ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ លើវិថីសិល្បៈ អស់ជាច្រើនឆ្នាំ កន្លងមក ថ្មីៗនេះតារាសម្តែង និងជាពិធីករ លោក អ៉ឹម ជីវ៉ា បានទទួល តំណែងថ្មីមួយ ជា"អគ្គលេខាធិការង" នៃអង្គការច្បាប់កម្ពុជា ដែលអង្គការ ច្បាប់មួយនេះ ត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ តាមលិខិត លេខ១៦៣/សជណ/ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤ របស់ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា ។
ខណៈតារាសម្តែង អ៉ឹម ជីវ៉ា ទើបតែទទួលបាន តំណែងថ្មី នៅក្នុងអង្គការច្បាប់ កម្ពុជាដែលជា អង្គការមួយ មិនប្រកាន់និន្នាការ នយោបាយ លោកបានថ្លែង រៀបរាប់ ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៤ថា លោកមានសេចក្តី សោមនស្ស រីករាយ ក្រៃលែង ដែលលោកត្រូវបាន ទទួលការទុកចិត្ត ពីប្រធានអង្គការច្បាប់កម្ពុជា សម្រេចឲ្យតែងតាំង ឲ្យលោកធ្វើជា អគ្គលេខាធិការង នៃអង្គការច្បាប់កម្ពុជា ។
តារាសម្តែងរូបនេះ មានសុទិដ្ឋិនិយមថា "តាមពិតទៅការងារថ្មី មួយនេះ គឺជាការងារ ដែលខ្ញុំស្រឡាញ់ និងពេញចិត្តធ្វើជា ទីបំផុត ព្រោះការងារនេះ គឺជាការងារមួយជួយដល់ សង្គមជាតិ ក៏ដូចជាជួយទៅដល់ ប្រជាពលរដ្ឋគ្រប់ៗ រូបដោយមិនប្រកាន់ និន្នាការនយោបាយ ឬគណបក្ស ណាមួយឡើយ។ ចំពោះតំណែងរបស់ខ្ញុំ ក៏ដូចជាអង្គការ ច្បាប់កម្ពុជានេះ គឺបង្កើតឡើង ដើម្បីជួយដោះស្រាយ វិវាទណាមួយ របស់ប្រជាពលរដ្ឋ ដែលដោះស្រាយមិនបាន ។ មិនតែប៉ុណ្ណោះ អង្គការមួយនេះ ក៏ដើរទន្ទឹមគ្នា ជាមួយនឹងអង្គភាព ប្រឆាំងអំពើរពុករលួយផងដែរ" ។
ពាក់ព័ន្ធទៅនឹងការងារ ក៏ដូចជាមុខតំណែងថ្មី របស់លោក អ៉ឹម ជីវ៉ា នេះដែរ លោកបាន និយាយ ឲ្យដឹងថា ដើមចមដែលនាំឲ្យលោក ទទួលបាន តំណែងនេះ គឺដោយសារតែការ ខិតខំប្រឹងប្រែងតស៊ូ របស់លោកនា ពេលកន្លងមក ក៏ដូចជាចំណេះដឹង ដែលលោកមាន ។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ បម្រើការងារ ជាជំនួយការគណៈមេធាវី និងជានិស្សិត ចប់បរិញ្ញាបត្រ ផ្នែកច្បាប់ម្នាក់ផងដែរ ។
បន្ទាប់ពីទទួលបានតំណែងថ្មី យ៉ាងដូច្នេះ លោក អ៉ឹម ជីវ៉ា ក៏បានប្រកាសឲ្យដឹងថា បើទោះបីជាលោក ទទួលបានការងារ ថ្មីក្តី ក៏លោក មិនបោះបង់ឡើយ អាជីពសិល្បៈ ព្រោះលោកបាន អះអាងថា លោក មានមុខមាត់ និងកេរ្តិ៍ឈ្មោះ ដល់សព្វថ្ងៃ ក៏ដោយសារតែ សិល្បៈដែរ ដូច្នេះលោកមិន អាចបោះបង់ អាជីព នេះបានឡើយ ។
លោក អ៉ឹម ជីវ៉ា ក៏បានផ្ញើរសារទៅដល់ប្អូនៗ ស្រទាប់យុវវ័យទាំងអស់ ឲ្យខិតខំរៀនសូត្រ កុំចំណាយ ពេលទៅធ្វើអ្វី ដែលអត់ប្រយោជន៍ និងប៉ះពាល់ដល់សង្គមជាតិ ។ ជាពិសេសទៅទៀតនោះ គឺត្រូវ ជៀសឲ្យផុតពី គ្រឿងញៀន និងយកពេលវេលា ទៅហាត់ប្រាណលេងកីឡា ដើម្បីឲ្យសុភាពល្អ ដើម្បីជួយដល់សង្គមជាតិ ៕
ផ្តល់សិទ្ថិដោយ៖ ដើមអំពិល