(កូរ៉េ)៖ Rain និង Kim Tae Hee គូស្វាមីភរិយាដ៏មានប្រជាប្រិយភាពនិងមានឥទ្ធិពលខ្លាំងនៅទឹកដីកូរ៉េខាងត្បូង ពេលនេះបានចាកចេញពីប្រទេសដើម្បីចំណាយពេលក្រេបទឹកឃ្មុំនៅកោះបាលីហើយកាលពីថ្ងៃទី២២ ខែមករា កន្លងទៅនេះ បន្ទាប់ពីអ្នកទាំងពីរសម្រេចចិត្តដឹកដៃគ្នាចូលរោងការកាល ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ខុសពីការរំពឹងទុកមួយខែដែលពួកគេធ្លាប់ប្រកាសថានឹងធ្វើនៅកំឡុងខែកុម្ភៈ។
គ្រាន់តែឈានជើងចូលព្រលានយន្ត ហោះអន្តរជាតិ Incheon ហ្វូងមហាជនបានប្រជ្រៀត គ្នាមកយ៉ាងកុះករដោយ ខ្លះទាញកាមេរ៉ាមកថតតារាប្រុសស្រីទាំងពីរ ជាពិសេសអ្វីដែលពួកគេចាប់ អារម្មណ៍នោះគឺចិញ្ចៀនពេជ្រ រៀបការដ៏ស្រស់ស្អាតនៅលើដៃរបស់ Kim Tae Hee ។
Rain និង Kim Tae Hee បង្ហាញក្តីរំភើបជាខ្លាំងក្រោយពី ទទួលបានការស្វាគមន៍យ៉ាង លើសលប់ពីអ្នកគាំទ្រ ហើយពួកគេក៏បានថត រូបរួមគ្នាបង្ហោះលើបណ្តាញសង្គម មុនពេលចាកចេញទៅផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង