CamNews

កំសាន្ត 

ចន ច័ន្ទលក្ខិណា ចេញមុខ ទម្លាយអាថ៌កំបាំងឈឺចាប់ ជាមួយអតីតស្វាមី

ភ្នំពេញ៖ បន្ទាប់ពីមានអាណិកជនក្រៅប្រទេសម្នាក់ ដែលមានឈ្មោះក្នុង Facebook ថា Chanbo Keo បានចេញមុខបកអាក្រាតអតីតតារាសម្តែង លោក យុត្ថារ៉ា ឆានី រួចមិនទាន់បានប៉ុន្មានផង ស្រាប់តែទស្សនិកជនបានឃើញវត្តមាន អតីតភរិយាលោក គឺអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចេញមុខទម្លាយអាថ៌កំបាំងក្នុងចិត្ត ដែលប្រៀមលាក់ទុកការឈឺចាប់ អស់រយៈពេលជាង១០ឆ្នាំ ដោយនាងមិនដែល បើកបង្ហាញទូលាយ ប្រាប់មហាជនឡើយ ។

កន្លងមកទស្សនិកជនមួយចំនួន តែងតែធ្វើការរិះគន់ទៅលើ អ្នកនាង ចន ច័ន្ទលក្ខិណា ថានាងជានារីមិនល្អក្បត់ស្វាមីទៅមាន អ្នកផ្សេង មានការភ្លើតភ្លើនភ្លេចអនុស្សាវរីយ កំសត់កម្រជាមួយស្វាមី និងការរិះគន់ជាច្រើនទៀត ប៉ុន្តែទស្សនិកជនមិនបានដឹងទេ ថាការពិតរឿងផ្ទៃក្នុងគ្រួសារ របស់ពួកគេ យ៉ាងណាឡើយ។

ទើបតែពេលនេះម្ចាស់សាម៉ីខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្តចេញមុខ ទម្លាយការឈឺចាប់នោះ ក្រោយពីមានអាណិក ជនខ្មែរ រស់នៅឯក្រៅប្រទេសម្នាក់ បានធ្វើការបកអាក្រាតស្វាមីនាង ដោយនៅក្នុងនោះ នាងបានសរសេរបង្ហោះនៅលើ Facebook ថា “អរគុណបងស្រី ដែលបានបកស្រាយ រឿងនេះគឺខ្ញុំលាក់ទុក១០ឆ្នាំតែម្នាក់ឯង សូម្បីតែឪពុកម្តាយខ្ញុំក៏ខ្ញុំមិនប្រាប់ផង ព្រោះតែខ្ញុំស្រលាញ់ប្តីពេក មិនចង់ឲ្យពួកគាត់មានរឿង ដឹងហើយថាបើប្តីនិងឪពុកម្តាយយើង ឈ្លោះគ្នាអ្នកដែលពិបាកគឺយើង គាត់យកម្នាក់ស្រីណឹងទៅក្បាលឆាយ មិនមែនម្តងទេ……..” ។

នៅក្នុងសារនោះ អ្នកនាងបានរៀបរាប់ទៀតថា “ មានថ្ងៃមួយដែលខ្ញុំឈឺចាប់ គឺនៅពេលដែលខ្ញុំទៅថតរឿងនៅទីនោះ (ក្បាលឆាយ) មានបងប្អូនប្រជាពលរដ្ឋច្រើន បានប្រាប់ខ្ញុំពីទង្វើស្មោគគ្រោគរបស់គាត់ …ពេលនោះបេះដូងខ្ញុំស្ទើរ តែស្រក់ឈាមទៅហើយ …” ។

តាមរយៈការសម្រេចចិត្តទម្លាយអាថ៌កំបាំង ឈឺចាប់ដែលខំលាក់ទុកជាច្រើនឆ្នាំ របស់តារាសម្តែងរាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរបញ្ជាក់ឲ្យឃើញ ពីអារម្មណ៍មនុស្សម្នាក់ ដែលរស់នៅជាមួយភាពឈឺចាប់ ដោយសារតែការស្រលាញ់ប្តីខ្លាំង សុខចិត្តទ្រាំរស់ទាំងឈឺចាប់ ។ ហើយជាលទ្ធផលចំណងស្នេហាមួយនេះ ក៏បានប្រះស្រាំរហូតឈាន ទៅដល់ការលែងលះគ្នា តាមផ្លូវច្បាប់ កាលពីឆ្នាំ២០១៣កន្លងទៅនេះ មូលហេតុដោយសារតែរស់នៅមិនចុះសម្រុងគ្នា ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Star News Chorn Chanlakena