CamNews

កីឡាអន្តរជាតិ 

Defoe ព្យាយាម​ធ្វើ​គ្រប់​យ៉ាង ដើម្បី​បាន​លេង​នៅ Euro 2016 ខែ​ក្រោយ

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Jermain Defoe របស់ក្លឹបឆ្មាខ្មៅ Sunderland កំពុងតែតស៊ូគ្រប់​យ៉ាង ដើម្បីឲ្យ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​មើល​ឃើញ​រូប​គេ និង​កោះហៅចូលរួមក្រុមក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2016 នៅ ប្រទេសបារាំង ដែល​ចាប់​ផ្តើម​​ខែមិថុនាខាងមុខ ។

សារព័ត៌មាន BBC បានផ្សាយថា កីឡាករវ័យ៣៣ឆ្នាំ ដែលកំពុងប្រកបអាជីពលេងនៅក្នុងក្របខណ្ឌ Premier League មួយ​នេះ​ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស​បាន៥៥ប្រកួតមកហើយ ដោយស៊ុតបញ្ចូលទីបាន ១៥គ្រាប់នាពេលកន្លង ហើយក៏ទើបតែជួយសង្រ្គោះ Sunderland គេចចេញពីតំបន់កាត់ចោលក្នុងរដូវកាល ឆ្នាំ២០១៥-២០១៦ នេះផងដែរ ដោយសារស៊ុតបញ្ចូលទីបានជាបន្តបន្ទាប់ ។

ចាប់តាំងពីឆ្នាំ២០១៣ មក Defoe មិនត្រូវបានកោះហៅឲ្យចូលរួមលេងក្នុងជម្រើសជាតិនោះឡើយ ហើយរូបគេក៏បាន ទៅលេងឲ្យក្លឹបនៅ Major League Soccer រយៈពេល១ឆ្នាំផងដែរ ស្របពេលដែលគ្រូបង្វឹកឆ្មាខ្មៅលោក Sam Allardyce បានសរសើរ Defoe ថា មានទម្រង់លេងល្អ និងខ្ពស់ជាងគេទៀតផង ។

Defoe បានថ្លែងថា «ខ្ញុំរីករាយណាស់ដែលទម្រង់លេងមានការកើនឡើងក្នុងរដូវកាលនេះ ដែលធ្វើអាចស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់ ប្រសិន​បើ​ខ្ញុំ​មិន​បាន​ជាប់​ទៅ Euro 2016 ក៏​ខ្ញុំសប្បាយចិត្តដែរ» ។

យ៉ាងណាក៏ដោយ Jermain Defoe ក៏នៅមានសង្ឃឹមផងដែរ ខណៈដែលបញ្ជីឈ្មោះកីឡាករទាំង២៣នាក់សម្រាប់​លេង​នៅ Euro 2016 គ្រូ​បង្វឹក Roy Hodgson មិនទាន់កោះហៅនោះទេ ដោយលោកសុំពន្យារពេលរហូតដល់ចប់ Premier League ក្នុងសប្តាហ៍នេះសិន ពោល​គឺ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ នឹង​បញ្ជូន​ឈ្មោះ​ទៅ​ហើយ ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Defoe