ភ្នំពេញៈ កញ្ញា ម៉ិច ម៉ារីកា ទស្សនិកជនភាគច្រើន បានស្គាល់នាង តាមរយៈការសម្តែង ជាតួឯក ស្រីក្នុងរឿង "ព្រះធិនវង្ស នាងពៅ" ស្រីស្រស់ទងវង់រូបនេះ បច្ចុប្បន្នកំពុងតែចាប់ផ្តើម មានទីផ្សារ ការងារកាន់តែខ្លាំង ស្ទើរតែគ្មានពេលសម្រាកទាល់តែសោះ ។ នៅក្នុង ពេលខ្លីខាងមុខនេះ នាង នឹងចេញដំណើរ ទៅថត រឿងឲ្យខាងស្ថានីយទូរទស្សន៍ CTN នៅប្រទេសម៉ាឡេស៊ី ជាលើក ដំបូងទៀតផង ។
ក្នុងជំនួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៤នេះ តារាស្រីពន្លកថ្មីទើបរះ លើវិថីសិល្បៈប្រមាណជិត២ឆ្នាំ កញ្ញា ម៉ិច ម៉ារីកា បាន ប្រាប់ឲ្យដឹងថា ការងាររបស់នាង មានភាពរីកចម្រើនជាងមុនច្រើន បន្ទាប់ពីនាងចាប់ផ្តើមធ្វើឲ្យ ទស្សនិក ជន ស្គាល់ច្រើន តាមរយៈការសម្តែងរឿង "ព្រះធិនវង្ស នាងពៅ"។ ក្រោយពីនាងថតចប់រឿងនេះ ដាក់បញ្ចាំងភ្លាម គឺមានអ្នកដឹកនាំរឿងទាក់ទងហៅ ថតភ្លេតតែម្ដង។ ជាក់ស្តែង ពេលនេះនាង កំពុងតែ ថតរឿងថ្មីមួយទៀត ឲ្យ CTN មានចំណងជើងថា "ទឹកចិត្តប្រពន្ធ" ដែលនៅថ្ងៃទី៧ ខែ សីហា ខាងមុខនេះ នាងត្រូវចេញទៅថតឈុត ក្នុងសាច់រឿងមួយចំនួន ជាមួយតួសម្តែង ក្នុងរឿង នេះ នៅម៉ាឡេស៊ី ។
តារាស្រីសម្បុរស្រអែម ស្រស់រូបនេះបានប្រាប់ឲ្យដឹងថា "នេះជាលើកទី១ហើយ ដែលខ្ញុំបាន ចេញទៅថតរឿង នៅក្រៅប្រទេស ខ្ញុំពិតជាមានអារម្មណ៍ រំភើបខ្លាំង ដោយខ្ញុំត្រូវ ចេញទៅ សម្តែង រួមជា កញ្ញា ភិន សុដាលីស លោក អូន ឧស្សាហ៍ និងតារាមួយចំនួនទៀត រយៈពេល ប្រមាណជិត២០ថ្ងៃ។ ខ្ញុំជឿជាក់ថា ការសម្តែងរឿងថ្មីនេះ នៅពេលថតចប់ដាក់បញ្ចាំង អាច ទទួលបានការគាំទ្រពី បងប្អូនទស្សនិកជនច្រើន ព្រោះថា ខាងអ្នកដឹកនាំបាន សម្រឹតសម្រាំង គ្រប់ឈុតឆាក ក្នុងរឿងនេះ ។ មិនតែប៉ុណ្ណោះ យើងក៏មានការផ្តិតយកទេសភាព ពីក្រៅប្រទេស ថែមទៀតផង" ។
ទន្ទឹមជាមួយគ្នានោះ ស្រីស្រស់តូចច្រឡឹងរូបនេះ ក៏បានបង្ហើបឲ្យដឹងថា ដោយសារតែ នាងត្រូវ ត្រៀមខ្លួន ចេញទៅក្រៅប្រទេស គឺមានការងារ មួយចំនួន ដែលមានរយៈពេលវែង គឺនាងមិន ទទួលទេ តែបើសិនជាការងារមួយចំនួន ដែលថតរយៈពេលខ្លី មួយថ្ងៃពីរថ្ងៃ ទើបទទួល ព្រោះ ថាខ្លាចប៉ះពាល់ ការងារគេ ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល