ទីក្រុង Cairo(Reuters) ៖ មនុស្ស ១៩ នាក់បានស្លាប់បាត់បង់ជីវិត និង ៣០ នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះរថយន្ដ ដែលបណ្ដាលមកពីរថយន្ដបុកគ្នា នៅទីក្រុង Cairo នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃចន្ទនេះ ។
មកទល់នឹងពេលនេះ ពុំមានរបាយការណ៍ផ្លូវការណាមួយ បញ្ជាក់ថា ការផ្ទុះរថយន្ដនេះ គឺជាការវាយប្រហារ ឬយ៉ាងណានោះទេ។
ក្រសួងមហាផ្ទៃ បានឱ្យដឹង នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀតថា ការផ្ទុះនេះ កើតឡើង នៅពេលដែលរថយន្ដ បានបើករំលោភសញ្ញាចរាចរណ៍ នៅលើផ្លូវ Nile corniche នាទីក្រុង Cairo ទៅប៉ះនឹងរថយន្ដ ៣ គ្រឿងទៀត ។
ក្រសួងសុខាភិបាលបន្ថែមថា ការបុកនេះ បណ្ដាលឱ្យឆាបឆេះ ដែលបង្ខំឱ្យមានការជម្លៀសមនុស្សចេញខ្លះ ពីបរិវេណនៅក្បែរវិទ្យាស្ថានជាតិជំងឺមហារីក។
ប្រភពនានា បានប្រាប់ Reuters ថា រដ្ឋអាជ្ញាប្រទេសអេហ្ស៊ីប កំពុងស៊ើបអង្កេតពីឧបទ្ទវហេតុនេះ ៕
ប្រែសម្រួល៖ សារ៉ាត