(អាមេរិក)៖ ក្រោយពីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកបានបង្ហាញថា លោក Donald Trump ជាប់ជាប្រធានាធិបតីទី៤៥ មក ធ្វើឲ្យតារាហូលីវូតល្បីៗជាច្រើន បញ្ចេញប្រតិ កម្មយ៉ាងខ្លាំង ដោយខ្លះត្រៀមចាកចេញពិអាមេរិក ទៅរស់នៅប្រទេសទីបី ដូចជា កាណាដា ឬញូវហ្សឺលែន ជាដើម។
បាតុកម្មក៏កើតមានឡើង ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ពីសំណាក់ក្រុមអ្នកគាំទ្រ លោកស្រី Hillary Clinton ដោយពួកគេបញ្ចេញកំហឹងថា មិនត្រូវការមនុស្សដែលខ្លួនស្អប់ មកដឹកនាំប្រទេសឡើយ។ រីឯតារាចម្រៀងល្បី Beyonce និង Jay Z បានបង្ហើរសម្តីដ៏មានន័យថា ពួកគេចង់ឲ្យលោកស្រី Michelle Obama ឈរឈ្មោះជាបេក្ខជន ប្រធានាធិបតីអាមេរិក នៅអាណត្តិក្រោយ ក្នុងឆ្នាំ២០២០ ដែលសម្តីនេះលើកឡើង ក្រោយពីការបរាជ័យរបស់លោកស្រី Hillary Clinton ដែលអ្នកទាំងពីរព្យាយាម ឃោសនារកសម្លេងឆ្នោតឲ្យ។
ប៉ុន្តែទីបំផុតក៏ត្រូវចាញ់ លោក Donald Trump ទើបតារាចម្រៀងវ័យ៣៥ឆ្នាំ និងស្វាមីបង្វែរការចាប់អារម្មណ៍ បេក្ខភាពថ្មីនៅអាណត្តិក្រោយ គឺភរិយាលោក Barac Obama វិញ។ Beyonce និយាយថា នាងចង់ឲ្យកូនស្រីធំឡើង ឃើញថ្នាក់ដឹកនាំប្រទេសរបស់ខ្លួន ជាស្ត្រី ប៉ុន្តែពេលនេះគោល បំណងរបស់នាង ត្រូវបរាជ័យក្រោយការចាញ់សម្លេងឆ្នោត របស់លោកស្រីគ្លីនតុន តែសង្ឃឹមថា នៅឆ្នាំ២០២០ សហរដ្ឋអាមេរិកអាចនឹង មានស្ត្រីជាមេដឹកនាំ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង