជាច្រើនទំរង់មិនថា យីកេ ល្ខោនបាសាក់ បទញាក់ បទស្លូ ពោលលោកមិនរាថយ ក្នុងវិញ្ញាសាណាមួយឡើយ។
តារាចម្រៀងសំនៀងស្រទន់ ដួង វីរៈសិទ្ធ មិនត្រឹមតែមានសំឡេងល្អ រូបសម្បត្តិស្រស់សង្ហាទេ ថែមទាំងជាកូនកត្តញ្ញូទៀតផង ខណៈប្រភពព័ត៌មានពីអ្នកជិតស្និទ្ធ និងជាអ្នករៀបចំកម្មវិធីមួយបានប្រាប់ Khmertalking ថា លោក ដួង វីរៈសិទ្ធ ពេលច្រៀងចប់ តែងតែផ្ញើរថវិកាទៅស្រុក ជូនម្ដាយមិនដែលខកខានឡើយ តែចំនួនតិច ឬច្រើនលោកមិនដឹងនោះទេ ។ ប្រភពដដែលបន្តថា ដួង វីរៈសិទ្ធ ផ្ទុយស្រឡះពីម្ចាស់ពានដទៃ ដែលលោកធ្លាប់ជួប ហើយនៅតែរក្សាអត្តចរិតល្អ គោរពរចាស់ទុំ ប្រឹងប្រែងធ្វើការ មិនក្រអើតក្រទមឡើយ។
លោក ដួង វីរៈសិទ្ធ ក្រៅពីរក្សាបាននូវអត្តចរិតល្អ លោកថែមទាំងខិតខំសិក្សារៀនសូត្រ ដោយបច្ចុប្បន្ន ត្រូវបានគេដឹងថា ជានិស្សិតនៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង