CamNews

តារា 

លេចមុខ ផាត់ ពិដោ ក្នុងសិល្បៈ ធ្វើ​ឲ្យទស្សនិក​ជន​ច្រឡំ ថា​ជា​បង​ប្អូន​បង្កើត របស់ ខេម

ភ្នំពេញ៖ ទស្សនិកជនទូទាំងប្រទេស ពិតជាបានស្គាល់យ៉ាងច្បាស់ ចំពោះតារាចម្រៀងកំពុងឈាន ទៅរកភាពល្បីល្បាញ លំដាប់កំពូល ក្នុងពិភពសិល្បៈ លោក ប៉ុន សុណារិន្ទ ហៅខេម ដែលបច្ចុប្បន្ន តារារូបនេះ បានក្ដោបក្ដាប់ប្រជាប្រជាប្រិយភាព យ៉ាងណែនពេញដៃ។ ប៉ុន្តែនៅពេលទស្សនិកជន ឃើញវត្តមានរបស់លោក ផាត់ ពិដោ ដែលរស់នៅជាមួយនឹង ខេម តាំងពីចូលសិល្បៈដំបូង មកនោះ ធ្វើឲ្យមហាជនតែងតែច្រឡំថា ជាបងប្អូនបង្កើតជាមួយនឹង ខេម ហើយគិតថា ខេម នាំប្អូនចូលសិល្បៈម្នាក់ទៀត។

បន្ទាប់ពីរស់នៅជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមក លោក ផាត់ ពិដោ ត្រូវបានទទួលការលើកទឹកចិត្ត ពីតារាចម្រៀង ខេម និងអ្នកនិពន្ធ ងួន សុបិន ឲ្យចូលប្រឡូកក្នុងសិល្បៈ ព្រោះតែលោកមានរូបរាង និងស្ទីលតែងខ្លួនស្រដៀងនឹង ខេម ។ ដោយមានការជម្រុញបែបនេះ តារាសម្ដែង ផាត់ ពិដោ បានសម្រេចចិត្ត ចូលប្រឡូកក្នុងសិល្បៈ ជាមួយខេម ក្នុងឆ្នាំ២០១៤ ហើយផលិតកម្ម ដែលលោកថតដំបូងបំផុត គឺផលិតកម្ម ថោន ។

ផាត់ ពិដោ តារាសម្ដែងមានស្ទីលស្រដៀង ខេម បាននិយាយថា«ខ្ញុំនៅជាមួយ ខេម តាំងពីដំបូង ហើយគាត់តែងតែជម្រុញឲ្យខ្ញុំចូលសិល្បៈ ។ ជាមួយគ្នានេះបង សុបិន ក៏ចេះតែឲ្យខ្ញុំចូលថត ទើបខ្ញុំសម្រេចចិត្ត ចូលថតខារ៉ាអូខេ បទចម្រៀងមួយចំនួន ក្នុងផលិតកម្ម ថោន..!» ។

វត្តមានរបស់លោក ផាត់ ពិដោ ដែលធ្វើឲ្យមហាជន ចាប់ផ្ដើមស្គាល់បន្តិចម្ដងៗ នៅពេលនេះ គឺមានបទ« ទឹកភ្នែកក្មេងពាល, សារភាពស្នេហ៍ តែអូនមិនស្រឡាញ់, សារភាពម្ដងទៀត អូននឹងស្រឡាញ់ និងបទជាច្រើនទៀត។ ក្នុងនោះមានបទបែបកំប្លែងៗ មួយចំនួនធំផងដែរ ។

ងាកមកមើលការយល់ច្រឡំ របស់ទស្សនិកជន ដែលតែងតែគិតថា លោក ផាត់ ពិដោ ជាបងប្អូនបង្កើតរបស់ ខេម ព្រោះមានមុខមាត់ស្រដៀងគ្នានោះ ត្រូវបានតារាថ្មីរូបនេះ បញ្ជាក់ថា« មែនបង..! ពេលខ្ញុំដើរទៅណាមកណា ជាមួយខេម គេតែងច្រឡំថា ខ្ញុំជាបងប្អូនបង្កើតនឹងគ្នា ប៉ុន្តែតាមការពិត ខ្ញុំមិនមែនជាបងប្អូន បង្កើតនឹងគ្នាទេ ខ្ញុំនៅខេត្តកំពង់ស្ពឺ ចំណែកខេម នៅកំពង់ឆ្នាំង តែខ្ញុំបានស្គាល់គ្នា និងរាប់អានគ្នាដូចបងប្អូនបង្កើតអ៊ីចឹង.. ហើយតាំងពីខេម មករស់នៅភ្នំពេញ ខ្ញុំនៅជាមួយគាត់រហូត ទើបធ្វើឲ្យមានអ្នកយល់ច្រឡំថា ខ្ញុំនិងខេម ជាបងប្អូនបង្កើតនឹងគ្នា..!»។

យ៉ាងណាមិញ ដើម្បីសម្រេចបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចតារាចម្រៀង ខេម លោក ផាត់ ពិដោ ក៏កំពុងតែឈ្មុសឈ្មុល យ៉ាងសកម្មក្នុងការងារសិល្បៈ ។ ក្នុងនោះក្រៅពីការសម្ដែង លោកបានបន្ថែមអាជីព ចម្រៀងមួយទៀត ដោយលោកមានឱកាសឡើងបង្ហាញមុខលើឆាកតន្រ្តីជាច្រើន ជាពិសេសតាមបណ្ដាខេត្ត និងថតស្ពតអប់រំរបស់អង្គការ «រ៉ាក់» ផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើ​មអម្ពិល


Tags: Star News Phat Pidoe