កែប៖ តារាចម្រៀងសំឡេងស្អក មានកេរ្តិ៍ឈ្មោះល្បីល្បាញ របស់ផលិតកម្ម ថោន លោក ខេម ហាក់ កំពុងតែឡើងកូដខ្លាំង ដោយសារការលើកតម្កើងពីផលិតកម្ម ថោន ជាពិសេស លោកបានច្រៀងរួម ជាមួយ តារាចម្រៀង ស្រីសំឡេងក្រអួនក្រអៅ មាស សុខសោភា តាមរយៈបទចម្រៀងឆ្លើយឆ្លង ធ្វើឲ្យ ខេម ទទួលការគាំទ្រជាបន្តបន្ទាប់ ។
ថ្មីៗនេះក្រសួងទេសចរណ៍ បានរៀបចំបុណ្យសមុទ្រ ជាលើកទី២ ក្រោមការសហការ ជាមួយផលិត កម្មចម្រៀងល្បី ដូចជា ហង្សមាស និងថោន និងស្ថាបនពាក់ព័ន្ធនានាជាច្រើនទៀត ដើម្បីឲ្យវីធីមាន ភាពសម្បូរបែប និងអស្ចារ្យជាងបណ្ដាឆ្នាំមុនៗ។ ក្នុងនោះ ក៏មានវត្តមានតារាចម្រៀង ពីផលិតកម្ម ថោន ពីរដួង គឺកញ្ញា អេនីហ្សាម និង លោក ខេម ។ តារាចម្រៀងទាំងពីរ ជាតំណាងផលិតកម្ម ថោន ចូលរួម តែអ្វីដែលគួរឲ្យងឿងឆ្ងល់ គឺចុងបញ្ចប់នៃកម្មវិធី គេសង្កេតឃើញលោក ខេម ពុំបានបង្ហាញនៅ ស្នាមញញឹម ដាក់មហាជនឡើយ ពោលបែរជាបង្ហាញទឹកមុខស្រពោន ហាក់ធុញថប់នឹងអ្វីម្យ៉ាង។
ប្រភពជិតស្និទ្ធនឹង លោក ខេម បាននិយាយប្រាប់ LookingTODAY ថា ខេម អន់ចិត្តខ្លាំងណាស់ ស្ទើរ តែស្រែកយំ ក្នុងថ្ងៃបុណ្យសមុទ្រ លើកទី២ នៅខេត្តកែប ដោយសារតែពេលអ្នករៀបចំកម្មវិធី អញ្ជើញ លោកឲ្យទៅច្រៀង បានសុំបទចម្រៀងពីលោកជាច្រើនបទ ហើយបាននិយាយថា លោកនឹងត្រូវបាន បង្ហាញមុខ រួមជាមួយបទច្រៀងជាច្រើន ក្នុងថ្ងៃបុណ្យសមុទ្រ រួមទាំងបង្ហាញស្ទីលថ្មី ទៅកាន់បងប្អូននា ខេត្តកែប ផងដែរ ។
តែអ្វីដែល លោក ខេម ទទួលបានបញ្ច្រាសត្រឡប់មកវិញ ក្នុងថ្ងៃបុណ្យសមុទ្រនោះ គឺលោក ខេម ទទួលបានតែបទចម្រៀង១បទគត់ ដែលជាបទ ត្រូវច្រៀងឆ្លើយឆ្លងជាមួយ កញ្ញា អេនីហ្សាម ទៀត មានន័យថា ច្រៀងបានតែកន្លះបទ តែប៉ុណ្ណោះ ។ ប្រភពដដែលបានបន្ត លោក ខេម ទៅខេត្តកែប លើកនេះ មិនមែនទៅម្នាក់ឯងទេ ថែមទាំងមានអ្នករាំ៤ទៅ៥ នាក់ទៀត រួមទាំងរថយន្តផ្ទាល់ខ្លួន ដែល សរុបទាំងថ្លៃ ធ្វើដំណើរមិនក្រោម ៤០០ ដុល្លារជាងទេ ។ លោក ខេម មិនបានទទួលថវិកាសមរម្យ ត្រឡប់មកវិញទេ សូម្បីតែ១ដុល្លារ ព្រោះវត្តមានលោក ជាវត្តមានកិត្តិយស ។
ប្រភពនោះ បាននិយាយថា តាមពិតទៅកំហុសមិនមែន មកពីអ្នករៀបចំកម្មវិធីទេ ក៏មានចំណែកមកពី លោក ខេម ខ្លួនឯងដែរ ព្រោះពេលហាត់សម នៅកោះពេជ្រ លោកពុំបានអញ្ជើញមក ពេលប្រជុំក៏ពុំ បានមក គឺលោកចាំតែទៅច្រៀងប៉ុណ្ណោះ ។ រីឯតំណាងខាងក្រុមហ៊ុន លោកក៏ពុំបានអញ្ជើញទៅ ប្រជុំ ដែរ។ ដូចនេះមិនដឹងជាកំហុសខាងណា ឲ្យប្រាកដទេ មានតែចែកគ្នា ខុសបន្តិចម្នាក់ទៅគឺត្រូវហើយ ។ ខេម បន្ទាប់ពីខឹងដាច់ក្បាលដាច់កន្ទុយ ក៏ទៅហូបក្ដាបសមុទ្រជាងដប់គីឡូ ជាមួយក្រុមរាំ រួចក៏ទៅ ភ្នំពេញវិញ ទាំងយប់តែម្ដង ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល