CamNews

កីឡាជាតិ 

U-14 កម្ពុជា ស្គាល់​បរា​ជ័យ​នៅ​ពាន AFC ក្រោយ​ចាញ់​យុវ​ជន​​ម៉ា​​ឡេ​ស៊ី ៥-១ មុន​នេះ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៤ឆ្នាំកម្ពុជា (U-14) ធ្វើមិនបានល្អឡើយ សម្រាប់ការប្រកួតទី៣​របស់​ខ្លួន នៅ​ក្នុង​ពាន​រង្វាន់​យុវ​ជន  AFC U-14 Regional Festival Of Football 2016 នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ ក្រោយប្រកួតចាញ់ក្រុមយុវជនម៉ាឡេស៊ី ក្នុង​លទ្ធផល ៥-១ មុន​នេះ​បន្ដិច នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​ប្រ៊ុយ​ណេ​។

នេះជាការបរាជ័យលើកដំបូងរបស់ក្រុម U-14 កម្ពុជា ក្នុងចំណោម៣ប្រកួត បន្ទាប់ពីយកឈ្នះក្រុមយុវជនហ្វីលីពីន និង​ទីម័រ​ខាង​កើត​កាល​ពី​ពេល​ថ្មីៗ​​កន្លង​​ទៅ​។ ចំពោះ​​គ្រាប់​​បាល់​១គ្រាប់ ដែលទម្លុះសំណាញ់ក្រុមម៉ាឡេស៊ីនាព្រឹកនេះ គឺធ្វើបានសម្រេចដោយយុវជន រី លាភផេង ប៉ុន្ដែ​យ៉ាង​ណា​ក៏​មិន​អាច​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​បាន​ឡើយ​។

យោងតាមកម្មវិធីប្រកួតផ្ដល់ជូនដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា U-14 កម្ពុជា គឺនៅសល់១ប្រកួតទៀត មុន​នឹង​បញ្ចប់​បេស​ក​កម្ម​របស់​ខ្លួន ដោយត្រូវជួបក្រុមយុវជនឡាវ នៅព្រឹកថ្ងៃទី៣០ ខែកក្កដាស្អែក។ ប៉ុន្ដែការប្រកួតនេះ គ្រាន់តែជាការប្រកួតផ្លាស់ប្ដូរបទពិសោធន៍ក្នុងពូល មិន​តម្រូវ​ឲ្យ​មាន​ការ​ឡើង​ទៅ​វគ្គ​បន្ដ​នោះ​ទេ​៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: U14