(ភ្នំពេញ)៖ តារាសម្តែងប្រុស លេចរស្មីចេញពីទឹកដី ខេត្តព្រៃវែង លោក គន់ រៀមរតនៈ បានទម្លាយប្រាប់អារម្មណ៍ពិត របស់ខ្លួនថា ពេលចូលសិល្បៈដំបូង និងពេលបច្ចុប្បន្ន ហាក់មានភាពខុសគ្នាឆ្ងាយត្រង់តម្លៃខ្លួន នៃការសម្តែង ខណៈចូលសិល្បៈដំបូង លោកសុខចិត្តលះបង់ ពេលវេលាផ្ទាល់ខ្លួន ដើម្បីសិល្បៈ តែបច្ចុប្បន្នគ្រាន់តែទារតម្លៃតែ៥០ដុល្លារ ដើម្បីចំណាយលើការ ចាក់សាំងឡាន និងទិញសម្ភារៈខ្លះៗ បែរជាគ្មានអ្នកហៅថត ទៅវិញ។
តារាសម្តែង ដែលភាគច្រើន ត្រូវបានអ្នកដឹកនាំ តម្រូវឲ្យស្ដែងតួជាភេទទី៣ លោក គន់ រៀមរតនៈ បាននិយាយថា « នេះជារឿងពីមុន ស្រឡាញ់ពេក ចង់ពេក ឲ្យតែបានគេហៅថត និយាយពីថា សែនមហាសប្បាយចិត្ត តួអ្វីក៏ថតដល់ណា ម៉ោងណា ក៏មិនរាថយ។ នេះទឹកចិត្តអ្នកស្រឡាញ់សិល្បៈ ដល់ឥឡូវ សព្វថ្ងៃ បច្ចុប្បន្ន គឺថាដើម្បី ដើម្បីគឺថា គ្រាន់តែសុំទារថ្លៃ៥០ដុល្លារឬ៦០ដុល្លារសោះ ក្នុង១ថ្ងៃ ឬ១ថ្ងៃមួយយប់ គ្រាន់រួចថ្លៃចំណាយទៅវិញ សម្លៀកបំពាក់សាំងឡានជាដើម ក៏ត្រូវគេឈប់ហៅថតដែរ!»។
លោក គន់ រៀមរតនៈ បាននិយាយទៀតថា «ចុះបើព្រមយកតម្លៃថោកពេក១៥ដុល្លារ ឬ២០ដុល្លារនោះ តើការចំណាយទៅវិញ មិនគ្រប់របស់ គួរគិតយ៉ាងម៉េច? ពីមួយថ្ងៃទៅមួយថ្ងៃ មួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យជីវភាពអ្នកសម្តែងខ្លះ កាន់តែយ៉ាប់ទៅៗ ស្ទើរកអង្ករច្រកឆ្នាំងគ្មាន ពេលមានជំងឺរកលុយមើលខ្លួន មិនបាន ត្រង់ថា អ្នកខ្លះក៏គេមានជីវភាពធូរធា ជារឿងរបស់គេ ព្រោះថា មានរឿងខ្លះយើងដឹងមិនដល់ ដឹងដល់ហើយ ក៏ត្រឹមបានតែដឹង ឬក៏អ្នកខ្លះ គឺគេមានជីវភាពធូរធា របស់គេស្រាប់!»។
ទន្ទឹមគ្នានឹងការបង្ហោះសារ រៀបរាប់ និងត្អួញត្អែពីសំណាក់ តារាសម្តែងប្រុស លោក គន់ រៀមរតនៈ នេះដែរភ្លាមៗនេះ គេសង្កេតឃើញតារាសម្តែងស្រី ចាស់វស្សា ដែលនៅតែរក្សាបានប្រជាប្រិយភាព អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលទៅ Comment ហាក់ផ្លែផ្កា ដល់អ្នកដឹកនាំ ឬផលិតករក្នុងស្រុក ដោយខ្លីថា «គេទុកលុយជួលតារាថៃ មកសម្តែងឲ្យខ្មែរមើល!»៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង