ការស្វែងរកភ្លាមៗនៅលើ Google ស្ដីពីផលប៉ះពាល់នៃទឹកក្រូចឆ្មារចំពោះឆ្អឹងរបស់អ្នក នឹងធ្វើឱ្យអ្នកមានការយល់ច្រឡំយ៉ាងខ្លាំង។ អត្ថបទមួយចំនួន នៅលើគេហទំព័រ បាននិយាយថា ទឹកក្រូចឆ្មារ អាចមិនល្អប្រសើរសម្រាប់ឆ្អឹងនោះទេ ខណៈអត្ថបទខ្លះបង្ហាញថា ទឹកក្រូចឆ្មារ អាចមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺរលាកសន្លាក់។ យើងបានសួរអ្នកឯកទេសអំពីថា តើមានផលប៉ះពាល់អ្វីខ្លះ ចំពោះការទទួលទានទឹកក្រូចឆ្មារ ដើម្បីស្រាយចម្ងល់អំពីការទទួលទានភេសជ្ជៈប្រភេទនេះ។
តើទឹកក្រូចឆ្មារបង្កផលវិបាកដល់ឆ្អឹងរបស់អ្នក ឬទេ?
ជាទូទៅ ទឹកក្រូចឆ្មារ ត្រូវបានគេចាត់ទុកថា មានគុណសម្បត្ដិល្អប្រសើរសម្រាប់សុខភាព នៅពេលបុរសស្រ្ដីទទួលទានវា ជាភេសជ្ជៈដំបូងគេ នៅពេលព្រឹក។ ភេសជ្ជៈនេះ ត្រូវបានគេជឿថា មានប្រយោជន៍ជំនួយដល់ការសម្រកទម្ងន់ និងបន្សាបជាតិពុលពីរាងកាយ។ ប៉ុន្តែ តើភេសជ្ជៈនេះ មានផលប៉ះពាល់ដែរ ឬទេចំពោះសុខភាពឆ្អឹង? លោកស្រី Rupali Datta អ្នកប្រឹក្សាយោបល់ផ្នែកអាហារបំប៉នមានប្រសាសន៍ថា៖ "ពុំមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រណាមួយ ដែលនិយាយថា ទឹកក្រូចឆ្មារ មិនល្អចំពោះសុខភាពនោះទេ" ។ លោកស្រី បានបន្តពន្យល់ថា ដោយសារវត្តមាននៃវីតាមីន C និងលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក មនុស្សមួយចំនួនជឿថា ទឹកក្រូចឆ្មារ អាចជួយធ្វើឱ្យជំងឺរលាកសន្លាក់ បានធូរស្រាល ប៉ុន្តែការជឿថា ទឹកក្រូចឆ្មារ អាចប៉ះពាល់ដល់សុខភាពឆ្អឹង នៅមិនទាន់រកឃើញនៅឡើយទេ នេះបើតាមប្រសាសន៍រៀបរាប់របស់លោកស្រី។
តើអ្នកគួរទទួលទានេទឹកក្រូចឆ្មារច្រើនប៉ុនណា ក្នុងមួយថ្ងៃ?
តើមានការដាក់កំហិតចំពោះបរិមាណនៃទឹកក្រូចឆ្មារ ដែលអ្នកគួរតែទទួលទាន ក្នុងមួយថ្ងៃដែរ ឬទេ? វេជ្ជបណ្ឌិត Datta និងវេជ្ជបណ្ឌិត Sood សុទ្ធសឹងតែបានណែនាំហើយថា ការទទួលទានទឹកក្រូចឆ្មារច្របាច់ចេញពីក្រូចឆ្មារ ២ ផ្លែក្នុងមួយថ្ងៃ គឺមានលក្ខណៈគ្រប់គ្រាន់ណាស់ ក្នុងការរក្សាជាតិទឹកក្នុងរាងកាយរបស់អ្នក។ លើសពីនេះទៅទៀត ការទទួលទានទឹកក្រូចឆ្មារ គឺមានលក្ខណៈល្អឥតខ្ចោះចំពោះសុខភាព ប្រសិនបើអ្នកទទួលទានវា ជារៀងរាល់ថ្ងៃ។ វេជ្ជបណ្ឌិត Datta និយាយថា៖ "អ្នកអាចបន្ថែមអំបិល ឬស្ករ (ប្រសិនបើអ្នកមិនមានជំងឺទឹកនោមផ្អែម) ។ ទន្ទឹមនឹងនេះដែរ វេជ្ជបណ្ឌិត Sood ជឿជាក់ថា ទឹកឃ្មុំគឺជាគ្រឿងបន្ថែមដ៏ល្អបំផុត ទៅក្នុងទឹកក្រូចឆ្មារ។
"ទឹកក្រូចឆ្មារ និងទឹកឃ្មុំ ជាភ្នាក់ងាររំញោចដ៏ល្អសម្រាប់ថ្លើម និងតម្រងនោមរបស់អ្នក។ ខណៈពេល ដែលថ្លើមរបស់អ្នក គឺជាសរីរាង្គសម្រាប់រំលាយអាហារនោះ តម្រងនោមរបស់អ្នក គឺជាសរីរាង្គ ទទួលខុស ត្រូវក្នុងការបញ្ចេញជាតិពុលពីរាងកាយ" ។ អត្ថប្រយោជន៍បន្ថែមនៃទឹកក្រូចឆ្មារ គឺការបំពេញបន្ថែមនូវអាស៊ីតអាបូរីប៊ីក នៅក្នុងរាងកាយ នេះបើតាមការគូសបញ្ជាក់ ដោយវេជ្ជបណ្ឌិត Sood ។ អាស៊ីត Ascorbic គឺជាទឹករលាយ និងត្រូវបានបញ្ចេញពីខ្លួនរាងកាយរបស់យើងជារៀងរាល់ថ្ងៃ។ ទឹកក្រូឆ្មារ អាចជួយបំពេញបន្ថែមនូវសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងខ្លួនរបស់អ្នក។
តើខ្ញុំគួរទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃមែនទេ?
អ្នកអាចពិសាទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ ព្រោះវាគឺជាភេសជ្ជៈ ដែលអាចជួយបំពេញជាតិទឹកដល់អ្នក និងជួយឱ្យអ្នក មានសុខភាពល្អ។ ការពិសាទឹកក្រូចឆ្មារជាមួយទឹកក្តៅឧណ្ហៗដំបូងគេ នៅពេលព្រឹក គឺល្អជាពិសេសចំពោះសុខភាពរាងកាយ។ ទឹកក្រូចឆ្មារ ក៏មានផ្ទុកជាតិប៉ូតាស្យូម ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ ក្នុងរដូវក្តៅផងដែរ។ វេជ្ជបណ្ឌិត Rupali បានណែនាំឱ្យពិសាទឹកក្រូចឆ្មារជាមួយអំបិលដើម្បីជាដំណោះស្រាយបំពេញជាតិទឹកឱ្យគ្រប់គ្រាន់សម្រាប់រដូវក្តៅ។ អ្នកស្រីវេជ្ជបណ្ឌិត ក៏បានស្នើឱ្យច្របាច់ទឹកក្រូចឆ្មារបន្តិចដាក់ផ្លែឈើ បន្លែ និងសាឡាដផងដែរ ដើម្បីបង្កើនការស្រូបយកជាតិដែកដោយរាងកាយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ ndtv