ភ្នំពេញៈ អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលតារាចម្រៀងសំឡេងក្រអួនក្រអៅ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានបោះជំហានចូលប្រឡូក ក្នុងវិស័យសិល្បៈ ដោយកន្លងមកនាង មិនធ្លាប់បង្ហាញ ពីការខឹងសម្បារ ឈ្លោះប្រកែកជាមួយអ្នកណា ជាសាធារណៈទេ ព្រោះនាងមិនចង់ក្លាយជា តារាល្បី ដោយសាររឿងមិនល្អ។ ប៉ុន្តែថ្មីៗនេះ ដោយសារតែរឿងលុយ ត្រឹមតែ៧ដុល្លារ បានធ្វើ ឲ្យតារារូបនេះសម្តែង ការខឹងសម្បារ ដល់ថ្នាក់ហ៊ុយផ្សែង តាមត្រចៀក និងបញ្ចេញកំហឹងនោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook របស់នាង ដើម្បីឲ្យធូរអារម្មណ៍ និងជាសារព្រមាន ដល់មនុស្សម្នាក់ ដែលនាងកំពុងខឹង ។
ពាក្យសម្តីធ្ងន់ៗ មួយចំនួន ស្តែងឲ្យឃើញពីការមួម៉ៅក្តៅចុងច្រមុះ ដែលតារាចម្រៀង កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានបង្ហោះជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ជាអក្សរអង់គ្លេសថា “mean na ke know ma nak nerg ort fri?? juy tell me pong . coz jong tell tha som bro yat na coz ma nak nis mok make up nov shop me ort ouy money te tea 7$ sos . yok les tha for get yok money mok hery yey tha klun ang jea star model terb nerg jos thmey . tha cham yok mok ouy vinh ah lov bat ror hot ort mok vinh sos. hum yab nas min ku ory cherr sos muk mat pun nerg dea der bouk pras ke . som bro yat na hery ber mean na ke know juy tell ouy know pong na!!”។
ប្រយោគទាំងអស់នេះ មានន័យជាភាសាខ្មែរថា “មានណាគេស្គាល់នារីម្នាក់ នៅក្នុងរូបនេះអត់ ? ប្រសិនបើស្គាល់ប្រាប់ខ្ញុំផង ព្រោះថា នារីម្នាក់នេះ មកផាត់មុខធ្វើសក់ នៅហាងខ្ញុំអត់ឲ្យលុយទេ លុយត្រឹមតែ៧ដុល្លារសោះហ្នឹង យកលេសថា ភ្លេចយកលុយ មក ហើយនិយាយថា ខ្លួនឯងជា តារាបង្ហាញម៉ូដ ទើបនឹងចូលថ្មី។ មិនតែប៉ុណ្ណោះ គេថែមទាំងប្រាប់ថា ទៅយកលុយមកឲ្យវិញ តែរហូតដល់ អាឡូវ អត់ឃើញមកវិញសោះ មិនគួរឲ្យជឿសោះថា មុខមាត់ប៉ុណ្ណឹងដែរ បែរជា បោកប្រាស់គេ។ សុំបងប្អូនប្រយ័ត្នហើយបើមានអ្នកស្គាល់ ប្រាប់ខ្ញុំផង... ” ។
តាមរយៈសម្តីទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា តារាចម្រៀងចាស់វស្សា ដែលមានឈ្មោះ បោះសំឡេងល្បីរន្ទឺ នៅឯនាយសមុទ្រ កញ្ញា កណ្ណិកា ត្រូវបាននារីវ័យក្មេងម្នាក់ បោកប្រាស់ ក្រោយពីធ្វើសក់ផាត់មុខ នៅហាងរបស់នាងរួចហើយ តែមិនឲ្យលុយ បានធ្វើឲ្យនាងកើតទុក មិនអស់ចិត្ត ដែលត្រូវគេបោកយ៉ាងនេះ។
ទោះជាលុយត្រឹមតែ៧ដុល្លារ ក៏ដោយ ក៏នាងមិនលើកលែងដែរ ហើយនាងថែមទាំងប្រកាសជា សាធារណៈទៀតថា បើមានអ្នកណាស្គាល់ ជួយ ប្រាប់នាងផង ។គេមិនទាន់ដឹងច្បាស់នៅឡើយ ទេ ថានាងបញ្ចប់ត្រឹមហ្នឹង ឬបន្តធ្វើអ្វីទៀតទេ ព្រោះថានាងបានប្រកាស រកមុខនារីម្នាក់ នោះ និងប្រាប់ឲ្យនាង (នារីនោះ) ប្រយ័ត្នខ្លួនទៀតផង..៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល