(កណ្តាល)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យ អាសូរទៀតហើយនោះគឺ រថយន្តដឹកទំនិញធន់ធំមួយគ្រឿង បានបើកបុកម៉ូតូនៅលើស្ពានព្រែកក្តាម ស្ថិតនៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល បណ្តាលឲ្យស្រ្តីម្នាក់ និងកូនតូចអាយុ១១ខែ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈប្តីជាអ្នកឌុបបានរងរបួស។ ហេតុការណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ តែអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ខណៈសពជនរងគ្រោះ ទាំង២នាក់ និងបុរសជាប្តីអង្គុយឱបសពប្រពន្ធ-កូនស្ថិតនៅកណ្តាលស្ពាន ធ្វើឲ្យប្រជាពលរដ្ឋ ឆ្លងកាត់ទីនោះឈប់មើលពោពេញដោយក្តីអាណិតអាសូរ យ៉ាងពន់ពេកតែម្តង។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា បង្កឡើងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-3508 ជាប្រភេទដឹកទំនិញធុនធំ តែអ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេពីព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ និងម៉ូតូជនរងគ្រោះម៉ាក HONDA dream ធន់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-5073 សេរី2008។
មន្រ្តីនគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដបង្កបានធ្វើដំណើរ លើស្ពានក្នុងទិសដៅពីលិចទៅកើត(ភ្នំពេញ-កំពង់ចាម) លុះមកដល់កន្លែងកើតហេតុ បានកៀរម៉ូតូរបស់ជនរងគ្រោះ ខណៈបើកបរស្របទិសគ្នា បណ្ដាលឲ្យដួលរងគ្រោះថ្នាក់តែម្តង។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យបុរសជាប្តី អ្នកបើកបរឈ្មោះ ញឹក គុណ អាយុ២៩ឆ្នាំ រងរបួសស្រាល ខណៈប្រពន្ធឈ្មោះ ឈូក នី អាយុ៣៥ឆ្នាំ និងកូនប្រុសឈ្មោះ ផាន ថាននុន អាយុ១១ខែ បានស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិ ត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្រោយពេលកើតហេតុ រថយន្ត បានបើករត់គេចពីកន្លែងកើតហេតុ តាមបណ្ដោយផ្លូវលំមាត់ទន្លេ ទើបឈប់ហើយអ្នកបើកបររត់គេចខ្លួនបាត់។ សពបានប្រគល់ជូនក្រុមគ្រួសារ ខណៈមធ្យោបាយពាក់ព័ន្ធ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី