CamNews

តារា 

តាមពិត​ជនសង្ស័យ​​ជា​ស្ត្រី​វៀតណាម «ក្នុង​ករណី​ឃាតកម្ម​​លើ​លោក គីម ជុងណាំ» ធ្លាប់​ជា....

(បាងកក)៖ ស្ត្រីជនជាតិវៀតណាមម្នាក់ដែលជាប់សង្ស័យថា បានចូលរួមនៅក្នុងអំពើឃាតកម្មលើលោក គីម ជុងណាំ ត្រូវបានគេរាយការណ៍ថា ធ្លាប់ធ្វើជាតារាចម្រៀងម្នាក់ ដែលមានប្រជាប្រិយភាពគ្រាន់បើនៅលើ Facebook តាមរយៈការបង្ហោះរូបភាពសិចស៊ីជាច្រើន ហើយដោយក្នុងរូបថតទំាងនោះមានខ្លះត្រូវបានថត Selfie នៅក្នុងទីក្រុងភ្នំពេញទៀតផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

បួនថ្ងៃមុននឹងមានអំពើឃាតកម្មលើ លោក គីម ជុងណាំ នៅក្នុងប្រទេសម៉ាឡេស៊ី នាង Doan Thi Huong មានអាយុ ២៨ឆ្នាំ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើ Facebook ដោយស្លៀកពាក់អាវយឺតពណ៌ស ទំនងជាមានអក្សរ  «LOL» នៅលើអាវពោលគឺដូចគ្នាទៅនឹងអាយឺត ដែលស្រ្តីជាជនសង្ស័យ នៅក្នុងកាមេរ៉ាសុវត្ថិភាពពាក់នៅថ្ងៃកើតហេតុ។

ម្យ៉ាងវិញទៀ បើតាមក្មួយស្រីរបស់ស្ត្រីជាជនសង្ស័យរូបនេះ គឺនាង Dinh Thi Quyen មានអាយុ ១៨ឆ្នាំ នាង Thi Huong បានប្រើប្រាស់គណនី Facebook ឈ្មោះថា Ruby Ruby ហើយនៅក្នុងចំណោមរូបភាព ដែលនាងបានបង្ហោះ នៅប៉ុន្មានថ្ងៃមុនលោក គីម បានស្លាប់ មានរូបថតខ្លះ ថតនៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងគូឡាឡាំពួរ។

គួរបញ្ជាក់ថា បើតាមប៉ូលិសម៉ាឡេស៊ី នាង Doan Thi Huong និងស្ត្រីជាជនជាតិឥណ្ឌូណេស៊ី ម្នាក់ផ្សេងទៀត អាចជាមនុស្សស្រីពីរនាក់ ដែលគេជឿជាក់ថា ជាឃាតករសម្លាប់លោក គីម ជុងណាំ ដោយការបំពុលនៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ តាមរយៈអ្វីដែលឥណ្ឌូណេស៊ីធ្លាប់តវ៉ាថា «ជាហ្គេមកម្សាន្ត» ដែលស្ត្រីទាំងនោះចាញ់បោកគេ ដោយមិនដឹងខ្លួនក្នុងករណីឃាតកម្មនេះ៕



ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Kim jong nam