CamNews

តារា 

ពៅ លីដា មិន​ហ៊ាន​យក​ឆ្អឹង ទៅ​ចោល​ស្រុក​ក្រៅ

ភ្នំពេញៈ នៅដំណាច់ឆ្នាំ២០១៣នេះ មានវត្តមានតារាស្រីល្បីឈ្មោះ ជាច្រើនដួង បានសម្រេចចិត្តបោះ បង់ចោល ឱកាសរកលុយ និងផ្តាច់ខ្លួន ចេញពីសិល្បៈ ទៅសាងគ្រួសារជាមួយស្វាមី ដែលសុទ្ធសឹងតែ ជាអាណិកជនខ្មែរ រស់នៅឯនាយសមុទ្រ ។ តែដោយឡែកតារាសម្តែង សម្បុរសណ្តែកបាយ កញ្ញា ពៅ លីដា បែរជាបង្ហើបឲ្យដឹងថា នាងមានការរំជួលចិត្ត ខណៈដែលឃើញសិល្បការិនី ស្របាលនាងជា ច្រើន ចូលរោងការបន្តបន្ទាប់ ហើយពួកគេសុទ្ធតែមានស្វាមី ជាអ្នកមានទ្រព្យ និងរស់នៅក្រៅប្រទេស តែសម្រាប់រូបនាង គឺមិនហ៊ានប្រាថ្នា យកប្តីដែលជា អាណិកជនដូចគេទេ ពោលគឺខ្លាចពាក្យតែងពោល ថា "យកឆ្អឹងទៅចោលនៅក្រៅស្រុក" ព្រោះពេលបានប្ដីជាអាណិកជន ពួកគេ តែងតែទៅរស់ នៅឯ ប្រទេសក្រៅ មិនវិលចូលស្រុកវិញ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលក្រោយនេះ មានមិត្តភក្តិក្នុងសិល្បៈ បានចូលរោងការជាច្រើន គូទៅសាងគ្រួសារ ហើយនាងគិតថា តារាស្រីទាំងអស់នោះ នឹងមានសេចក្តីសុខសុភមង្គល ក្នុងគ្រួសារដូចៗគ្នា ព្រោះថា ស្វាមីរបស់ពួកគាត់ គឺសុទ្ធតែស្រឡាញ់ ពួកគាត់ ។ ពេលខ្លះ នាងក៏មានការតូចចិត្ត និងលួចច្រណែន ពួកគាត់ខ្លះៗដែរ ។

ពិធីការិនីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “បើទោះជាពេលនេះ មានមិត្តភក្តិ អ្នកសិល្បៈជាច្រើន បាន ចូលរោងការក៏ដោយ តែខ្ញុំហាក់ដូចជាមិនទាន់ចង់គិត ពីរឿងរៀបការនៅឡើយទេ ។ ប្រហែលជាត្រូវ ពន្យារពេល២-៣ឆ្នាំទៀត ព្រោះខ្ញុំចង់ទុកពេល សម្រាប់ការងារឲ្យ មានភាពរីកចម្រើន ជាងនេះសិន ។ ម្យ៉ាងពេលនេះ ខ្ញុំក៏មិនទាន់រកឃើញម្ចាស់ចិត្ត នៅឡើយទេ ថាគាត់រស់នៅក្រៅឬ ក្នុងប្រទេស ហើយ មានរូបរាងយ៉ាងណា ដូច្នេះខ្ញុំបានត្រឹមតែនិយាយថា មិនទាន់ចង់គិតពេល ណាពេលហ្នឹងចុះ ។ តែមិនចង់ហ៊ានប្រាថ្នា បុរសអាណិកជន អ្វីឡើយ” ។

កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា សម្រាប់នាង មិនប្រកែកទេថា មានអ្នកតាមស្រឡាញ់ គឺមានច្រើនទាំងក្នុង និងក្រៅប្រទេស គ្រាន់តែនាងមិន ទាន់ដាក់ចិត្តថា ត្រូវយកពេលវេលា ទៅសម្លឹង មើលបុរស ណាម្នាក់នៅឡើយទេ ។ នាងក៏មិនមានការរើសអើង មកលើបុរសក្នុងស្រុកយើងទេ។ តែ អ្វីដែលសំខាន់ គឺភាពចុះសម្រុងសម្រាប់នាង និងអនាគតស្វាមីថា អាចរស់នៅជាមួយគ្នា ពេញមួយ ជីវិតបានឬយ៉ាងណា?

ពៅ លីដា និយាយ “ខ្ញុំអត់គិតទេបង..ថា អនាគតទៅយក ស្វាមីជាអ្នកណា បើសិនជាគូក្រៅ ឬក្នុងមិន សំខាន់ទេ។ ខ្ញុំក៏មិនហ៊ានប្រាថ្នាដែរ បើសិនជាគូ គឺខ្ញុំទទួលយក ដោយមិនប្រកែកទេ។ ខ្ញុំក៏មិនហ៊ាន ប្រាថ្នា ថាត្រូវតែយកស្វាមី ជាអាណិកជនដែរ ព្រោះអ្វីដែលសំខាន់ មិនមែនលើរឿងនេះទេ សំខាន់ គឺសុភមង្គលសម្រាប់ខ្ញុំ ថាអាចរស់នៅជាមួយគ្នា បានឬអត់ទៅថ្ងៃក្រោយ ”៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pov lida entertainment khmer star actress ពៅ លីដា