CamNews

តារា 

រតនៈ ពិសី ប្រកាស​ឈប់ទទួល​ប្រុសថ្មី

ភ្នំពេញ៖ ក្រោយពីផ្តាច់ទំនាក់ទំនងស្នេហ៍ ជាលើកទីពីរ ជាមួយបុរសអាណិកជនខ្មែរ នៅប្រទេសបារាំង ទើបធ្វើឲ្យតារាស្រីកញ្ញា រតនៈ ពិសី សម្រេចចិត្តចេញមុខ ប្រកាសជាសាធារណៈ ដើម្បីឱ្យមហាជន បានដឹងថា ពេលនេះនាងពុំទាន់ត្រូវការបុរសណាម្នាក់ មកជំនួសជួសភាពប្រេះឆា ដែលធ្លាប់ឈឺ ចាប់ កាលពីគ្រាមុនៗទៀតឡើយ។

តារាចម្រៀងតូចច្រឡឹង កញ្ញា រតនៈ ពិសី ថ្មីៗនេះ ត្រូវបានគេដឹងស្ទើរគ្រប់គ្នាថា នាងបានបែកបាក់ ចំណងស្នេហា ឆ្លងទ្វីបជាលើក ទី២ ជាមួយបុរសអាណិកជនខ្មែរ រស់នៅប្រទេសបារាំង បន្ទាប់ពីពួកគេ ទាំងពីរ បានទាក់ទងគ្នាអស់រយៈពេលប្រមាណជាកន្លះឆ្នាំមកនោះ។ ចំពោះការប្រេះឆាស្នេហ៍ ដែល ឈានទៅ ដល់ការចែកផ្លូវគ្នាដើរនោះ ព្រោះតែពុំមានទំនុកចិត្ត លើគ្នាទៅវិញទៅមក ពោលគឺគ្មានការ  ជឿជាក់ចំពោះគ្នា និងដោយសារការប្រច័ណ្ឌ ពីបុរសជាគូស្នេហ៍។

ផ្តល់សម្ភាសន៍ឱ្យគេហទំព័រ LookingTODAY តាមទូរស័ព្ទ ស្រីស្រស់សាច់ស កញ្ញា រតនៈ ពិសី បាន និយាយថា ក្រោយពីខ្លួនបានផ្តាច់ការ ទាក់ទងជាមួយបុរស អតីតជាគូស្នេហ៍រស់នៅប្រទេស បារាំង ហើយនោះ រហូតមកទល់ពេលនេះ តែងមានក្រុមកន្លង់ៗ ប្រុសត្បាញអាយ ទាំងនៅក្រៅប្រទេស និង ក្នុងស្រុក តែងតែព្យាយាមទំនាក់ទំនង លួងលោមសុំការស្រឡាញ់ ប៉ុន្តែនាងមិនបាន ចាប់អារម្មណ៍ ទៅរឿងទាំងនេះទេ។

កញ្ញា ពិសី បានបន្តទៀតថា ក្នុងអំឡុងពេលនេះ នាងសុំប្រកាសជាថ្មី ឱ្យទស្សនិកជនបានដឹង ថាបេះដូង របស់នាង មិនទទួលស្នេហ៍ទៀតទេ គឺទុកបេះដូងឱ្យនៅទំនេរ មួយរយៈសិន ព្រោះពេលមុនៗ ខ្លួនធ្លាប់ ឈឺចាប់រួចមកហើយ ចំពោះរឿងស្នេហាមិនប្រាកដប្រជា ពីបុរសៗទាំងនេះ។ តារាចម្រៀង រតនៈ ពិសី បានបញ្ជាក់ថា "ពេលនេះខ្ញុំចង់បិទបេះដូង ទុកពេលទំនេរ ដើម្បីលំហែសប្បាយ និងយកឱកាសនេះ ទៅធ្វើអ្វីមួយ ដែលជារឿងបានប្រយោជន៍សម្រាប់ខ្លួនឯងទៅថ្ងៃអនាគត។ សម្រាប់រឿងស្នេហា ប្រសិន ជាដល់ពេល នឹងគិតគូរមើលឡើងវិញជាថ្មីម្តងទៀត ឱ្យច្បាស់ទើបសម្រេច ចិត្តទទួលយក។

គួររំឭកថា បុរសជាគូស្នេហ៍ទីពីរ ដែលមានទំនាក់ទំនងស្នេហា ជាមួយតារាស្រី រតនៈ ពិសី គឺជាអាណិក ជនខ្មែរ រស់នៅប្រទេសបារាំង ហើយក៏ធ្លាប់ជិះយន្តហោះ ស្កាត់មកជួបតារាស្រីរូបនេះដល់ស្រុកខ្មែរ ទៀតផង។ ពួកគេទាំងពីរគឺបានផ្តើមស្នេហ៍ជាមួយគ្នា អស់រយៈពេលជាងកន្លះឆ្នាំ ប៉ុន្តែក្រោយមក ក៏ធ្លាយ ដំណឹងថា ចំណងស្នេហ៍រវាងអ្នកទាំងពីរ ត្រូវបានកាត់ផ្តាច់ទៅវិញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ratanak pisey entertainment khmer super star actress រតនៈ ពិសី