តារា ៖ ដោយទឹកចិត្ដស្រឡាញ់ តារាចម្រៀងកញ្ញា Ariana Grande កំពុងស្លង់ចិត្ដចំពោះសុខទុក្ខនៃអ្នកគាំទ្ររបស់នាង។ ប្រភពមួយ បានប្រាប់គេហទំព័រ PEOPLE ថា តារាចម្រៀងកំពូលសិចស៊ីរូបនេះ រងការប៉ះទង្គិចផ្លូវចិត្ដជាទម្ងន់ បន្ទាប់ពីការវាយប្រហារភេរវកម្ម នៅឯការប្រគំតន្ត្រីរបស់នាង ក្នុងទីក្រុង Manchester កាលពីថ្ងៃចន្ទ ប៉ុន្តែនាងកាន់តែមានការព្រួយបារម្ភខ្លាំងឡើងចំពោះជនរងគ្រោះ ដោយការវាយប្រហារនេះ ។
ប្រភពមួយ បាននិយាយពីតារាចម្រៀងស្រីវ័យ ២៣ ឆ្នាំរូបនេះថា៖ “ អ្វីដែលនាងកំពុងគិត និងផ្ដោតអារម្មណ៍ខ្លាំងបំផុតនាពេលនេះ គឺជនរងគ្រោះ ហើយនាងកំពុងរិះរកវិធីជួយដល់ជនរងគ្រោះ។ នាងមិនខ្វល់ពីខ្លួនឯង ប៉ុន្ដែនាង មានការខ្វល់ខ្វាយច្រើនចំពោះជនរងគ្រោះ”។
មិនយូរប៉ុន្មានបន្ទាប់ពីការសម្ដែងអាល់ប៊ូម Grammy nominee’s របស់អង់គ្លេស បានចប់នារាត្រីថ្ងៃចន្ទ ការផ្ទុះគ្រាប់បែក ដែលបង្កឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់មនុស្ស ២២ នាក់ និងរងរបួស ១១៩ នាក់ នៅជិតការិយាល័យលក់សំបុត្រ Manchester Arena ។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានកំណត់អត្តសញ្ញាណជនសកម្មប្រយុទ្ធឈ្មោះ Salman Abedi អាយុ ២២ ឆ្នាំ ថាជាជនសង្ស័យ ហើយពួក ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
កាលពីមុន ប្រភពមួយផ្សេងទៀត បានប្រាប់គេហទំព័រ PEOPLE ថា តារាស្រីរូបនេះ ស្រឡាញ់អ្នកគាំទ្ររបស់នាង ហើយបើតាមអ្នកស្រមៃឃើញ វាពិតជាធ្វើឱ្យនាងខូចចិត្ដជាខ្លាំង និងបំផ្លាញទឹកចិត្ដរបស់នាង។ នាង ស្ទើរតែមិនចង់ជឿថា សោកនាដកម្មដ៏អាក្រក់នេះ កើតឡើងនោះទេ។ នាពេលនេះ នាងចង់ នៅជាមួយគ្រួសារ និងអ្នកជាទីស្រលាញ់របស់នាង។ នៅរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ តារាចម្រៀងរូបនេះ បានប្រើបណ្ដាញ Twitter ដើម្បីបង្ហាញពីការខូចចិត្តឥតឧបមារបស់នាង ហើយនៅថ្ងៃអង្គារនេះ នាង និងម្តាយរបស់នាង គឺអ្នកស្រី Joan បានវិលត្រឡប់មកផ្ទះវិញនៅទីក្រុង Boca Raton រដ្ឋ Florida ជាកន្លែង ដែលនាងជួបមិត្ដប្រុសរបស់នាង គឺលោក Mac Miller ដើម្បីរៀបរាប់ទុក្ខកង្វល់ក្នុងចិត្ដ។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយគេហទំព័រ PEOPLE បានឱ្យដឹងថា កាលពីថ្ងៃពុធ អ្នកចាត់ការរបស់កញ្ញា Grande បានបានប្រកាសថា ដំណើរទស្សកិច្ច Dangerous Woman Tour របស់នាង ត្រូវបានផ្អាក ហើយការណាត់ជួប ចំនួន ៦ ទៀតត្រូវបានលុបចោលដើម្បីយកពេលទៅគោរពវិញ្ញាណខន្ធ ដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មនេះ។
សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា៖ «នាពេលនេះ យើងទទូចសុំ ឱ្យយើងទាំងអស់គ្នាបន្តការគាំទ្រដល់ទីក្រុង Manchester និងក្រុមគ្រួសារទាំងអស់ ដែលរងផលប៉ះពាល់ ដោយអំពើហិង្សាដ៏កំសាកញី និងផ្ដេសផ្ដាសនេះ។ ជីវិតរបស់យើង បានរងការគំរាមកំហែងជាថ្មីម្ដងទៀត ប៉ុន្តែយើងនឹងជម្នះ រឿងអាក្រក់នេះជាមួយគ្នា" ៕
ប្រែសម្រួល ៖ សារ៉ាត
ប្រភព ៖ people