(ភ្នំពេញ)៖ ក្នុងជំនួបផ្ទាល់ ជាមួយ Khmertalking កាលពីថ្មីៗនេះ តារាសម្តែងរូបស្រស់ នាង ទេព សម្ផស្ស ហាក់បង្ហាញចេតនា នៅតែគ្មានភាពក្លាហាន បើកកកាយរឿងពិត និងនៅតែបន្តការលាក់បាំង ពីរឿងរ៉ាវជីវិតស្នេហាក្រៅឆាក ខណៈកន្លងមក ធ្លាប់ផ្ទុះដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមកថា នាងធ្លាប់លួចលាក់មានទំនាក់ទំនងស្នេហា ក្រៅឆាក ជាមួយបុរសជនជាតិហ្វីលីពិន រស់ក្នុងស្រុកខ្មែរម្នាក់ រហូតបានកូនម្នាក់ ជាចំណងដៃរួមគ្នា។
នាង ទេព សម្ផស្ស បានថ្លែងក្នុងជំនួបនោះថា «ខ្ញុំសុំទោសបងៗជាមុន ចំពោះរឿងផ្ទាល់ខ្លួន ក្រៅពីការងារសិល្បៈ គឺមិនអាចផ្តល់សម្ភាសន៍បានទេ !»។ ការបដិសេធ មិននិយាយបញ្ហារឿងជីវិតឯកជន ក្រៅសិល្បៈ ពីសំណាក់នាង ទេព សម្ផស្ស នេះបានធ្វើឡើង បន្ទាប់ពីបែកធ្លាយដំណឹង ស្នេហាក្រៅឆាក ជាមួយគូស្នេហ៍ជនជាតិហ្វីលីពិន ឈានដល់ការរស់នៅ ក្រោមដំបូលផ្ទះជាមួយគ្នានោះ។
ស្រីស្រស់ ទេព សម្ផស្ស បាននិយាយថា «រឿងផ្ទាល់ខ្លួន ខ្ញុំសុំរក្សាសិទ្ធិ មិនអត្ថាធិប្បាយអ្វីទាំងអស់។ មូលហេតុមកពីខ្ញុំ មិនចង់ឲ្យកើតមានរឿងវែងឆ្ងាយ ព្រោះបើយើងនិយាយ ឬបកស្រាយកាន់តែកើតមានរឿងដដែលៗ មិនចេះចប់មិនចេះហើយទេ។ ដូច្នេះខ្ញុំចង់និយាយអ្វី ដែលជារឿងល្អៗ ដូចជាវិស័យសិល្បៈប៉ុណ្ណោះ!»។
ជាមួយនឹងការបដិសេធ សម្រាប់ការបកស្រាយរឿងស្នេហាផ្ទាល់ខ្លួន ខាងលើនេះដែរ នាង ទេព សម្ផស្ស បានបង្ហើបប្រាប់ពីការងារសិល្បៈ សព្វថ្ងៃថា កំពុងមមាញឹកច្រើនគួរសម ព្រោះថ្មីៗកន្លងមកនេះ នាងក៏ទើបថតបញ្ចប់ខ្សែភាពយន្ត ចំនួន៣ឬ៤រឿងព្រមគ្នា។ ម្យ៉ាងទៀត ក្រៅពីតំណែងតួឯក ក្នុងខ្សែភាពយន្តរឿង «ចេនឡា២» ត្រូវបានថតបញ្ចប់ និងបានសម្ពោធចាក់បញ្ចាំង នៅថ្ងៃទី០៥ ខែវិច្ឆិកា នោះ បច្ចុប្បន្ននាងក៏កំពុងសម្តែង ខ្សែភាពយន្តថ្មីមួយទៀត ដែលត្រូវចាក់ បញ្ចាំងនៅស្ថានីយទូរទស្សន៍CTN ផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង