ស្បែក មានសុខភាពល្អសំដៅដល់រាងកាយមានសុខភាពល្អ។ ប្រសិនបើអ្នក ចង់បានស្បែកម៉ត់រលោង គួរតែអនុវត្ដវិធីងាយៗដូចជា ការលាងសម្អាតស្បែក លាបឡូសិនរក្សាស្បែក និងប្រើវិធីផ្ដល់សំណើមដល់ស្បែក។ ទោះជាយ៉ាងណា ក៏នៅមានធាតុផ្សំងាយៗ ដើម្បីថែរក្សាស្បែកឱ្យមានសុខភាពល្អ ដែលមិនតម្រូវឱ្យយើងខិតខំយ៉ាងលំបាកដែរ នោះគឺរបបអាហារប្រចាំថ្ងៃរបស់យើង។ យើងមិនអាចភ្លេចឡើយថា ចំណីអាហារមានតុល្យភាព មិនសម្បូរខ្លាញ់ និងសារធាតុគីមី មិនត្រឹមតែល្អប្រសើរសម្រាប់សុខភាពតែម្យ៉ាងនោះទេ ប៉ុន្ដែថែមទាំងល្អប្រសើរចំពោះស្បែក និងសក់របស់យើងផងដែរ។
ទម្លាប់ញ៉ាំអាហារមិនល្អ និងអាហារសម្បូរខ្លាញ់ និងស្ករ អាចបណ្ដាលឱ្យស្បែកចាស់មុនអាយុ ដែលធ្វើឱ្យលេចចេញនូវស្នាមជ្រីវជ្រួញ ស្នាមជាំ និងស្បែកស្រអាប់។
១. មើមការ៉ុត៖ បន្លែប្រភេទនេះ គឺជាប្រភពដ៏សម្បូរបែបនៃជាតិបេតាការ៉ូទីន ដែលជាសារធាតុដ៏អស្ចារ្យសម្រាប់សុខភាពស្បែកពេញរាងកាយ។ លើសពីនេះទៀត មើមការ៉ុតជំនួយ ដល់ការការពារស្បែកមិនឱ្យឆាប់ចាស់ និងបន្ថយការយារធ្លាក់នៃស្បែក។ ម្យ៉ាងទៀត វាមានប្រសិទ្ធភាពប្រឆាំងនឹងសញ្ញាដំបូងនៃភាពជ្រីវជ្រួញផងដែរ។ ដោយសារតែវាសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម និងវីតាមីន A ទើបការ៉ុតនេះ ជួយឱ្យកោសិកាស្បែកខូចរស់ឡើងវិញ និងការពារស្បែកពីកាំរស្មី UV។
២. ប្រភេទខ្លាញ់ល្អ៖ រាងកាយរបស់យើងត្រូវការខ្លាញ់ polyunsaturated និងប្រភេទខ្លាញ់ monounsaturated ដើម្បីឱ្យរាងកាយអាចបញ្ចេញអ័រម៉ូនតាមធម្មតាបាន។ លើសពីនេះទៀត យើងត្រូវការខ្លាញ់ទាំងអស់នេះ ដើម្បីរក្សាឱ្យស្បែក និងសក់របស់យើងមានសុខភាពល្អក៏ដូចជា បង្ការជំងឺផ្សេងៗផងដែរ។ អាស៊ីដខ្លាញ Omega3 ជួយការពាររាងកាយពីការរលាក ដែលអាចកើតឡើងជាការរលាកស្បែកជាដើម ហើយវាមាននាទីយ៉ាងសំខាន់ ក្នុងការការពារយើងពីជំងឺមហារីក។ អ្នកអាចស្វែងរកអាស៊ីដខ្លាញ់បែបនេះនៅក្នុងអាហារមួយចំនួនដូចជា ប្រេងអូលាវ គ្រាប់ផ្លែឈើ ត្រីសម្បូរខ្លាញ់ និងគ្រាប់ធញ្ញជាតិ។
៣. ទឹកឃ្មុំ៖ ទឹកឃ្មុំគឺជាអាហារដ៏អស្ចារ្យម្យ៉ាង ដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់ស្បែករបស់យើង ពីព្រោះវាដើរតួជាភ្នាក់ងារផ្ដល់សំណើមដល់ស្បែក។ នៅពេលយើងប្រើវាជាម៉ាស់បិទមុខ វាមានគុណសម្បត្ដិប្រឆាំងនឹងបាក់តេរី ដែលជំនួយដល់មនុស្ស ដែលកំពុងស្វែងរកការព្យាបាលស្នាមមុនឱ្យមានប្រសិទ្ធភាព។
ម្យ៉ាងទៀតវាសម្បូរដោយសារធាតុរ៉ែ ដែលជួយឱ្យស្បែកមានសុខភាពល្អពីខាងក្នុង មកក្រៅ។ សារធាតុទាំងនោះមានដូចជា៖ ជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម និងជាតិស័ង្កសី ដែលជួយឱ្យស្បែកទន់ និងម៉ត់រលោង ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ steptohealth