(ភ្នំពេញ)៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ របស់តារាចម្រៀងល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យ លោក ខេម បានលេចចេញជាពន្លឺបណ្ដើរៗហើយ ខណៈដែលប្រភពព័ត៌មានច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងថា ក្រុមគ្រួសារតារាចម្រៀង ខេម ព្រមចូលខ្លួនដោះស្រាយបញ្ចប់រឿង ដោយបានផ្ដល់សំណង ចំនួន៤ពាន់ដុល្លារ ខណៈដែលគ្រួសារជនរងគ្រោះ បានទារសំណងជំងឺចិត្ត រហូតដល់ទៅ២៥០០០ដុល្លារ។
ដោយសារចំនួនទឹកប្រាក់ដែល ខេម ផ្ដល់ជូន និងចំនួនទឹកប្រាក់ ដែលក្រុមគ្រសារជនរងគ្រោះទារជាសំណង នៃការខូចខាត រហូតដល់ថ្នាក់បាត់បងជីវិតទៀតនោះ មានលក្ខណៈខុសគ្នាឆ្ងាយពេក ទើបនៅថ្ងៃទី២៧ ខែឧសភានេះ ភាគីទាំងពីរនឹងជួបពិភាក្សាគ្នា រកដំណោះស្រាយបន្ថែមទៀត ដើម្បីឈានទៅរកការព្រមព្រៀង ក្នុងទំហំទឹកប្រាក់ ដ៏សមរម្យណាមួយ ដែលអាចទទួលយកបាន ទាំងសងខាង។
លោក លី ម៉ាត់លី បងប្រុសបង្កើតរបស់ជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្តិចថា ជាការពិតក្រុមគ្រួសារបស់លោក បានទារសំណងពីភាគីតារាចម្រៀង ខេម ចំនួន២៥០០០ដុល្លារ ពិតមែន ហើយសំណងនេះ លោកនឹងយកមកចំណាយទៅលើ ការរត់ការឯកសារច្បាប់ ការចំណាយធ្វើបុណ្យសព សងការខូចខាតផ្សេងៗ និងការធ្វើនិក្ខេបទស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ទុកឲ្យក្មេងៗជំនាន់ក្រោយបានដឹង ។ ប៉ុន្តែទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ការចរចា នៅតែបន្ដមានដដែល ព្រោះខាងគ្រួសារតារាម្រៀង ខេម មិនបានយល់ព្រមតាមការស្នើ និងទាមទារនោះទេ។
បងប្រុសបង្កើត របស់ជនរងគ្រោះដដែល បានបន្តថា នៅថ្ងៃនេះលោកកំពុងតែរង់ចាំ ការជួបចរចាគ្នាជាថ្មីទៀត ដើម្បីឈានទៅរកកិច្ចព្រមព្រៀង ក្នុងទំហំទឹកប្រាក់ណាមួយ ដែលអាចទទួលយកបានទាំងសងខាង ព្រោះលោកគិតថា លោកក៏រវល់នឹងការងារច្រើន ចំណែកភាគីគ្រួសារ ខេម ក៏រវល់នឹងការងារច្រើនដូចគ្នា ពោលគឺខាងលោក មិនចង់វែងឆ្ងាយទៀតទេ នាំឲ្យខាងបង់ពេលវេលា។
ដោយឡែកភាគីតារាចម្រៀង ខេម នៅថ្ងៃនេះ Khmertalking នៅមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយ ឬបំភ្លឺជុំវិញរឿងនេះ បានទេ ខណៈដែលលេខទូរស័ព្ទ ត្រូវបានបិទ តាំងពីថ្ងៃជួបគ្រោះថ្នាក់មកម្ល៉េះ។
ទោះបីជាយ៉ាងណា ប្រភពព័ត៌មានពីអ្នកសិល្បៈនៅជុំវិញ តារាចម្រៀង ខេម បានបង្ហើបថា ការផ្ដល់សំណងចំនួន៤ពាន់ដុល្លារនេះ គឺសំអាងថារថយន្តជនរងគ្រោះ ជិះចូលផ្លូវអាទិភាពរបស់រថយន្តតារាចម្រៀង ខេម បង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើង ជាពិសេសគឺយោងទៅលើរបាយការណ៍ របស់សមត្ថកិច្ចចរាចរណ៍ ហើយ ខេម ក៏បានរងរបួស និងខាតបង់ទ្រព្យសម្បត្តិច្រើនដែរ ជាពិសេសការលុបចោលកម្មវិធីប្រគំតន្រ្តីនានា ដែលជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង