(ភ្នំពេញ)៖ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមទីម័រខាងកើត នាថ្ងៃទី២៩ ខែឧសភាខាងមុខនេះ ម្ចាស់បទ «រាំញីកែងជើង» លោក ងួន ចាន់ដេវីត នឹងលើកយកបទដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនេះ មកច្រៀង និងរាំបំបែកកំណត់ត្រាដោយមានអ្នកចូលរួមច្រើនបំផុត នៅលើទីលានពហុកីឡដ្ឋានជាតិ ។
យោងតាមវីដេអូរបស់លោក ងួន ចាន់ដេវីត ដែលត្រូវបានបង្ហោះក្នុងទំព័រ Facebook សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការរាំបំបែកកំណត់ត្រានេះ នឹងធ្វើឡើងអំឡុងពេលការប្រកួតមិត្តភាពរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើតបញ្ចប់ការប្រកួតតង់ទី១ ហើយអនុញ្ញាតឲ្យអ្នកគាំទ្រ ដែលទៅទស្សនាបាល់ចូលរួមរាំដោយសេរី ។
គួរបញ្ជាក់ផងដែរថា ការណាត់ទីម័រខាងកើ មកប្រកួតមិត្តភាពក្នុងរាជធានីភ្នំពេញ គឺជាការកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Lee Tae Hoon គ្រូបង្វឹកកម្ពុជា ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ សម្រាប់ត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយចិនតៃប៉ិ នៅថ្ងៃទី២ និងថ្ងៃទី៧ ខែមិថុនាខាងមុខនេះ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង