CamNews

ព័ត៌មានជាតិ 

សម្តេច ហ៊ុន សែន៖ ត្រូវឆ្លើយថា«ទេ»ចំពោះគ្រឿងញៀន, កុំខ្លាចពន្ធនាគារគ្មានមនុស្សជាប់គុកដោយសារគ្រឿងញៀន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចេញសារមួយដោយអំពាវនាវឲ្យគ្រប់ស្ថាប័នរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគ្នាដើម្បីលុបបំបាត់ចោលនូវគ្រឿងញៀនដើម្បីកម្ពុជាគ្មានគ្រឿងញៀន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ វិធានការដែលចេញពីរាជរដ្ឋាភិបាល កម្លាំងមានសមត្ថកិច្ច និងពីតុលាការ រហូតពន្ឋនាគារ វាមិនគ្រប់គ្រាន់ទេ។ ដើម្បីបំបាត់ចោលនូវគ្រឿងញៀននេះ គឺមនុស្សទាំងអស់ កុំសេពគ្រឿងញៀន ហើយគ្រប់គ្នាត្រូវឆ្លើយថា «ទេ»។ បុគ្គលម្នាក់ៗ មិនថាចាស់ ក្មេង ប្រុស ស្រី គឺត្រូវខិតខំដោយខ្លួនឯង។ រីឯគ្រួសារនីមួយៗ ត្រូវគ្រប់គ្រងអប់រំកូនចៅ នៅក្រោមអាណាព្យាបាលឲ្យបានល្អ។ សាលារៀន គ្រូ សាស្រ្តាចារ្យត្រូវផ្តល់ការអប់រំចំពោះសិស្សនិស្សិត។ ចំពោះសិស្ស និស្សិត តាមរយៈសកម្មភាពមិត្តអប់រំមិត្តឲ្យចាកឆ្ងាយពីគ្រឿងញៀន ដើម្បីរួមចំណែកទប់ស្កាត់គ្រឿងញៀន។ ព្រះសង្ឃក្នុងនិកាយព្រះពុទ្ឋសាសនា ថ្នាក់ដឹកនាំសាសនាអ៊ីស្លាម គ្រូប្រដៅសាសនាក្នុងគ្រឹះសាសនា ក៏អាចចូលរួមក្នុងការងារនេះដោយការ អំពាវនាវដល់បរិស័ទរបស់ខ្លួនកុំឲ្យប្រព្រឹត្តិគ្រឿងញៀន។ ប្រព័ន្ឋផ្សព្វផ្សាយគ្រប់ប្រភេទ សិល្បៈករ សិល្បៈការិនី ពិធីការ ពីធីការនីនៃវិទ្យុ និងទូរទស្សន៍ សុទ្ឋតែមានលទ្ឋភាពធ្វើបាន កុំឲ្យយុវជនយុវនារីសេពគ្រឿងញៀន។ ក្នុងនោះអ្នកលេងហ្វេប៊ុក ក៏អាចចូលរួម Comments លើបញ្ហាគ្រឿងញៀនផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន យល់ឃើញថា សំខាន់ដើម្បីបញ្ចប់គ្រឿងញៀន គឺគ្រប់ៗគ្នាត្រូវតែនិយាយថា «ទេ» បដិសេធន៍គ្រឿងញៀន នោះទើបអ្នកជួញដូរគ្រឿងញៀន ក៏គ្មានទីផ្សារដើម្បីលក់គ្រឿងញៀនទៀតដែរ។ សូមបងប្អូនកុំបារម្ភថា ខ្លាចសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនគ្មានការងារធ្វើ ឬខ្លាចតុលាការគ្មានសំណុំរឿងគ្រឿងញៀនកាត់ក្តី និងខ្លាចពន្ឋធនាគារគ្មានមនុស្សជាប់គុកដោយសារគ្រឿងញៀន។

ខាងក្រោមនេះជាសារទាំងស្រុងរបស់សម្តេចតេជោ នៅលើ Facebook:

បញ្ហាគ្រឿងញៀនបានក្លាយជាប្រធានបទដ៏ធំរបស់ពិភពលោក របស់តំបន់ និងនៅតាមប្រទេសនីមួយៗ។ ដោយឡែកសម្រាប់កម្ពុជាយើង គ្រឿងញៀនបាននឹងកំពុងវាយលុកបំផ្លាញអនាគត របស់យុវជន យុវនារីមួយចំនួន ដែលធ្វើអោយពួកគេក្លាយជាជនរងគ្រោះ បណ្តាលមកពីពួកឧក្រិដ្ឋជនដែលជួញដូរ និងចែកចាយគ្រឿងញៀន។ នៅក្នុងស្ថានភាពបែបនេះ បានដាក់អោយមាតាបិតា អាណាព្យាបាលរបស់យុវជន យុវនារីដែលញៀនគ្រឿងញៀន ស្ថិតក្នុងស្ថានភាពជាជនរងគ្រោះធ្ងន់ធ្ងរជាងកូនចៅដែលរងគ្រោះដោយសារគ្រឿងញៀនទៅទៀត។ ពួកគាត់ត្រូវសម្រក់ទឹកភ្នែកដោយសារកូន គាត់ត្រូវអស់ប្រាក់កាសដោយសារកូន គាត់បាត់កិត្តិយសដោយសារកូន ហើយកាន់តែធ្ងន់ធ្ងរនៅពេលដែលកូនទៅគម្រាមឪពុកម្តាយ និងបានវាយធ្វើបាបទារលុយទៅទិញគ្រឿងញៀន ។ល។

អាជ្ញាធរមានសមត្ថកិច្ចបានខិតខំយ៉ាងខ្លាំងដើម្បីទប់ស្កាត់គ្រឿងញៀន និងមានវិធានការអប់រំផង និងវិធានការផ្លូវច្បាប់ផង ដែលមានការចាប់ខ្លួនបញ្ជូនទៅតុលាការសម្រាប់អ្នកជួញដូរ និងចែកចាយគ្រៀងញៀន និងរៀបចំមណ្ឌលដើម្បីធ្វើនីតិសម្បទារអ្នកដែលញៀនគ្រឿងញៀន។ ខ្ញុំនិងភរិយា បានចូលរួមផ្គត់ផ្គង់ថវិកាប្រចាំខែសម្រាប់មជ្ឈមណ្ឌល៣ គឺ២ នៅបាត់ដំបង និង ១ នៅបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនដល់អ្នកញៀនគ្រឿងញៀន។

ខ្ញុំយល់ថាវិធានការដែលចេញពីរាជរដ្ឋាភិបាល កម្លាំងមានសមត្ថកិច្ច និងពីតុលាការ រហូតពន្ឋនាគារ វាមិនគ្រប់គ្រាន់ទេ។ ដើម្បីបំបាត់ចោលនូវគ្រឿងញៀននេះ និងដើម្បីធានាប្រសិទ្ឋិភាពបំបាត់ចោលគ្រឿង​ញៀន ដើម្បីកម្ពុជាគ្មានគ្រឿងញៀន គឺមនុស្សទាំងអស់ កុំសេពគ្រឿងញៀន ហើយគ្រប់គ្នាត្រូវឆ្លើយ​ថា “ទេ”។ បុគ្គលម្នាក់ៗ មិនថាចាស់ ក្មេង ប្រុស ស្រី គឺត្រូវខិតខំដោយខ្លួនឯង។ រីឯគ្រួសារនីមួយៗ ត្រូវគ្រប់គ្រងអប់រំកូនចៅ នៅក្រោមអាណាព្យាបាលអោយបានល្អ។ សាលារៀន គ្រូ សាស្រ្តា​ចារ្យត្រូវផ្តល់ការអប់រំចំពោះសិស្សនិស្សិត។ ចំពោះសិស្ស និស្សិត តាមរយៈសកម្មភាពមិត្តអប់រំមិត្តអោយចាកឆ្ងាយពីគ្រឿងញៀន ដើម្បីរួមចំណែកទប់ស្កាត់គ្រឿងញៀន។ ព្រះសង្ឃក្នុងនិកាយព្រះពុទ្ឋសាសនា ថ្នាក់ដឹកនាំសាសនាអ៊ីស្លាម គ្រូប្រដៅសាសនាក្នុងគ្រឹះសាសនា ក៏អាចចូលរួមក្នុងការងារនេះដោយការ អំពាវនាវដល់បរិស័ទរបស់ខ្លួនកុំឲ្យប្រព្រឹត្តិគ្រឿងញៀន។ ប្រព័ន្ឋផ្សព្វផ្សាយគ្រប់ប្រភេទ សិល្បៈករ សិល្បៈការិនី ពិធីការ ពីធីការនីនៃវិទ្យុ និងទូរទស្សន៍ សុទ្ឋតែមានលទ្ឋភាពធ្វើបាន កុំអោយយុវជនយុវនារីសេពគ្រឿងញៀន។ 
ក្នុងនោះអ្នកលេងហ្វេប៊ុក (Facebook fans) ក៏អាចចូលរួមវិភាគទានតាមរយៈ (Comments) លើបញ្ហាគ្រឿងញៀនផងដែរ។

ខ្ញុំយល់ថាសំខាន់ដើម្បីបញ្ចប់គ្រឿងញៀន គឺគ្រប់ៗគ្នាត្រូវតែនិយាយថា “ទេ” បដិសេធន៍គ្រឿងញៀន នោះទើបអ្នកជួញដូរគ្រឿងញៀន ក៏គ្មានទីផ្សារដើម្បីលក់គ្រឿងញៀនទៀតដែរ។ សូមបងប្អូនកុំបារម្ភថា ខ្លាចសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនគ្មានការងារធ្វើ ឬខ្លាចតុលាការគ្មានសំណុំរឿងគ្រឿង​ញៀនកាត់ក្តី និងខ្លាចពន្ធនាគារគ្មានមនុស្សជាប់គុកដោយសារគ្រឿងញៀន៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP