បច្ចុប្បន្ននេះ ការឆបោកបន្លំកាន់តែសាហាវគួរអោយខ្លាច ហើយមិនរើសទីកន្លែងទៀត សូម្បី
តែក្នុងសាកលវិទ្យាល័យក៏អាចកើតមានបានដែរ! កាលពីវេលាម៉ោងប្រមាណ៣និង១៥នាទី
រសៀល (ថ្ងៃទី៣១ ខែធ្នូរ ឆ្នាំ២០១១) មានបុរសប្លែកមុខម្នាក់បានចូលមក លួងលោមនិសិ្សត ឲ្យចូលរួមបរិច្ឆាគលុយខ្លះដើម្បីគាត់អាចជិះម៉ូតូឌុប ទោផ្ទះវិញបាន។ មិនដឹងថាមុនម៉ោង
៣ និង ១៥នាទីនោះគាត់បោកប្រាស់និស្សិតអស់ប៉ុន្មាននាក់ហើយនោះទេ។
លុះពេលកើតហេតុ បុរសឆបោកម្នាក់នោះបានចូលមក ទំនាក់ទំនងដោយប្រើប្រាស់ភាសា
អង់គ្លេសជាមួយខ្ញុំ (និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ) ដោយប្រាប់ថា គាត់មកដើម្បី
Apply ជាគ្រូភាសាអង់គ្លេសនៅទីនេះ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ហើយគាត់មកពី
ប្រទេសម៉ាឡេស៊ី។ គាត់បានសុំខ្ចីលុយរបស់ខ្ញុំ ២ដុល្លា ខ្ញុំបានឲ្យគាត់ ១០,០០០រៀល
ពេលនោះ ខ្ញុំអត់បានសង្ស័យទេ។ ប្រហែល២នាទីបន្ទាប់ គាត់សុំខ្ចីថែម ១០,០០០រៀល
ទៀតដើម្បីញ៉ាំបាយ ពេលនោះទើបខ្ញុំចាប់ផ្តើមសង្យ័យ ហើយខ្ញុំបានបដិសេធ តែគាត់
ថាពេលនេះ គាត់ឃ្លានខ្លាំងណាស់ ដើម្បីបញ្ចប់រឿងខ្ញុំឲ្យគាត់ថែម ១ដុល្លាទៀត។ រួចខ្ញុំ
ក៏បែកពីគាត់ ហើយខ្ញុំរត់សំដៅទៅជាន់ទីមួយយ៉ាងលឿន ដើម្បីតាមមើលគាត់ ព្រោះ
ខ្ញុំមិនទុកចិត្ត។ រំពេច់នោះ ស្រាប់តែគាត់ចាប់ដើរទៅក្បែរដើមឈើមួយដើម ដែលមាន
ឡានព័ទ្ធជុំវិញ។ ខណៈនោះខ្ញុំឃើញគាត់ដកលុយមួយបាច់ចេញមករាប់ ទើបធ្វើឲ្យខ្ញុំ
ស្រឡាំងកាំង រត់រកគ្រូនិងមិត្តភកិ្តឲ្យជួយ។ ខ្ញុំបានរត់បន្តទៅប្រាប់សន្តិសុខនៅខាងក្រោម
អគារ ដើម្បីឃាត់ខ្លួនបុរសប្លែកមុខនោះ។ សន្តិសុខចាប់បានខណៈពេលដែលជននោះ
កំពុងព្យាយាមបោកនិសិ្សតនារីម្នាក់បន្ទាប់ទៀត ហើយបញ្ចូនទៅការិយាល័យរដ្ឋបាន
ដើម្បីសាកសួរ។
ខ្ញុំសូមផ្តាំដល់មិត្តៗទាំងអស់ គួរមានការប្រុងប្រយ័ត្នឲ្យបានម៉ត់ចត់ ចៀសវាងជួបនូវ
ការបោកប្រាស់ដ៏គួរឲ្យចង់សើចបែបនោះទៀត។
សរសេរដោយនិស្សិត ក.ញ