(ភ្នំពេញ)៖ យោងតាមការបង្ហើបឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នៅក្នុងឱកាសពិធីបើកការប្រកួតកីឡាជាតិ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានាចុងខែនេះ នឹងមានតារាចម្រៀងលំដាប់កំពូលកម្ពុជា ៤រូប បង្ហាញវត្តមានលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីធ្វើឲ្យពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្ដនេះ កាន់តែកក្រើកបន្ថែមទៀត។
តារាចម្រៀងល្បីៗខាងលើរួមមានលោក ព្រាប សុវត្ថិ, លោក ខេមរៈ សេរីមន្ដ កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាស សុខសោភា រួមទាំងវត្តមានតារាចម្រៀង និងតារាកំប្លែងជាច្រើនទៀត ដើម្បីបង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយ ខណៈគណៈកម្មការរៀបចំការប្រកួតកីឡាជាតិនេះ រំពឹងយ៉ាងហោចណាស់ ក៏មានមហាជនប្រមាណពី ៥ម៉ឺននាក់ទៅ ៦ម៉ឺននាក់ចូលរួមដែរ ហើយការចូលរួមគឺមិនតម្រូវឲ្យមានការលក់សំបុត្រអ្វីឡើយ។
គួរបញ្ជាក់ថា ពិធីបើកការប្រកួតកីឡាជាតិ ជាប្រវត្តិសាស្ដ្រនេះ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ហើយពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកា ដោយទទួលបានការផ្ដល់កិត្ដិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ចំណែកកីឡាត្រៀមប្រកួតរយៈពេល ១០ថ្ងៃពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកាសរុប ១៥ប្រភេទ រួមមាន កីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់គុនខ្មែរ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ កាយសម្ព័ន្ធ និងកីឡាសូរិនហ្សិកាំប៉ូ ដែលជាប្រភេទកីឡា ទើបបញ្ចូលក្រោយគេ កាលពីពេលថ្មីៗកន្លងទៅ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង