CamNews

តារា 

ព្រីម លីហ្សា រងនូវ​ការចោទ​ប្រកាន់​ថា ដណ្ដើម​ប្ដីគេ ឱ្យរត់​ចេញ​ពីផ្ទះ

ភ្នំពេញ ៖ ព្រីម លីហ្សា តារាសម្ដែង វ័យក្មេងឆើតឆាយដែលល្បីឈ្មោះ នៅក្នុងចំណោមពិភព សិល្បៈ ដោយសារតែការហ៊ាន ចំណាយលុយ ទិញសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ថ្លៃៗ ដោយសម្លៀកបំពាក់ខ្លះ ដែលនាងស្លៀកមួយកំប្លេ ត្រូវបានគេអះអាងថា មានតម្លៃជិត ១ម៉ឺនដុល្លារ ឥឡូវកញ្ញារូបនេះ បានរងនូវការចោទប្រកាន់ថា ជាស្រីដណ្ដើមប្ដីគេ រហូតដល់ល្បួងប្ដីគេ ឱ្យចាកចេញពីផ្ទះសម្បែង ចោលប្រពន្ធ-កូន ថែមទៀតផង។

ពាក់ព័ន្ធទៅនឹងករណី បែកធ្លាយរឿង មានស្ដ្រីម្នាក់ ធ្វើការចោទប្រកាន់ថា នាង ព្រីម លីហ្សា ដណ្ដើមប្ដីរបស់គេនេះ បាន ផ្ទុះឡើង ខណៈដែលថ្មីៗនេះគេឃើញកញ្ញា ព្រីម លីហ្សា បានបង្ហោះរូបថតចំនួន ២ សន្លឹក ដែលរូបនាងបាន  ថតកៀកកើយជា មួយនឹងបុរសម្នាក់ ដែលគេមិនស្គាល់អត្ដសញ្ញាណ ។ ក្រោយការបង្ហោះរូបទាំង ២ សន្លឹកដូចមាននៅក្នុងរូបថតនេះ នៅក្នុងបណ្ដាញសង្គម Instagram រួចមកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានដកស្រង់យករូបថតខាងលើ មកចុះផ្សាយពីរឿងធ្លាយរូបថត តារាសម្ដែងកញ្ញា ព្រីម លីហ្សា ថតរូបកៀកកើយ ជាមួយនឹងបុរសរូបស្អាត វ័យក្មេងមួយរូបរួចមកនោះ ស្រាប់តែមានស្ដ្រីម្នាក់ ដែលសុំមិនឱ្យបង្ហាញ អត្ដសញ្ញាណ បានចេញមុខមកអះអាងថា កញ្ញា ព្រីម លីហ្សា បានដណ្ដើមប្ដីរបស់នាង រហូតដល់អន្ទង ឱ្យប្ដីរបស់នាង ចាកចេញពីផ្ទះទៅ ចោលប្រពន្ធ-កូនបាត់អស់រយៈពេល ២ខែ មកហើយទៀតផង ។

ស្ដ្រីដែលទូរស័ព្ទមកប្រាប់ខាងលើនេះ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើការព្រមាន សូមឱ្យកញ្ញា ព្រីម លីហ្សា បញ្ឈប់ការបង្ហោះរូបថតកៀកកើយ ជាមួយនឹងប្ដីរបស់នាងតទៅទៀត ព្រោះការធ្វើបែបនេះ បានធ្វើឱ្យប៉ះពាល់ ដល់កិត្ដិយស និងអារម្មណ៍របស់ប្រពន្ធ-កូនខ្លាំងណាស់ ។

ស្ដ្រីខាងលើ ថ្វីត្បិតតែមិនបានប្រកាន់ ជំហរប្ដឹងពីការ ព្រីម លីហ្សាក៏ដោយ តែរូប នាង នៅតែអះអាងថា ទង្វើរបស់កញ្ញា ព្រីម លីហ្សា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមគ្រួសាររបស់នាង ដែលមានប្រពន្ធ កូន រួមទាំងឪពុក-ម្ដាយ របស់នាងដេកឈឺ ចាប់ផងដែរ នៅពេលដែលឃើញ រូបថតប្ដី រូបថតឪពុក និងត្រូវជារូបថតរបស់កូន ប្រសារ ត្រូវបានកញ្ញា ព្រីម លីហ្សា យកទៅបង្ហោះឱ្យគេឯងឃើញ ជាសាធារណៈ បែបនេះ ។ មិនតែប៉ុណ្ណោះស្ដ្រីខាងលើ បាន បន្ថែមថា ដោយសារតែការ ងប់ងុលប្ដី របស់នាងបានចាកចោលផ្ទះសម្បែង ចាក ចោលប្រពន្ធ-កូន ទៅបាត់អស់រយៈពេល ២ខែមកហើយ រហូតមកដល់ពេលនេះ នៅ មិនទាន់ឃើញ វិលត្រឡប់មកវិញនៅឡើយទេ បែរជាឃើញតែរូបថត ថតកៀកកើយ ជាមួយនឹងកញ្ញា ព្រីម លីហ្សាទៅវិញ ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានធ្វើការទំនាក់ទំនង ទៅកាន់កញ្ញា ព្រីម លីហ្សា ដើម្បីសុំការបំភ្លឺផងដែរ តែពេលទូរស័ព្ទចូល ម្ដាយរបស់នាងលើក ហើយគ្រាន់តែឮសូរថា អ្នកកាសែត ក៏ឱ្យទូរស័ព្ទទៅ លេខផ្សេង ហើយក៏បិទទូរស័ព្ទបាត់ទៅ ។ បន្ទាប់មកដើមអម្ពិល បានទូរស័ព្ទទៅកាន់ ប្អូនស្រីរបស់នាង ដែលកន្លងមកតែងតែធ្វើ ជាអ្នកនាំពាក្យជំនួសបងស្រី ពេលដែលអ្នកកាសែតទូរស័ព្ទសួរនោះ ប្អូនស្រីកញ្ញា ព្រីម លីហ្សា បានរ៉ាយរ៉ាប់ប្រាប់ដើមអម្ពិលថា ពាក់ព័ន្ធករណី ដែលកញ្ញា ព្រីម លីហ្សា បង្ហោះរូបកៀកកើយ ជាមួយនឹងបុរស ខាងលើនោះ គឺដោយសារតែមានមិត្ដភ័ក្ដិនៅ ក្នុងហ្វេសប៊ុកជាច្រើន ដែលតែងតែទទូច ចង់ឱ្យមានបង្ហោះ រូបជាមួយសង្សា ។ ក្នុងនោះប្អូនស្រីរបស់នាងបានអះអាងថា បុរសដែលមាននៅក្នុងរូបថតនោះ ពិតជាសង្សារបស់កញ្ញា ព្រីម លីហ្សា ពិតប្រាកដមែន ប៉ុន្ដែជារូបថតចាស់ ថតឡើងមានរយៈពេល ជាង ២ឆ្នាំមកហើយ ។ នាងបានបន្ថែមថា រហូតមកដល់ពេលនេះ គឺបងស្រីរបស់នាង និងសង្សាចាស់ បានបែកបាក់គ្នាហើយ និង មិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ។

ដោយឡែកពាក់ព័ន្ធនឹងការចោទប្រកាន់ ថា កញ្ញា ព្រីម លីហ្សា ដណ្ដើមប្ដីគេនោះ ប្អូនស្រីរបស់នាង បានឆ្លើយបែបហីថា នាងមិនបានដឹងទេ ព្រោះរឿងនេះបានចប់យូរ មកហើយ ណាមួយពេលនៅ ត្រូវរ៉ូវជាមួយគ្នា នាងមិនបានដឹងទេថា បុរសជាគូស្នេហ៍នោះ មានប្រពន្ធ ឬគ្មានប្រពន្ធឡើយ ប៉ុន្ដែ ទទួលស្គាល់ថា ពិតជាមានអនុស្សាវរីយ៍ជា មួយគ្នាច្រើនមែន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: prim liza entertainment khmer star actress ព្រីម លីហ្សា